
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ចុះទៅពិនិត្យការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលធំជាងគេនៅកម្ពុជា។ រូបថត ក្រសួងបរិស្ថាន
កំពង់ស្ពឺៈ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ស្ថិតក្នុងខេត្កំពង់ស្ពឺដែលធំជាងគេនៅកម្ពុជា នឹងបញ្ចប់ការសាងសង់នាចុងខែឧសភានេះ ដែលធ្វើឱ្យក្រសួងបរិស្ថានមានលទ្ធភាពអាចផលិតកូនឈើបានរហូតដល់ទៅ១០លានដើមក្នុង១ឆ្នាំ ពីថ្នាលថ្នាក់តំបន់ទាំង៥។
នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកអ៊ាងសុផល្លែតក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារក្នុងឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ថ្នាលបណ្តុះកូនឈើដែលធំជាងគេនៅស្រុកខ្មែរ គឺនៅកំពង់ស្ពឺតែម្តង។ ថ្នាលបណ្តុះកូនឈើនៅកំពង់ស្ពឺចុងខែនេះសង់ហើយហើយ ដែលអាចផលិតកូនឈើបានជាង១លានដើមក្នុង១ឆ្នាំ។ អ៊ីចឹងនឹងចែកចាយនៅតំបន់យើងហ្នឹង គឺកំពត កំពង់ស្ពឺ ក្រុងព្រះសីហនុ ខេត្តកណ្តាល»។
លោកថ្លែងបន្តដូច្នេះថ៖«ឆ្នាំក្រោយ យើងនឹងពង្រីកឱ្យបាន២លានដើម។ មិនត្រឹមតែកូនឈើទេ យើងមានផ្ទៃដី សម្រាប់ដាំដើមឈើរក្សាទុក៥ឆ្នាំ។ គាស់ អាដើមធំៗយកទៅដាំតាមខេត្ត តាមក្រុងតែម្តង ជូនអត់គិតលុយទៀត។ អ៊ីចឹងកំពង់ស្ពឺត្រូវប៉ាន់ជាងគេ»។

ក្រសួងបរិស្ថានកំពុងតែសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ស្ថានីយ៍។ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ទំហំ៣ហិកតា ស្ថិតក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ, នៅសៀមរាបទំហំ១០ហិកតា, កំពង់ស្ពឺទំហំ ២០ហិកតា,មណ្ឌលគិរីទំហំ ១០ហិកតា និងខេត្តកោះកុង៣ហិកតាផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«គោលដៅគឺជំរុញការដាំដុះដើមឈើ ភាពបៃតងរបស់កម្ពុជាយើង។ ភាពបៃតងហ្នឹងឯង ដែលនាំទៅដល់ខ្យល់បរិសុទ្ធ។ ខ្យល់បរិសុទ្ធមានន័យថាអព្យាក្រឹតកាបូន។ ពាក្យអព្យាក្រឹតកាបូន គឺខ្យល់បរិសុទ្ធ...កាលណាខ្យល់យើងបរិសុទ្ធ កាបូន មេតានសាយភាយចេញទៅ ដើមឈើស្រូបយកមកអស់ ស្មើគ្នាមានតុល្យភាព គឺអព្យាក្រឹតកាបូន ខ្យល់បរិសុទ្ធ»។
ក្រោយពីពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារនិងហេដ្ឋារចនាសម្ព័ន្ធនោះ លោករដ្ឋមន្រ្តី ក៏បានចុះទៅពិនិត្យការសាសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅក្នុងខេត្តកំពង់ស្ពឺនោះផងដែរ។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍និងចែកកូនឈើក្រោមមូលបទ»ពន្លកបៃតង»ដើម្បីចែកជូនកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៣លានដើម។ ក្នុងនោះមានកូនឈើ៣ប្រភេទ ដូចជាប្រភេទឈើប្រណីតឈើហូបផ្លែនិងដើមត្នោតចំនួន១លានដើមផងដែរ។
យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង»នេះនឹងប្រារព្ធឡើងជាលើកទី២បន្ទាប់ពីលើកទី១ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០-១៦ខែកក្កដាឆ្នាំ២០២៤និងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំតាមទីសាធារណៈដាំតាមសហគមន៍និងដាំស្តារព្រៃបានចំនួន១,៣លានដើម។

ភាពបៃតងជាសសរស្តម្ភទី២នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
លោករដ្ឋមន្រ្តីសុផល្លែតបានសំដែងនូវសេចក្តីសង្ឃឹមថា៖«នៅឆ្នាំបន្ទាប់ទៀតក្រសួងបរិស្ថានអាចបណ្តុះកូនឈើបានចំនួន១០លានដើមជារៀងរាល់ឆ្នាំចែកជូនប្រជាពលរដ្ឋយកទៅដាំដែលឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាពង្រីកគម្របព្រៃឈើឱ្យបានច្រើនចូលរួមចំណែកក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុធ្វើឱ្យសហគមន៍មូលដ្ឋានមានភាពបៃតងនិងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងអស់នេះ»។
លើសពីនេះដើមឈើដែលបានដាំដុះទាំងអស់នោះផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិតាមរយៈឥណទានកាបូននិងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចហេដ្ឋរចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។
យុទ្ធនាការ«ពន្លកបៃតង»នឹងចែកកូនឈើចំនួន៣លានដើមនៅឆ្នាំ២០២៥ជួយបង្កើនគម្របបៃតងនៅកម្ពុជា ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតងនិងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
