ដោយ​ត្រូវបាន​រក​ឃើញ​​​ជា​លើកដំបូង​នៅក្នុង​ខែសីហា ឆ្នាំ ២០២៣​ ជំងឺកូវីដ​-១៩ វ៉ា​រ្យ៉​ង់ JN.1 បាន​ក្លាយជា​ប្រភេទវីរុស​ត្រូវ​បាន​ចាប់​អារម្មណ៍​​​ទូទាំង​ពិភពលោក​ ជាពិសេស​​ការយកចិត្តទុកដាក់​​ពី​មន្ត្រី​សុខាភិបាល​សាធារណៈ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព និង​សាធារណជន​។​

​ប្រភពដើម និង​ការរីក​រាលដាល​នៃ​ប្រេ​វ៉ាឡង់​

វ៉ា​រ្យ៉​ង់ JN.1 ​ជា​កូនចៅ​ខ្សែ​ស្រឡាយ​របស់​ Omicron subvariant BA.2.86 «គឺជា​វ៉ា​រ្យ៉​ង់ SARS-CoV-2 រីក​រាលដាលខ្លាំង​​បំផុត​នៅ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ដើមឆ្នាំ ២០២៤​ ដែល​មាន​ប្រមាណ​ ៩៣,៧% នៃ​ការ​ឆ្លង​សកលលោក»។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ខែមេសា ឆ្នាំ ២០២៤​។​

​វា​បានវាយ​លុក​​នៅ​ទូទាំង​តំបន់​សំខាន់ៗ​របស់ WHO រួមទាំង​ ប៉ាស៊ីហ្វិក​ខាងលិច អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​អាមេរិក​។​

ការឆ្លង ​និង​រោគសញ្ញា​

​វ៉ា​រ្យ៉​ង់ JN.1 ​មានលទ្ធផល​ចម្លង​យ៉ាង​រហ័សបំផុត ដូចដែល​បាន​រៀបរាប់​លម្អិត​នៅក្នុង វឌ្ឍនភាព​នៃ​ការព្យាបាល​ក្នុង​ជំងឺឆ្លង (​ខែមករា ឆ្នាំ ២០២៥​)

របាយការណ៍​បាន​បង្ហាញថា​៖ «​JN.1 រីក​រាលដាល​លឿន​ជាង​វ៉ា​រ្យ៉​ង់​មុនៗ ជាពិសេស​នៅក្នុង​អាកាសធាតុ​ត្រជាក់ និង​ស្ងួត ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់ និង​ឆ្លងកាត់»​។​

មនុស្ស​ដែល​ឆ្លង​មេរោគ JN.1 ជាទូទៅ​បង្ហាញ​រោគសញ្ញា​ធម្មតា​នៃជំងឺ​កូវីដ​-១៩​ ដូចជា ឈឺបំពង់ក ក្តៅខ្លួន ក្អក​ស្ងួត ចង្អោរ ក្អួត និង​អស់កម្លាំង​សាច់ដុំ​។​

ការ​គេច​ចេញពី​ភាពស៊ាំ និង​ការផ្លាស់ប្តូរ​

កត្តា​សំខាន់​នៅ​ពីក្រោយ​ការ​ពីព្រួយ​បារម្ភ​ចំពោះ​ JN.1 គឺ​ការផ្លាស់ប្តូរ​ប្រូតេអ៊ីន​កើនឡើង​ដែល​ហៅថា L455S ដែល «ជួយ​ឱ្យ​វា​ឆ្លង​មនុស្ស​កាន់​តែមាន​ប្រសិទ្ធភាព និង​គេច​ចេញពី​អង្គ​ប​ដិ​ប្រាណ​កាន់តែ​ប្រសើរឡើង» តាម​របាយការណ៍​ខែមករា ឆ្នាំ ២០២៥​​។​

អង្គការ WHO ពិពណ៌នា​អំពី​ការ​គេច​ចេញពី​ភាពស៊ាំ​របស់​វា​ថា​ជា​កម្រិត​មធ្យម ដោយ​កត់សម្គាល់ថា «​វា​អាច​គេច​ចេញពី​ការ​បន្សាប​អង្គ​ប​ដិ​ប្រាណ​បានល្អ​ជាង​ប្រភេទ​រង Omicron មួយចំនួន​ផ្សេងទៀត​ដូចជា EG.5 ឬ XBB.1.5»​។​

​វ៉ា​រ្យ៉​ង់ JN.1 ​នៃ SARS-CoV-2 បម្រែបម្រួល​ខ្លួន​​​​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​នៃ​​ភាពស៊ាំ​។ ទោះបីជា​អ្នក​ធ្លាប់បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់កើត​កូវីដ​-១៩​ ពីមុន​ក៏ដោយ វ៉ា​រ្យ៉​ង់នេះ​នៅតែ​ជ្រៀត​ចូល​ខ្លួន​អ្នក​បង្ក​ជា​ជំងឺ​ឡើង​វិញ។

ការសិក្សា​បង្ហាញថា ​ជា​សំណាងល្អ វ៉ាក់សាំង ជាពិសេសឱសថ​ប្រឆាំង​មួយចំនួន ​ដែល​ត្រូវ​បានធ្វើ​បច្ចុប្បន្នភាព ​ដូចជា XBB.1.5 នៅតែ​ជួយគ្រប់គ្រង​​រោគសញ្ញា និង​ជំងឺ​ធ្ងន់ធ្ងរ​​។ 

ដូច្នេះ ការ​គេច​ចេញពី​ភាពស៊ាំ​គឺ​មេរោគ​ដែល​បត់បែន​ដោយ​ការកែប្រែ​ប្រូតេអ៊ីន​លើ​ផ្ទៃ​របស់​វា ដើម្បី​ចៀសវាង​ការចាប់​បាន​ដោយ​ក្រុម​ភាពស៊ាំ ដែល​ធ្វើឱ្យ​វា​កាន់តែ​រអិល ប៉ុន្តែ​មិនទាន់​អាច​យកឈ្នះ​បាន​ទាំងស្រុង​នៅឡើយ​ទេ​។​

ភាព​ធ្ងន់ធ្ងរ និង​ផលប៉ះពាល់​លើ​ក្រុម​ងាយ​រងគ្រោះ​

ទោះបីជា​មានការ​រីក​រា​ល​ដាល​យ៉ាង​ឆាប់រហ័ស​ក៏ដោយ «​មិនមាន​ភស្តុតាង​ដែលថា JN.1 បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ខ្សែ​ស្រឡាយ​មុនៗនោះ​​ទេ» នេះ​បើ​យោងតាម WHO​។​

ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​វ័យ​ចំណាស់ បុគ្គល​ដែលមាន​ជំងឺ​ធាត់ និង​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ នៅតែមាន​ហានិភ័យ​ខ្ពស់​នៃ​ផលវិបាក​ពី​ការឆ្លង​។​

វ៉ាក់សាំង និង​ប្រសិទ្ធភាព​ព្យាបាល​

WHO បញ្ជាក់ថា​៖ «​ខណៈពេលដែល​ការ​គេច​ចេញពី​ភាពស៊ាំ​របស់ JN.1 កាត់បន្ថយ​ប្រសិទ្ធភាព​ការពារ​នៃ​វ៉ាក់សាំង ​បច្ចុប្បន្ន ​​វ៉ាក់សាំង​ការពារមួយចំនួន រួមមាន​ XBB.1.5 នៅតែអាច​​ផ្តល់​ការការពារ​​​ប្រឆាំងនឹង​រោគសញ្ញា និង​ជំងឺ​ធ្ងន់ធ្ងរ​ពី JN.1»​។​

ការព្យាបាល​ដោយ​អង្គ​ប​ដិ​ប្រាណ Monoclonal ដូចជា Sotrovimab បាន​កាត់បន្ថយ​ប្រសិទ្ធភាព​ប្រឆាំងនឹង JN.1 ប៉ុន្តែ​ថ្នាំ​ប្រឆាំង​មេរោគ ​ដូចជា Nirmatrelvir (Paxlovid), Remdesivir និង Molnupiravir នៅតែ​ជា​ជម្រើស​នៃ​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​។​

វិធានការ​តាមដាន និង​សុខភាព​សាធារណៈ​ដែល​កំពុង​បន្ត​

​ដើម្បី​តាមដាន និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​​របស់ JN.1 អាជ្ញាធរ​សុខាភិបាល​ពឹង​ផ្អែកលើ «ការ​តាមដាន​បម្រែបម្រួល ការ​ត្រួតពិនិត្យ​សុខភាព​សាធារណៈតាម​រយៈការតាមដាន​ប្រព័ន្ធ​ទឹក​សំណល់​​ ការត្រួតពិនិត្យ​អ្នកដំណើរ និង​ឧបករណ៍​ឌីជីថល ដើម្បី​រកមើល​ថា ​តើ​វា​រីក​រាលដាល​លឿនប៉ុនណា​ និង​ថា​តើ​​​លេចឡើង​វ៉ា​រ្យ៉​ង់ថ្មី​ឬ​អត់​។​

WHO គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការរក្សា​វិធានការ​បង្ការ និង​ការធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​តាម​នោះ ដោយ​សង្កត់ធ្ងន់ថា៖ «​កូវីដ​-១៩ នៅតែ​វិវត្តន៍ខ្លួន​ មានន័យថា ​យើង​ត្រូវ​បន្តធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង ប្រើប្រាស់​ការព្យាបាល​ប្រកបដោយ​ភាព​ឆ្លាត​វៃ និងការពារ​ខ្លួន​ពីការ​ឆ្លង​ជំងឺ​»៕