
ពីស្ដាំទៅឆ្វេង៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, លោក ប៉ា ច័ន្ទរឿងន, លោក អ៊ូ ច័ន្ទរ័ត្ន, លោក គឹម សុខ. ភ្នំពេញប៉ុស្តិ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចោទសួរទៅលើគុណសម្បត្តិនយោបាយរបស់អ្នកប្រឆាំងដែលទាមទារឲ្យអន្តរជាតិ ដូចជាសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើកម្ពុជាដោយហេតុផលនយោបាយ ខណៈដែលកម្ពុជានិងប្រទេសនានាកំពុងប្រឈមនឹងបញ្ហាសកល ដូចជាបញ្ហាពន្ធរបស់អាមេរិក និងភាពមិនច្បាស់លាស់ផ្សេងទៀត។
នៅក្នុងទិវាពលកម្មអន្តរជាតិលើកនៅថ្ងៃទី១ ខែឧសភា លោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «គេទៅប្រាប់អឺរ៉ុបថា កុំភ្លេចដាក់ទណ្ឌកម្មរដ្ឋាភិបាលខ្មែរ។ យើងកំពុងតែប្រឈមនឹងបញ្ហាពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិកប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋរបស់យើងហើយ គេនៅតែមិនភ្លេចពីរឿងទៅឲ្យអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មមកកម្ពុជាទៀត។ តើដាក់ទណ្ឌកម្មតាមរូបមន្តអី? ភាគច្រើនគឺប្រើសេដ្ឋកិច្ច ដូចដក់ EBA អីចឹង។ តើបានផលដល់កម្មករ និងពលករយើងទេ?»។
លោកថា អ្នកដែលស្នើឲ្យមានទណ្ឌកម្មលើកម្ពុជា បានដឹងហើយថា ការដាក់សម្ពាធសេដ្ឋកិច្ចប៉ះពាល់ដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ ប៉ុន្តែហេតុអ្វីបានជាក្រុមប្រឆាំងទៅរំលឹកអឺរ៉ុបឲ្យធ្វើបែបនេះ។
និយាយដល់ក្រុមប្រឆាំង លោក ហ៊ុន ម៉ាណែត សំដៅទៅលើក្រុមលោកស្រី មូរ សុខហួរ អតីតតំណាងរាស្ត្របក្សប្រឆាំង និងលោក គឹម សុខ អ្នកវិភាគនយោបាយនិងបច្ចុប្បន្នជាសមាជិកចលនាមួយដែលឈ្មោះថា ក្រុមប្រឹក្សាជាតិតស៊ូ ដែលនៅក្នុងសប្ដាហ៍នេះបានជួបជាមួយសមាជិកសភាអឺរ៉ុប ក៏ដូចជាលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង។
នៅលើបណ្ដាញសង្គម លោក គឹម សុខ បានលើកឡើងពីបរិយាការរបស់គណបក្សប្រឆាំងដែលលោកអះអាងថា មិនអាចចូលរួមបោះឆ្នោតនៅកម្ពុជា និង ករណីដែលរដ្ឋាភិបាលមិនបានចាប់បញ្ជូនជនសង្ស័យកម្ពុជាពីរនាក់ក្នុងករណីឃាតកម្មលើលោក លឹម គឹមយ៉ា ទៅឲ្យអាជ្ញាធរថៃ។
លោក គឹម សុខ ថ្លែងថា៖ «បើសហភាពអឺរ៉ុប មិនចាត់វិធានការឲ្យបានលឿន និងទាន់ពេលទេ នោះស្ថានភាពកម្ពុជា ខ្ញុំប្រៀបធៀបទៅនឹងវាលពិឃាតសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពបានចាប់អារម្មណ៍ហើយគេបានឆ្លើយថា ហើយនៅជាមួយអ្នកប្រជាធិបតេយ្យកម្ពុជាជានិច្ច»។
នៅថ្ងៃទី២ ខែឧសភានេះ លោក គឹម សុខ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំបានពន្យល់អឺរ៉ុបថា កម្ពុជាពេលមានវត្តមានគណបក្សប្រឆាំង គឺជាទឹកដីទាក់ទាញវិនិយោគដោយសារ EBA និង GSP ប៉ុន្តែ ពេលគ្មានគណបក្សប្រឆាំង កម្ពុជាធ្លាក់ខ្លួនជាទីផ្សារលក់ដូរគ្រឿងញៀនស្ទើរគ្រប់ភូមិ ទូទាំងប្រទេស ហើយក្មេងជំទង់ខ្មែរ ក្លាយជាអតិថិជនទិញគ្រឿងញៀន»។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកឡើងរបស់លោក គឹម សុខ គឺប្រៀបដូចជាការយកជើងរាទឹកនៅក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា។
លោកថ្លែងថា៖ «តើអ្នកណាដែលប្រជាជនកំពុងតែមានការលំបាក បែរជាទៅដើរអំពាវនាវឲ្យគេដាក់សម្ពាធបន្ថែម? អាមេរិកដាក់មិនទាន់គ្រប់ទេ ទៅរំលឹកអឺរ៉ុបកុំឲ្យភ្លេចដាក់ថែមទៀត។ បងប្អូនគិតមើលទៅ»។
ទស្សនៈអ្នកវិភាគ
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ក្រុមសមាជិកគណបក្សប្រឆាំងដែលនៅក្រៅប្រទេស នៅតែមានឥរិយាបថប្រឆាំងគ្រប់រឿងនិងគ្រប់កាលៈទេសៈ ដែលមានន័យស្មើនឹងការឆាំងនឹងប្រយោជន៍ជាតិ។ លោកថា ការប្រឆាំងគួរតែធ្វើទៅលើទស្សនៈ និងបែបស្ថាបនាបានហើយ។
លោកថា៖ «ក្រុមគាត់ប៉ុន្មាននាក់ហ្នឹងគឺប្រឆាំងគ្មានលើកលែង គ្មានពេលវេលា។ អីចឹង គេអាចហៅថាប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរហើយ មិនមែនប្រឆាំងនឹងទស្សននយោបាយដើម្បីស្ថាបនាទេ»។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានថ្លែងថា ការដាក់សម្ពាធពីបរទេសមិនដែលនាំឲ្យមានភាពប្រសើរឡើងសម្រាប់សេដ្ឋកិច្ចកម្ពុជានោះទេ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន។ ប៉ុន្តែ ការអំពាវនាវឲ្យផ្ដាច់ជំនួយ ឬផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់អ្នកនយោបាយ ប្រហែលដោយសារតែពួកគាត់មិនមានមធ្យោបាយផ្សេងក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា លោកធ្លាប់បានចេញមុខទាមទារ និងការពារប្រព័ន្ធអនុគ្រោះពន្ធ ទាមទារឲ្យផ្ដល់ជំនួយដល់កម្ពុជាក្នុងស្ថានភាពដែលលំបាកក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
លោកថា៖ «យើងយល់ហើយការផ្លាស់ប្ដូរតាមមធ្យោបាយមានសម្ពាធ ឬធ្វើឲ្យមានបញ្ហា ឬធ្វើឲ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរដើម្បីផ្លាស់ប្ដូរ វាជារឿងមួយ ប៉ុន្តែមធ្យោបាយមួយទៀតដែលធ្វើឲ្យសេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋមានការចេះដឹង ក៏ជាមធ្យោបាយមួយផ្លាស់ប្ដូរដែរ។ ហើយការទាមទារឲ្យគោរពសិទ្ធិមនុស្សនិងទាមទារឲ្យលទ្ធិប្រជាធិបតេយ្យប្រសើរឡើង ក៏ជារឿងត្រឹមត្រូវដែរ»។
លោកបន្តថា៖ «ចំណុចសំខាន់គឺ វាមិនអាស្រ័យទៅលើការទាមទាររបស់អ្នកនៅខាងក្រៅ ឬសកម្មជននោះទេ វាអាស្រ័យទៅលើអ្វីជាបញ្ហាកើតមានឡើងក្នុងប្រទេសយើង។ បើយើងធ្វើត្រឹមត្រូវទៅតាមលក្ខខណ្ឌឬអ្វីជាកិច្ចសន្យា និងកិច្ចព្រមព្រៀងនានាជាមួយប្រទេសទាំងអស់នោះ គេមិនទៅផ្ដាច់ ឬដាក់សម្ពាធអីទេ ទោះបីមានអ្នកទៅទាមទារក៏ដោយ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា អ្វីដែលលោក ហ៊ុន ម៉ាណែត លើកឡើង បង្ហាញពីផលវិបាកនៃទំនាស់នយោបាយកម្ពុជាក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០២៧ ដែលធ្វើឲ្យសមាជិកបក្សនេះខ្លះជាប់ពន្ធនាគារ និងខ្លះភៀសខ្លួនទៅបរទេស។ ដូច្នេះហើយ សមាជិកគណបក្សនេះនិងអ្នកពាក់ព័ន្ធនៅតែបន្តរកវិធីបញ្ចុះបញ្ចូលប្រទេសមហាអំណាចឲ្យដាក់សម្ពាធរដ្ឋាភិបាល។
លោកថា ការសម្រេចដក EBA ដោយសហភាពអឺរ៉ុប ២០ភាគរយប្រហែលជាមិនមែនដោយសារតែអ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនតូចទៅបញ្ចុះបញ្ចូលទេ គឺសហភាពអឺរ៉ុបបានសិក្សាវាយតម្លៃដោយខ្លួនឯងទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ស្របពេលដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកត្រាំ កំពុងដាក់សម្ពាធពន្ធលើកម្ពុជា លោក ច័ន្ទរឿន ស្នើឲ្យកម្ពុជាងាកទៅសហគមន៍អឺរ៉ុបដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ ទោះបីជា EBA នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៩ នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក៏ដោយ។
កម្ពុជាគួរពិភាក្សាជាមួយសហភាពអឺរ៉ុបដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ មួយវិញទៀត ដើម្បីកាត់បន្ថយសម្ពាធពីអន្តរជាតិ កម្ពុជាគួរតែដោះស្រាយជម្លោះនយោបាយដែលបន្សល់ទុកមកតាំងពីចុងឆ្នាំ២០២៧។
លោក ប៉ា ច័ន្ទរឿន៖ «ធ្វើបែបនេះដើម្បីកុំឲ្យសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបយករឿងនេះជាលេស ឬ ជាហេតុផលដើម្បីដាក់សម្ពាធឬដាក់បន្ទុកបន្ថែមមកលើកម្ពុជាយើង នៅពេលសម្ពាធភូមិសាស្ត្រនយោបាយនិងសម្ពាធពីវិបត្តិសេដ្ឋកិច្ចវាធ្ងន់ធ្ងរទៅហើយ»៕