ភ្នំពេញ៖ ខណៈ​​អង្គការ​សុខភាព​ពិភពលោក (WHO) រាយការណ៍​ពី​វឌ្ឍន​ភាពជា​សកល​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ របាយការណ៍​សៀវភៅ​ស​​ និង​ទិន្នន័យ​ជាតិ​​​បង្ហាញ​ពីនិន្នាការ​កើនឡើង​ ជាពិសេស​ក្នុងចំណោម​យុវជន​​​កម្ពុជា​។​

យោងតាម​ស្ថិតិ​សុខភាព​ពិភពលោក​ឆ្នាំ ២០២៥ ដែល​ចេញផ្សាយ​ដោយ WHO កាលពី​សប្តាហ៍​មុន ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​សកល​កំពុងមាន​និន្នាការ​ធ្លាក់ចុះ​។

​របាយការណ៍​នេះ​បានកត់សម្គាល់​ដោយ​លើកឡើង​ពី​សកម្មភាព​គោលនយោបាយ និង​ការយល់ដឹង​ដែល​ប្រសើរឡើង​នៅក្នុង​តំបន់​មួយចំនួន​នៃ​ពិភពលោក​។​

ការកាត់បន្ថយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ទូលំទូលាយ​មួយ​ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) ដែល​អំពាវនាវ​ឱ្យមាន​ការគ្រប់គ្រង​កាន់តែខ្លាំង​នៃ​ជំងឺមិនឆ្លង (NCDs) និង​កត្តា​ហានិភ័យ​ដែល​ពាក់ព័ន្ធ​​។​

ការប្រើប្រាស់​គ្រឿង​ស្រវឹង​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ដល់​បន្ទុក​ជាស​កល​នៃ​ជំងឺ ផ្សារភ្ជាប់​ទៅនឹង​ជំងឺថ្លើម ​​សរសៃឈាម​បេះដូង និង​ជំងឺមហារីក​ជាច្រើន​។​

និន្នាការ​នេះ​ឆ្លុះបញ្ចាំង​ពី​អន្តរាគមន៍​គោលនយោបាយ យុទ្ធនាការ​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ និង​ការផ្លាស់ប្តូរ​អាកប្បកិរិយា​សង្គម​នៅក្នុង​ប្រជាសាស្ត្រ​មួយចំនួន​។​

នៅក្នុង​បរិបទ​នៃ​យុទ្ធសាស្ត្រ «​បី​ពាន់​លាន» របស់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធផល​សុខភាព​នៅ​ឆ្នាំ ២០២៥​ ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​មួយចំនួន​ដែលបាន​កំណត់​​។​

គោលដៅ​ផ្សេងទៀត រួមទាំង​ការពង្រីក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការការពារ​ពី​ភាពអាសន្ន​ផ្នែក​សុខភាព នៅតែ​នៅ​ពីក្រោយ​គោលដៅ​យ៉ាងសំខាន់​។​

ទីភ្នាក់ងារ​សុខភាព​នេះ​ព្រមាន​ថា ខណៈពេលដែល​វឌ្ឍនភាព​លើ​ការកាត់បន្ថយ​គ្រឿង​ស្រវឹង​គឺ​គួរឱ្យកត់សម្គាល់ វា​ត្រូវតែ​ត្រូវបាន​រក្សា និង​ពង្រីក ប្រសិនបើ​សហគមន៍​ពិភពលោក​ត្រូវបំពេញ​តាម​ការប្តេជ្ញាចិត្ត​ផ្នែក​សុខភាព​នៅ​ឆ្នាំ ២០៣០​​។​

របាយការណ៍​នេះ​បាន​ជំរុញ​ថា​៖ «​ការការពារ​ការ​ចំណេញ​ដែល​បានធ្វើ​ទៅកាន់​គោលដៅ​បី​ពាន់​លាន​នៅតែមាន​សារៈសំខាន់​បំផុត​»​។

ទោះជា​យ៉ាងណា​នៅ​ប្រទេស​កម្ពុជា រូបភាព​នេះ​ខុសប្លែក​ពី​គេ​។​

​យុវជន​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​

របាយការណ៍​សៀវភៅ​ស ​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​គោលនយោបាយ​សាធារណៈ​អាស៊ីអាគ្នេយ៍ (SEAPPI) និង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ដែលមាន​ចំណងជើង​ថា «ការអភិវឌ្ឍន៍​ទេសភាព​គោលនយោបាយ​នៅ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដែល​បង្ក​គ្រោះថ្នាក់​» បង្ហាញថា ២៥,៨% នៃ​យុវជន​កម្ពុជា​ដែលមាន​អាយុ​ពី ១៥-១៩ ឆ្នាំ ទទួលទាន​គ្រឿង​ហួសប្រមាណ​ ជា​តួលេខ​លើសពី​ប្រទេស​​ថៃដែល​មាន​កម្រិត​ (២១,៦​%) និង​ក្រោម​ប្រទេស​វៀតណាម (៣០,៩%)។

កម្រិត​នៃ​ការប្រើប្រាស់គ្រឿង​ស្រវឹង​​ក្នុងចំណោម​មនុស្ស​វ័យ​ជំទង់​នេះ​កំពុង​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​គម្លាត​បទ​ប្បញ្ញត្តិ​ដ៏​សំខាន់​មួយ​៖ ​កម្ពុជា​គឺជា​ប្រទេស​តែមួយគត់​ក្នុង​ទ្វីបអាស៊ី​ដែល​មិនកំណត់​​អាយុអ្នក​​ទិញគ្រឿង​ស្រវឹង​​ស្របច្បាប់​អប្បបរមា (MLPA)​។​

សេដ្ឋកិច្ច​រីកចម្រើន សុខភាព​ធ្លាក់ចុះ​?

ឧស្សាហកម្ម​គ្រឿង​ស្រវឹង​របស់​ប្រទេស​កម្ពុជា ជាពិសេស​ស្រា​បៀរ​កំពុងមាន​សន្ទុះ​។ មានតម្លៃ ១,១​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤​ វា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ទ្វេដង​ដល់ ២,២​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣២​​។​

ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​គ្រប់គ្រង​ទីផ្សារ​ដោយ​ផលិត ៩៨% នៃ​ស្រា​បៀរ​ចំនួន ១,១​ ពាន់​លាន​លីត្រ​ដែល​ប្រើប្រាស់​ជា​រៀងរាល់ឆ្នាំ​។ យោងតាម​ក្រុមហ៊ុន Kirin Holdings បានឱ្យដឹងថា ការប្រើប្រាស់​ស្រា​បៀរ​ក្នុង​មនុស្ស​ម្នាក់​ឥឡូវនេះ​មាន​ចំនួន ៧២,២​ លីត្រ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ​។​

ប៉ុន្តែ​កំណើន​នេះ​មក​ជាមួយនឹង​តម្លៃ​សុខភាព និង​សង្គម​ធ្ងន់ធ្ងរ​។ រដ្ឋលេខាធិការ លោកស្រី ឱ វណ្ណឌីន​ បានកត់សម្គាល់​ក្នុង​កម្មវិធី​តុមូល​សុខភាព​កាលពេល​កន្លង​មក​ថា៖ «​​មនុស្ស​ម្នាក់​ចំណាយ ៤៨៦​ ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​គ្រឿង​ស្រវឹង​​។ ​​សម្រាប់​មនុស្ស​បួន​លាន​នាក់​​​អាយុចាប់​ពី ១៥​ឆ្នាំ​ នោះ​មាន​ចំនួន​ជិត ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​»។​

លោកស្រី​​បាន​ព្រមាន​អំពី​ការកើនឡើង​នៃ​ជំងឺមិនឆ្លង (NCDs) ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង រួមទាំង​ជំងឺ​ក្រិន​ថ្លើម ការ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​ឥឡូវនេះ​បានធ្វើឱ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​រួមគ្នា​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

គ្រឿង​ស្រវឹង​គ្មានទេ​កម្រិត​​សុវត្ថិភាព​​

លោកស្រី​ វណ្ណឌីន​​ បញ្ជាក់ថា​៖ «​គ្មាន​កម្រិត​សុវត្ថិភាព​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ទេ ហើយ​វា​ប៉ពាល់​សុខភាព​តាំងពី​កែវ​ដំបូង ព្រោះ​វា​មាន​ផ្ទុក​អេតាណុល​​​។ ​​វាធ្វើ​ឱ្យ​​ញៀន ពុល និង​បង្កើន​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ មិន​ឆ្លង​ និង​គ្រោះថ្នាក់​ចរាចរណ៍​»​។

ទិន្នន័យ​ពី​ការសិក្សា​ហានិភ័យនៃ​ជំងឺ​មិនឆ្លង​ ឆ្នាំ ២០២៣​ បង្ហាញថា ៣០,៦​% នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​អាយុ​ពី ១៥ ទៅ ១៨ ឆ្នាំ​។​

គួរឱ្យភ្ញាក់ផ្អើល ពាក់កណ្តាល​នៃ​យុវជន​ទាំងអស់​ដែល​ទទួលទានគ្រឿង​ស្រវឹង​​កាលពី​ខែ​មុន​បាន​រាយការណ៍​ថា​ស្រវឹង​យ៉ាងហោចណាស់​ម្តង​។​

​អំពាវនាវ​ឱ្យមាន​វិធានការ​បន្ទាន់​

​របាយការណ៍​សៀវភៅស ​ដែល​ចេញ​ដោយ SEAPPI និង AVI អំពាវនាវ​ឱ្យមាន​សកម្មភាពជាបន្ទាន់​ និង​ជា​យុទ្ធសាស្ត្រ រួមមានៈ​

•        កំណត់​អាយុអ្នក​​ទិញគ្រឿង​ស្រវឹង​​ស្របច្បាប់​អប្បបរមា​នៃ ១៨ ឆ្នាំ​

•        បង្កើត​គោលការណ៍​ណែនាំ​ជាតិ​ស្ដីពី​គ្រឿង​ស្រវឹង​​

•        ការពង្រឹង​ការអនុវត្ត​បទ​ប្បញ្ញត្តិ​នៃ​ការផ្សាយពាណិជ្ជកម្ម​​​

•        ចាប់ផ្តើម​យុទ្ធនា​ការអប់រំ​សាធារណៈ​ផ្តោតលើ​យុវជន​​

•        ការបង្កើត​ប្រព័ន្ធ​អាជ្ញាប័ណ្ណ​ដើម្បី​ត្រួតពិនិត្យ​ការលក់​គ្រឿង​ស្រវឹង និង​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​ខុសច្បាប់​។​

ទិន្នន័យ​អង្កេត​ក៏​បង្ហាញ​ពី​ការគាំទ្រ​ជា​សាធារណៈ​យ៉ាងខ្លាំង​សម្រាប់​កំណែទម្រង់​។ ការស្ទង់មតិ​ជាតិ​របស់​ប្រជាជន​កម្ពុ​ជាជាង ១៣០០ នាក់​បាន​រកឃើញថា ៩៤​% ពេញចិត្ត​ចំពោះ​គោលការណ៍​ណែនាំ​អំពី​ការផឹក​ច្បាស់លាស់​។​

លោក​ ឆេង គឹម​ឡុង នាយក​អង្គការ AVI បាន​ថ្លែងថា​៖ «​នេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​សុខភាព​ទេ វា​ជា​បញ្ហា​ប្រឈម​ក្នុងសង្គម និង​សេដ្ឋកិច្ច​​។ ​​កម្ពុជា​ត្រូវការ​ការបង្កើត​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង និង​កិច្ចសហប្រតិបត្តិការ​ឆ្លង​វិស័យ ដើម្បី​ស្តារ​ការខូចខាត​ឡើងវិញ​»​។​

ការពិត​ពីរ​

ខណៈដែល WHO ប្រារឰ​វឌ្ឍន​ភាពជា​សាកល​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ប្រទេស​កម្ពុជា​ឈរ​នៅ​ផ្លូវបំបែក​។​

ខណៈពេលដែល​ឧស្សាហកម្ម​ស្រា​បៀរ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ ការប្រើប្រាស់​ដែល​មិនបាន​ត្រួតពិនិត្យ ជាពិសេស​ក្នុងចំណោម​យុវវ័យ គំរាមកំហែង​បំផ្លាញ​ផលប្រយោជន៍​ទាំងនោះ តាមរយៈ​ផលវិបាក​រយៈពេល​វែង​នៃ​សុខភាព និង​សង្គម​។​

លោក Ed Ratcliffe នាយក​ប្រតិបត្តិ​នៃ SEAPPI បានថ្លែង​ថា៖ «​​ជាមួយនឹង​គោលនយោបាយ​ត្រឹមត្រូវ ការគាំទ្រ​សាធារណៈ និង​ការដឹកនាំ កម្ពុជា​អាចធ្វើឱ្យ​មាន​តុល្យភាព​នៃ​មហិច្ឆតា​សេដ្ឋកិច្ច​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាជន»៕