ទោះ​បី​ជា​មាន​ការ​កែប្រែ​ឈ្មោះ​ជា​ច្រើន​លើក «ទិវាជាតិនៃការចងចាំ» ២០ ខែ​ឧសភា គឺ​ជា​ទិវា​ចងចាំ​ការ​ឈឺចាប់​ពី​របប​ខ្មែរ​ក្រហម​ និង​ការ​​ប្ដេជ្ញា​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​មិន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។​ ទាំង​នាយក​រដ្ឋមន្ត្រី និង អ្នក​ស្រាវជ្រាវ​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែច្រើន​អំពី​របប​ខ្មែរ​ក្រហម។​

ថ្ងៃ​២០ ឧសភា​ កាល​ពី​៥២​ឆ្នាំ​មុន (១៩៧៣) គឺ​ជា​ថ្ងៃ​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​បង្កើត​សហករណ៍ ប្រមូល​ផ្ដុំ​ប្រជាជន​បង្កើត​​ជា​ក្រុម​សាមគ្គី និង​លុប​បំបាត់​កម្មសិទ្ធិ​ឯក​ជន នៅ​តាម​តំបន់​ដែល​ពួក​គេ​បាន​រំដោះ។​ គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មី​ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ១៩៧៦ មួយ​ឆ្នាំ​ក្រោយ​ពេល​ពួក​គេ​បាន​កាន់​កាប់​អំណាច​នៅ​ក្រោយ​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។

លោក សោម ប៊ុនថន អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នៅ​​មជ្ឈមណ្ដល​ឯកសារ​កម្ពុជា និង​ជា​និពន្ធនាយក​ទស្សនាវដ្ដី​ស្វែង​រក​កាពិត បាន​ថ្លែង​ថា៖ «ថ្ងៃនេះគឺជាថ្ងៃដែលដីស្រែ ចម្ការ ទ្រពសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជាត្រូវបានរួមបញ្ចូលគ្នាបង្កើតជាសហករណ៍ ហើយក្រោយមកប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរនៅតាមការដ្ឋាន បណ្តាលឱ្យបាក់កម្លាំង ជួបប្រទះភាពអត់ឃ្លាន ការចោទប្រកាន់ និងការសម្រិតសម្រាំងដើម្បីយកទៅសម្លាប់។ ២០ ឧសភា ធ្លាប់ត្រូវបានចាត់ទុកថាគឺជាថ្ងៃចាប់ផ្តើមកើតឡើងនូវអំពើប្រល័យពូជសាសន៍យ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម»។

លោក​ ប៊ុនថន បញ្ជាក់​ថា ទិវាជាតិ​នៃ​ការ​ចងចាំ​នេះ ដំបូង​ឡើយ​ប្រារព្ធ​នៅ​ឆ្នាំ​១៩៨៤ ដោយ​មាន​ឈ្មោះ​ថា «ទិវា​ចង​កំហឹង» ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​«ទិវា​រំឭក​វិញ្ញណក្ខន្ធ»។ នៅ​ឆ្នាំ​២០១៣ ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កំណត់​យក​ឈ្មោះ​ «ទិវា​ជាតិ​នៃ​ការ​ចងចាំ» តាម​ការ​ស្នើ​សុំ​របស់​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។​

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​លិខិត​សម្រាប់​ទិវា​នេះ ថ្លែង​ថា នៅ​ឆ្នាំ​១៩៧៤ ក្រុម​មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ និង​អំពើ​ឃោរឃៅ ផ្សេង​ទៀត។ ​របប​ខ្មែរ​ក្រហម​ដួល​រលំ​នៅ​ថ្ងៃ​៧ មករា ១៩៧៩​ មនុស្ស​ជាង ១,៧​លាន​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​របប​នេះ។

លោក​បន្ត​ថា៖ «ទោះពេលនេះ រឿងរ៉ាវសោកនាដកម្ម ទាំងនេះបានកន្លងផុតទៅ ហើយប្រជាជនកម្ពុជាបាននិងកំពុងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និង ពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យក៏ដោយក្តី ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវបណ្តែតបណ្តោយឬបំភ្លេច អតីតកាលដ៏ជូរចត់នេះឡើយ។ យើងត្រូវរំឭកនិងចងចាំជានិច្ច និងរៀបចំការពិភាក្សានានា ដើម្បីស្វែងយល់ ផ្សព្វផ្សាយ និងរួមគ្នាបង្ការនិងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃបែបនេះ រួមទាំងសង្គ្រាម កុំឱ្យកើតមានឡើងសាជាថ្មី នៅលើទឹកដីកម្ពុជាដ៏បវររបស់យើង»។

បើ​តាម​លោក ប៊ុន​ថន ការផ្លាស់ប្តូរទិវា២០ ឧសភា នៅពេលនេះគឺមិនមែនផ្លាស់ប្តូរប្រវត្តិសាស្រ្តរបបខ្មែរក្រហមនោះទេ ប៉ុន្តែជាផ្នែកមួយនៃផ្តល់សំណងជំងឺចិត្ត ផ្តល់យុត្តិធម៌ និងជាដំណើរការនៃការផ្សះផ្សាក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រោយ​ពេល​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​បញ្ចប់​ទៅ។ លោក​​ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្នមានអ្នក​រស់​រាន​មាន​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ប្រមាណ៥លាននាក់។

លោក​បន្ត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​របប​នេះ​កុំ​ឲ្យ​ត្រឡប់​មក​វិញ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ផ្សព្វផ្សាយ និង​បោះ​ពុម្ព​សៀវភៅ​ជាច្រើន​ម៉ឺន​ក្បាល​ដើម្បី​សិក្សា​អំពី​របប​នេះ បណ្ដុះ​បណ្ដាល​គ្រូ និង​សិស្ស និង​សាធារណៈ​ដើម្បីលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាលើទូទាំងពិភពលោក៕