
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងត្រូវបិទនៅខែកក្កដា ២០២៥។ Vinci
ភាពស្រពិចស្រពិលលើជោគវាសនាអនាគតរបស់ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានជម្រះហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រូបលោក ក៏ដូចជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនដែលមានគម្រោងលក់ព្រលានយន្តហោះនេះទៅឲ្យក្រុមហ៊ុនឯកជនទេ គឺទុកជាសម្បត្តិរដ្ឋ និងជាប្រយោជន៍របស់ប្រជាជន។
ថ្លែងក្នុងពិធីរំឭកខួប ៨០ឆ្នាំនៃការបង្កើតកងកម្លាំងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ឧសភានេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលពលរដ្ឋខ្មែរទូទៅស្គាល់ឈ្មោះព្រលានយន្តហោះពោធិ៍ចិនតុង នឹងមិនមានការលក់ដូរនោះទេ ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនឹងគ្រប់គ្រងលើព្រលាននេះទៅថ្ងៃអនាគត។
លោកថា ការរក្សាទុកទីតាំងនេះ ព្រោះវាមានតម្លៃប្រវត្តិសាស្ត្រ ហើយវាផ្ដល់ផលប្រយោជន៍សាធារណៈជាពិសេសអ្នករាជធានីភ្នំពេញ។ លោកក៏បញ្ជាក់ដែរថា ក្រោយពេលប្រតិបត្តិការហោះហើរនានាត្រូវផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខែកក្កដានេះ ទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នេះនឹងត្រូវគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ដោយចីរភាព ទៅតាមរូបមន្តឬទម្រង់ណាមួយ ដោយធានារក្សាកម្មសិទ្ធិស្របច្បាប់របស់រដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់នៅថ្ងៃទី១៦ ខែឧសភា ថា ព្រលានយន្តហោះនេះនឹងមិនលក់ឲ្យឯកជនទេ។ STPM
យោងតាមសៀវភៅ «នរោត្តម សីហនុ៖ សង្គមរាស្ត្រនិយម ការអភិវឌ្ឍទូទៅនៅទសវត្សរ៍១៩៦០» បោះពុម្ពផ្សាយឆ្នាំ១៩៩១ អាកាសចរណ៍ស៊ីវិលកម្ពុជាចាប់កំណើតនៅឆ្នាំ១៩៥៤ មួយឆ្នាំក្រោយពេលកម្ពុជាទទួលឯករាជ្យពីបារាំង។ ពេលនោះមានព្រលានយន្តហោះតែ២ទេ គឺព្រលានយន្តហោះពោធិ៍ចិនតុង នៅព្រលានយន្តហោះខេត្តសៀមរាប។
យោងតាមសៀវភៅដដែលនេះ នៅឆ្នាំ១៩៥៦ ក្រុមហ៊ុន Royal Air Cambodge ក៏ចាប់កំណើតឡើងហើយក៏ដំណើរការហោះហើរទាំងនៅភ្នំពេញនិងសៀមរាប។ ដំបូងឡើយ ព្រលានយន្តហោះពោធិ៍ចិនតុងមានផ្លូវរត់ចាក់បេតុងប្រវែង ១៨០០មែត្រ មុនពេលត្រូវបានពង្រីកជាបន្តបន្ទាប់ដល់ ៣០០០ម៉ែត្រ។ នៅឆ្នាំ១៩៦១ យន្តហោះ Boeing និងប្រភេទយន្តហោះធំៗផ្សេងទៀតចាប់ផ្ដើមចុះចតនៅព្រលាននេះ។
យោងតាមឯកសារពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះនេះត្រូវបានសាងសង់ឲ្យទៅជាកម្រិតអន្តរជាតិ ដោយចាប់ផ្ដើមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៦ ហើយរួចរាល់ដាក់ដំណើរកានៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥៩។ ព្រលានយន្តហោះនេះកសាងក្នុងថវិកា ១៣៤,៤លានរៀលនៅសម័យនោះ ដែលក្នុងនោះមានទាំងថវិកាពីភាគីបារាំង ថវិការដ្ឋាភិបាល និងថវិកាបដិភាគ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមចាប់ពីថ្ងៃ១៧ មេសា ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្ត ហោះពោធិ៍ចិនតុង ត្រូវកម្រិតជើងហោះហើរ ដោយមានតែជើងហោះហើរពីទីក្រុងប៉េកាំង និងព្យុងយ៉ាង ប៉ុណ្ណោះ ដែលការហោះហើយទាំងនោះគឺសម្រាប់ដឹកជញ្ជូនយោធា និងជំនួយមនុស្សធម៌។
អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។

ព្រលានយន្តហោះពោធិ៍ចិនតុងនៅសម័យខ្មែរក្រហម។ DC-Cam
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ថ្លែងថា ព្រលានយន្តហោះដែលមានអាយុកាលជាង ៧០ឆ្នាំនេះគឺជាសមិទ្ធផលរបស់សម័យសង្គមរាស្ត្រនិយម និងជាបេតិកភណ្ឌជាតិ។ វាបានឆ្លងកាត់សម័យកាលជាច្រើន តាំងពីសង្គ្រាម សន្តិភាព អំពើប្រល័យពូជសាសន៍ ពោលគឺទាំងជំនាន់វឹកវរ និងជំនាន់រីកចម្រើនរបស់កម្ពុជា។
លោកលើកឡើងថា៖ «ព្រលានយន្តហោះនេះគឺជាភស្តុតាងមួយដែលគួរតែទុកជាទ្រព្យសម្បត្តិរបស់ជាតិ ហើយគួរតែមានផ្នែកណាមួយនៃទីនេះ មានការតាំងពិព័រណ៍នៃប្រវត្តិព្រលានយន្តហោះមួយនេះដែលជានិមិត្តរូបនៃការរើបម្រះពីរបបអាណានិគម ពីអំពើប្រល័យពូជសាសន៍ និងបង្ហាញពីការរស់ឡើងវិញនៃប្រទេសកម្ពុជារបស់យើង»។
លោកបន្តថា៖ «ជាមនោសញ្ចេតនា ទីនេះ ខ្មែររាប់លាននាក់បានឆ្លងកាត់ បានស្គាល់ ទោះបីមានការប្រែប្រួលរូបភាពមួយចំនួន ក៏ដូចជាឈ្មោះក៏ដោយ ក៏ប៉ុន្តែយើងនៅតែហៅទីនេះថា ព្រលានយន្តហោះពោធិ៍ចិនតុងមកទល់សព្វថ្ងៃនេះ»។
លោក ឆាំង យុក បន្តថា សមិទ្ធផលបែបនេះមានប្រយោជន៍កាន់តែខ្លាំងនៅពេលប្រទេសកម្ពុជាកាន់តែជឿនលឿនទៅមុខ ហើយវាគឺជាសក្ខីកម្ម និងជាអ្វីដែលយុវជនជំនាន់ក្រោយត្រូវការដើម្បីសបញ្ជាក់ពីការរស់ឡើងវិញរបស់កម្ពុជា។
លោកលើកទឹកចិត្តឲ្យមានការរៀបចំតាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍នៅព្រលានយន្តហោះនេះ ដោយមានទាំងឯកសារដែលអាចរកបាន និងសក្ខីកម្មពីសាក្សីដែលបានដឹងពីប្រវត្តិព្រលានយន្តហោះនេះនៅរស់រានមានជីវិត។ ការរក្សាប្រវត្តិសាស្ត្រព្រលានយន្តហោះនេះគឺជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិ ដែលបន្តធ្វើដំណើរឆ្លងកាត់ទីនេះនាពេលបច្ចុប្បន្ន និងទៅអនាគត។

រូបភាពពីលើអាកាសនៃព្រលានយន្តហោះពោធិ៍ចិនតុង។ FN
លោកបន្តថា៖ «បច្ចុប្បន្ននេះ ចាស់ៗដែលធ្លាប់ធ្វើការនៅទីនោះក៏នៅរស់ អ្នកឆ្លងកាត់ទីនោះក៏នៅរស់ ទាំងសមាជិកខ្មែរក្រហមនៅរស់។ អីចឹង បើយើងមានសាច់រឿងអ្នកទាំងអស់នោះដាក់តាំងតាមជញ្ជាំងគឺល្អតែម្ដង។ បើយើងចាំបន្តិចទៀត គាត់អាចស្លាប់អស់ ហើយយើងមិនដឹងទៅសម្ភាសអ្នកណា ព្រោះសាក្សីរសមានសារៈសំខាន់ណាស់»។
តាមផែនការរបស់រដ្ឋាភិបាល ព្រលានយន្តហោះនេះនឹងលែងមានយន្តហោះចុះចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ដោយការហោះហើរទាំងអស់នឹងផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនៅឆ្ងាយពីទីតាំងនេះប្រមាណ ៣៥គីឡូម៉ែត្រ៕