
ទីតាំងកើតហេតុនៃការធ្លាក់ពីលើអគារ២០ជាន់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ឧសភា។ CNC
ទោះបីជាករណីភាគច្រើនត្រូវបានអះអាងថាជារឿងអត្ថឃាតក៏ដោយ ការធ្លាក់ពីលើអគារ ដែលជនរងគ្រោះមានទាំងជនជាតិខ្មែរនិងជនជាតិចិន ត្រូវតែមានការស៊ើបអង្កេត ដោយ«មិនអាចបញ្ចប់ត្រឹមការដុតសពចោល» នោះទេ។ នេះជាការលើកឡើងរបស់អ្នកឃ្លាំមើលសង្គម។
ជាញឹកញាប់ ករណីមនុស្សស្លាប់ដោយហេតុផល «អត្តឃាត» ធ្លាក់ពីលើអគាខ្ពស់ៗកើតឡើងជាញឹកញាប់ ដែលក្នុងឆ្នាំ២០២៥នេះ កើតឡើងស្ទើររាល់ខែ។ ករណីចំនួន ២ ចុងក្រោយកើតឡើងរំលងពីគ្នាតែមួយថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី១៦ និង ទី១៨ ខែឧសភា នៅខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ករណីទី១ គឺនារីដែលគេស្គាល់ឈ្មោះថា សៀវ តី អាយុ២០ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន បានធ្លាក់ពីអគារកម្ពស់ ២០ជាន់ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។ បើតាម CNC នារីរងគ្រោះបានធ្លាក់ពីអគារជាន់ទី២០ មកលើរថយន្ត បន្ទាប់ពីសាក្សីនៅកន្លែងកើតហេតុបានឮសំឡេងឈ្លោះប្រកែកគ្នា។ សាកសពក៏ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យ។
ករណីទី២ គឺនារីខ្មែរម្នាក់ដែលគេស្គាល់ឈ្មោះថា សាត សុជាត អាយុ ២២ឆ្នាំ មកពីខេត្តតាកែវ បានធ្លាក់ពីលើអគារនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៨ ខែឧសភា។ ករណីនេះត្រូវបានសង្ស័យថាជាករណីអត្តឃាត ដោយសារតែជនរងគ្រោះបានរៀបរាប់ពីស្ថានភាពរបស់ខ្លួនដែលបានចាញ់ល្បែងអស់ប្រាក់ជាច្រើន និងជំពាក់លុយគេ ស្របពេលដែលប្រពន្ធដៃគូរបស់ខ្លួនដែលជាជនជាតិចិនបានមកកម្ពុជា។
មន្ត្រីនគរបាលខណ្ឌចម្ការមន បានឲ្យដឹងថា ករណីទាំងពីរនេះគឺជារឿងអត្តឃាតកម្ម ដែលមានន័យថា ទំនងជាមិនមានការស៊ើបអង្កេតតទៅទៀតទេ។
នៅក្នុងឆ្នាំ២០២៥នេះ ករណីធ្លាក់ពីលើអគារខ្ពស់ កើតឡើងស្ទើររាល់ខែ បើសិនជាមិនកើតឡើងនៅភ្នំពេញ ក៏កើតនៅខេត្តព្រះសីហនុ ឬ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលករណីទាំងនោះភាគច្រើនមានជាប់ពាក់ព័ន្ធនឹងជនជាតិចិន ហើយជនរងគ្រោះមានទាំងបុរស និងស្ត្រី។

ទីតាំងកើតហេតុនៃការធ្លាក់ពីលើអាគារនៅ១៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នគរវត្ត
តើករណីទាំងនេះសុទ្ធតែជាករណីអត្តឃាតឬយ៉ាងណា ហើយប៉ះពាល់ដលកម្ពុជាដូចម្ដេចខ្លះ?
អ្នកវិភាគនិងអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា សង្គមកម្ពុជា និងមុខមាត់កម្ពុជាក៏រងការខូចខាតដោយសារករណីនេះដែរ។ ហេតុនេះ អាជ្ញាធរត្រូវចាត់វិធានការស៊ើបអង្កេតឲ្យបានដិតដល់ លើសពីការយកសាកសពជនរងគ្រោះទៅបូជាបញ្ចប់រឿង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម ថ្លែងថា រឿងធ្លាក់ពីលើអគារនេះ កើតមានឡើងជាហូរហែ។ ដោយសារតែរឿងនេះពាក់ព័ន្ធនឹងជនបរទេស លោកជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសឲ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់បំផុត មិនថាអ្នកវិនិយោគ ឬ អ្នកស្នាក់នៅធម្មតានោះទេ។
លោកថ្លែងថា៖ «ករណីឃាតកម្មក្ដី ឬ អត្តឃាតក្ដី ត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដោយពិនិត្យមើលទៅលើមូលហេតុ អង្គហេតុ ហើយអ្នកពាក់ព័ន្ធត្រូវតែចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងដោយគ្មានការលើកលែង។ ទោះបីជាករណីអត្តឃាតក៏ដោយ គឺមិនអាចបិទបញ្ចប់ជាមួយនឹងការយកសាកសពទៅបូជាទេ អាជ្ញាធរមានសមត្ថកិច្ចត្រូវស្រាវជ្រាវអ្នកពាក់ព័ន្ធ មូលហេតុអ្វីបានជាឈានទៅដល់ការធ្វើអត្តឃាតនេះ»។
លោកបន្តថា ករណីលោតពីលើអគារខ្លះជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញ ឬល្បែងស៊ីសងនានា សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់គ្រប់គ្រងល្បែងស៊ីសងឲ្យបានតឹងរ៉ឹង។
លោក គិន ភា៖ «យើងមិនអាចឲ្យប្រទេសយើងក្លាយទៅជាមជ្ឈមណ្ឌល ឬទីតាំងប្រព្រឹត្តបទល្មើស ល្បែងស៊ីសងខុសច្បាប់ ឬជាកន្លែងលាងលុយកខ្វក់ លាងលុយខ្មៅនោះទេ។ ចង់មិនចង់ ថ្ងៃក្រោយទៅ ប្រទេសកម្ពុជានឹងខ្ទេចខ្ទី ខូចមុខមាត់អស់ ហើយក៏គ្មានអ្នកណាហ៊ានមករកស៊ីនៅស្រុកយើងទៀតដែរ បើយើងបន្តឲ្យស្ថានភាពបែបនេះកើតឡើងតទៅទៀត»។
ស្រដៀងគ្នានេះ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា នៅពេលមានករណីអត្តឃាត សមត្ថកិច្ចគួរតែដាក់ការសង្ស័យ និងស្រាវជ្រាវទៅលើប្រវត្តិជនរងគ្រោះថាតើពួកគេធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតដែរឬទេ ឬក៏គួរមានការសង្ស័យថា អាចមានការច្រានទម្លាក់ពីលើអគារ។ លោកថា សមត្ថកិច្ចត្រូវតែធ្វើការឲ្យលើសពី «ឮគេថា»។
លោកបន្តថា ដោយហេតុថា ករណីខ្លះកើតឡើងលើអ្នកដែលធ្វើការឲ្យជនបរទេសដូចជាជនជាតិចិន ដូចជាក្នុងនាមអ្នកបកប្រែ អាជ្ញាធរត្រូវមានវិធានការជួយការពារដល់ពួកគេ ចៀសវាងការបណ្ដែតបណ្ដោយឲ្យជនរបរទេសទាំងនោះធ្វើអ្វីតាមអំពើចិត្ត។
លោក យង់ គឹមអេង៖ «មនុស្សម្នាក់ៗមិនងាយនឹងធ្វើអត្តឃាតដោយខ្លួនឯងទេ។ ដូច្នេះ រឿងអស់នេះត្រូវតែមានការស៊ើបអង្កេតជាចាំបាច់ ដើម្បីបង្ហាញឲ្យបានច្បាស់សម្រាប់ករណីនីមួយៗ ហើយបើឃើញអ្នកប្រព្រឹត្តមិនត្រូវឲ្យរួចពីសំណាញ់ច្បាប់»។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការពន្យល់ពីសំណាក់លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ នៅថ្ងៃទី១៩ ខែឧសភានេះ៕