
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រាប់ឲ្យស្ថាប័នគយទាំងអស់ចាត់វិធានការតាមដានទប់ស្កាត់ការលួចនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រករបៀងក្នុងភូមិសាស្ត្រដែលស្ថាប័នគ្រប់គ្រង។
នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែឧសភា អគ្គនាយកដ្ឋានគយ បានប្រាប់ឲ្យស្ថាប័នគយធ្វើការដកយកសំណាកផ្លែទុរេនគំរូនៅតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីធ្វើការវិភាគដែលធ្វើឡើងដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។
អគ្គនាយកដ្ឋនគយបន្តថា៖ «ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ ខូចគុណភាព ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពីអគ្គនាយកដ្ឋានគយ»។
វិធានការនេះធ្វើឡើងស្របពេលមានការបារម្ភថា ទុរេនស្រស់ ឬ ត្រីសាច់បន្លែផ្សេងៗដែលនាំចូលពីប្រទេសជិតខាង អាចត្រូវបានប្រើប្រាស់សារធាតុគីមី ដូចជាក្នុងករណីធ្វើឲ្យផ្លែឈើឬបន្លែនៅស្រល់បានយូរ ឬ ឆាប់ទុក។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាជ្ញាធរវៀតណាមនៅខេត្ត Dak Lak ដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តមណ្ឌលគិរីរបស់កម្ពុជា បានបង្ក្រាកករណីប្រើប្រាស់សារធាតុគីមី ដែលធ្វើឲ្យផ្លែទុរេនឆាប់ទុំ ដែលសារធាតុគីមីនោះ មានតម្លៃរហូតដល់ទៅជិត ៤លានដុល្លារ។ អាជ្ញាធរបានចោទប្រកាន់មនុស្ស ២នាក់ ដែលរងការចោទប្រកាន់ថា បាននាំសារធាតុគីមីដើម្បីបន្ទុំទុរេន ពីប្រទេសថៃ៕