ប្ដីប្រពន្ធពីខេត្តបន្ទាយមានជ័យ គឺជាជនរងគ្រោះពីកម្ពុជាចុងក្រោយ ដែលត្រូវបានរកឃើញស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ ជនរងគ្រោះជាប្តីមានឈ្មោះថា សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងពីការរកឃើញនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។

លោកបន្តថា៖ «ក្រៅពីការជួយសម្រួលរៀបចំឯកសារដើម្បយយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ការបន្តតាមដានលើសំណងចំពោះគ្រួសារសព ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ដើម្បីជួយដល់បងប្អូនរងគ្រោះក្នុងនាមអាណាព្យាបាល»។

គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៤រូបបានស្លាប់ ខណៈពលរដ្ឋចំនួន២រូបផ្សេងទៀត បានរងរបួស។ 

លោក ស៊ុន មេសា លើកឡើងថា ប្រមុខដឹកនាំកម្ពុជា គឺលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ណាស់ចំពោះគ្រោះរញ្ជួយដីដែលកើតនៅប្រទេសថៃ ហើយក្រុមការងារអនុព័ន្ធការងាររបស់ក្រសួងបានទៅដល់ទីតាំង និងបន្តតាមដានឥតដាច់ ព្រមទាំងបន្តសម្របសម្រួលផ្សេងៗដូចជាឯកសារ និងតម្រូវការចាំបាច់ផ្សេងៗសម្រាប់ជួយពលក៕