ពោធិ៍សាត់ៈ សហភាពអឺរ៉ុប​(EU)កំពុងតែសម្លឹងរកមើលផ្តល់ជម្រើសថ្មី ដើម្បីបន្តជួយគាំទ្រសហគមន៍២៥០ក្នុងកម្មវិធី CAPFISH-Capture បន្ទាប់ពីកម្មវិធីនេះ នឹងត្រូវបិទបញ្ចប់នៅត្រឹមឆ្នាំ២០២៥ ក្រោយពីបានដំណើរការអស់រយៈពេល៥ឆ្នាំ ខណៈពេលដែលអង្គការFAOបានបង្ហើបប្រាប់ពីការបង្កើតគម្រោងថ្មីមួយក្នុងពេលអនាគតឈ្មោះ «សម្បូរត្រី»។

លោកKoen Everaert អនុប្រធានសហប្រតិបត្តិការ នៃសហភាពអឺរុប ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីការសម្លឹងមើលជម្រើសថ្មីនេះ នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture នៅសហគមន៍នេ​សាទស្រីចឹក ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣០ ខែមេសា។

សហគមន៍នេះ ស្ថិតក្នុងចំណោមសហគមន៍២៥០ ដែលទទួលបានថវិការគាំទ្រពីកម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិ ដោយសហភាពអឺរ៉ុប, អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការគាំទ្រផ្នែកបច្ចេក​ទេស​ពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO)។

លោកបញ្ជាក់ថា៖«យើងបានគាំទ្រវិស័យជលផលនេះអស់រយៈពេលជាង២០ឆ្នាំហើយ ហើយនៅពេលនេះ យើងកំពុងសម្លឹងមើលជម្រើសសម្រាប់អ្វី នៅក្រោយខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែ វានឹងត្រូវការពេលវេលាបន្ថែមទៀត ហើយវាក៏នឹងខុសប្លែកគ្នាពីកម្មវិធីនេះដែរ»។

លោកថ្លែងដូច្នេះថា៖«ជាការពិតណាស់ យើងនឹងស្វែងរកជម្រើសដើម្បីបន្តគាំទ្រសហគមន៍ទាំងនេះហើយនោះហើយជាមូលហេតុដែលយើងបានរៀបចំប្រតិបត្តិការជំនួយថវិកាជាក់លាក់នេះ ដើម្បីផ្តល់ជូនសហគមន៍តាមរយៈមូលនិធិ មិនមែនតាមរយៈសហភាពអឺរ៉ុបដោយផ្ទាល់ទៀតទេ ហើយយើងកំពុងស្វែងរកជម្រើសផ្សេងទៀតផងដែរ»។

លោកថ្លែងថា៖«ដូច្នេះខ្ញុំគិតថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងត្រូវគិតឡើងវិញ ហើយនិយាយជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយនឹងទីស្នាក់ការកណ្តាលរបស់យើង ហើយយើងនឹងត្រឡប់មកវិញនៅក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខទៀត»។

អនុប្រធានសហប្រតិបត្តិការ នៃសហភាពអឺរុប ប្រចាំប្រទេសកម្ពុជា លោកKoen Everaert ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយៈអ្នកបកប្រែភាសា ក្នុងពេលធ្វើទស្សនកិច្ចកម្មវិធី CAPFISH-Capture។ រូបថត ក្រសួងកសិកម្ម/FAO

លោកក៏បានលើកឡើងផងដែរថា កម្ពុជាបានធ្វើដំណើរមកវែងឆ្ងាយហើយដែរ ហើយលោកឃើញថា មិនយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងបញ្ចប់ឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ វាមានសារៈសំខាន់ណាស់ ដែលថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកម្ពុជា នឹងមានរូបរាងមួយផ្សេងទៀត ដែលជារូបរាង ដែលត្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍របស់កម្ពុជា។ ក្នុងនោះ កម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមក្នុងពេលឆាប់ៗ និងកន្លែងដែលប្រភេទនៃកិច្ចសហការនឹងមានភាពខុសគ្នាផងដែរ បើតាមលោកយល់ឃើញនោះ។

លោកបានបន្ថែមថា កម្ពុជា និងសហភាពអឺរ៉ុបកាន់តែស្វែងរកការចូលរួមពីវិស័យឯកជន និងស្ថានភាពឈ្នះឈ្នះ សម្រាប់ទាំងសហគ្រាសកម្ពុជា វិស័យឯកជនកម្ពុជា ក៏ដូចជាអ្នកវិនិយោគអឺរ៉ុប និងឱកាសនៅទីនោះ។

ក្រសួងកសិកម្ម បានរៀបចំដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ដោយបានដឹកនាំប្រតិភូសហភាពអឺរ៉ុប អង្គការFAO អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យមើលលទ្ធផលជាក់ស្តែង នៃកម្មវិធី CAPFISH-Capture។ ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការប្រារព្ឋទិវាភពផែនដីរបស់ក្រសួងកសិកម្ម។

ប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងមន្រ្តីអាជ្ញាធរ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទស្រីចឹក នាថ្ងៃទី៣០ ខែមេសា។ រូបថត ផាក់ ស៊ាងលី

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនាដែលបានដឹកនាំទស្សនកិច្ចនេះបានលើកឡើងថា ការគាំទ្ររបស់កម្មវិធី CAPFISH-Capture បានជួយឱ្យសហគមន៍មានការអភិវឌ្ឍន៍រីកចំរើន ទាំងសមត្ថភាព និងសក្តានុពលរបស់ខ្លួន។ លើសពីនោះ ទិន្នផលត្រីក៏មានការកើនឡើង ហើយសហគមន៍ក៏សន្សំប្រាក់បានច្រើនផងដែរ។

កញ្ញាថ្លែងថា៖«ទុនថវិកាសន្សំក៏មានច្រើន ដែលគាត់មិនគ្រាន់តែអាចគ្រប់គ្រងបានល្អទេ តែថែមទាំងអាចយកថវិកានេះទៅច្នៃដាក់ ទៅក្នុងធនាគារ យកការប្រាក់មកប្រើប្រាស់ ផ្គត់ផ្គង់ការល្បាត បង្រ្កាបបទល្មើស និងការដាំដើមឈើឡើងវិញជាដើម។ ទាំងអស់នេះគឺជាសមិទ្ធផល ដែលកើតឡើងបាន ដោយការផ្តល់ការគាំទ្របច្ចេកទេស ការណែនាំ បណ្តុះបណ្តាលពីសំណាក់អង្គការដៃគូរ ក្រោមកិច្ចសហការរវាងអង្គការFAO និងរដ្ឋបាលជលផល»។

កញ្ញាបានលើឡើងថា កម្មវិធី CAPFISH-Capture​ ដែលផ្តោតសំខាន់ទៅលើការអភិរក្សធនធានជលផល ប្រកបដោយចីរភាពនោះ អាចធានាបាននូវនិរន្តរភាពធនធានជលផលទាំងទឹកសាប និងទឹកប្រៃ។ ជាពិ​សេសនៅតំបន់ទឹកសាបជុំវិញបឹងទន្លេសាប។ កម្មវិធីនេះ គឺជាកត្តាលីកររុញឱ្យកម្លាំងរបស់ពួកគាត់ទៅបានកាន់តែលឿន ការអនុវត្តមានប្រសិទ្ធភាពកាន់តែខ្លាំង និងទូលំទូលាយ។

ប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងមន្រ្តីអាជ្ញាធរ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទស្រីចឹក នាថ្ងៃទី៣០ ខែមេសា។ រូបថត ផាក់ ស៊ាងលី

រហូតមកទល់ពេលនេះ សហគមន៍ នេសាទចំនួន៥១៦ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។ ក្នុងនោះមានសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទតំបន់ឆ្នេរ៤១។ ទន្ទឹមនឹងនេះ សហគមន៍ ស្រះជម្រកត្រីចំនួន ៩២៩ ក៏ត្រូវបានបង្កើតឡើង។ ក្នុងនោះមានសហគមន៍ស្រះជម្រកត្រីតំបន់ឆ្នេរចំនួន ១០៥។

សកម្មភាពសំខាន់ៗរបស់កម្មវិធីនេះមានដូចជា ការផ្តល់ថវិកាដល់សហគមន៍ចំនួន ២៥០ប្រចាំឆ្នាំចំនួន១ពាន់ដុល្លារក្នុង១សហគមន៍, ការកសាងសមត្ថភាពក្នុងការគ្រប់គ្រងថវិកា រៀបចំផែនការ សម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍, ការទប់ស្កាត់បទល្មើស, ការបោះបង្គោលកំណត់ព្រំសហគមន៍, ការដាំស្តារព្រៃលិចទឹកឡើងវិញផងដែរ។ បន្ថែមពីនោះ មានការផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅក្នុងខេត្តចំនួន២០ ដែលរួមមានទាំង​ការផ្តល់ជំនួយបច្ចេកទេសជូនដល់រដ្ឋបាលជលផលផងដែរ។

សហគមន៍នេសាទស្រីចឹក មានប្រជាពលរដ្ឋសរុបចំនួន២ ០៤៨នាក់ និងមានផ្ទៃក្រឡា២ ៦៩៦ ហិកតា។ សហគមន៍មានប្រាក់សន្សំចំនួន៧ ៥០០ដុល្លារ ដែលកំពុងតែដាក់នៅធនាគារ និងក្រុមសន្សំប្រាក់សហគមន៍។ នេះបើយោងតាម លោកឌុក សុខា ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍នេះ។ ទាំងលោកសុខា និងប្រជាសហគមន៍សុទ្ធតែបានសំណូមពរឱ្យមានការគាំទ្របន្តទៀត​ពីសហភាពអឺរ៉ុប ឬដៃគូរផ្សេងៗ។

លោកម៉ន សុឃឿនអាយុ៦៣ឆ្នាំ ដែលជាសមាជិកក្រុមល្បាត នៃសហគមន៍នេសាទស្រីចឹក អស់រយៈពេល១៩ឆ្នាំមកហើយនោះបានសំណូមឱ្យកម្មវិធីនេះបន្តជួយគាំទ្រសហគមន៍តទៅទៀត ដើម្បីឱ្យត្រីកាន់តែសម្បូរ ដែលអាចជួយលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាអភិរក្សប្រភេទត្រីកម្រៗ ឱ្យបាននៅសេសសល់សម្រាប់ក្មេងជំនាន់ក្រោយ។

លោកពន្យល់ថា៖«ខ្ញុំចង់ឱ្យគម្រោងនេះបន្តទៀត ព្រោះថា វាជួយឱ្យផលនេសាទនៅសហគមន៍យើងកើនឡើង។ បើបន្តជួយទៀត ផលត្រីនឹងអាចកើនឡើងបន្ថែមទៀតជាងបច្ចុប្បន្ននេះ»។

ប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងមន្រ្តីអាជ្ញាធរ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទស្រីចឹក នាថ្ងៃទី៣០ ខែមេសា។ រូបថត ផាក់ ស៊ាងលី

ក្រុមប្រតិភូក៏បានទៅធ្វើទស្សនកិច្ចនៅសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ទំហំ២ ៣៩៤ហិកតា ដែលស្ថិតក្នុងកម្មវិធីនេះផងដែរ។ លោកប៉ែន សុខុមប្រធានសហគមន៍ ក៏បានលើកឡើងពីភាពរីកចំរើនក្នុងការងារអភិរក្សត្រី ការលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍ក្នុងសហគមន៍​​ តាមរយៈការគាំទ្រពីកម្មវិធីនេះ។ ហេតុនេះ លោកក៏ដូចជាអាជ្ញាធរមូលដ្ឋានបានសំណួមដោយទទូច សុំឱ្យសហភាពអឺរ៉ុប ក៏ដូចជាអង្គការ FAOបន្តការគាំទ្របន្ថែមទៀតផងដែរ។

ថវិកាដែលត្រូវបានយកទៅអនុវត្តកម្មវិធីCAPFISH-Capture សរុបមានជាង២០លានដុល្លារអាមេរិក។ ក្នុងនោះសហភាពអឺរ៉ុបមាន ១៨ ៩៦១ ៨០០ ដុល្លារ និងអង្គការFAO ចំនួន១ ០៩៣ ១៤៤ ដុល្លារផងដែរ។ កម្មវិធីនេះត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់បញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥នេះ។

ប្រធានអង្គការFAO ប្រចាំនៅកម្ពុជា លោកស្រីRebekah Bell បានលើកឡើងក្នុងឱកាសនោះថា អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលអង្គការ FAOបានធ្វើការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម។ រដ្ឋបាលជលផល និងអង្គការ FAO គឺដូចជា«ប្តីប្រពន្ធចាស់មួយគូ»ដូច្នេះដែរ ហើយអង្គការ FAOបានផ្តល់ជំនួយបច្ចេកទេសលំដាប់ពិភពលោក ដើម្បីជួយគាំទ្រដល់សកម្មភាពរបស់រដ្ឋបាលផល ដែលវាអាចធ្វើទៅបានតាមរយៈការគាំទ្ររបស់គណៈកម្មការអឺរ៉ុបប៉ុណ្ណោះ។

លោកស្រីបានបន្តថា ហើយអ្វីដែលអ្នកទាំងអស់គ្នាឃើញតាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះ គឺជាលទ្ធផលនៃភាពជាដៃគូដែលមានស្ថិរភាពរយៈពេលវែង ដើម្បីលើកកម្ពស់គុណភាពនៃផលស្តុកត្រី និងជាពិសេសជលផលក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា។

លោកស្រីបានថ្លែងដូច្នេះថា៖« អង្គការFAO យើងទន្ទឹងរង់ចាំការបន្តភាពជាដៃគូបច្ចេកទេសរបស់យើងជា​មួយសហគមន៍ រដ្ឋបាលខេត្ត និងជាមួយរដ្ឋបាលជលផលនិង ក្រសួងកសិកម្ម ហើយយើងទន្ទឹងរង់ចាំបន្តទំនាក់ទំនងដ៏យូរអង្វែងរបស់យើង»។

ប្រធានអង្គការFAO ប្រចាំនៅកម្ពុជា លោកស្រីRebekah Bell ថ្លែងប្រាប់អ្នកសារព័ត៌មាន ពីលទ្ធផល នៃកម្មវិធី CAPFISH-Capture និងកិច្ចសហការជាមួយរដ្ឋបាលជល។ រូបថត ផាក់ ស៊ាងលី

ដោយសារតែសហគមន៍ រដ្ឋបាលថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតចង់ឃើញការគាំទ្រជាបន្ត និងមានច្រើនទៅទៀតនោះ លោកស្រីបានថ្លែងថា៖«ដូច្នេះ នេះជាអ្វីដែលខ្ញុំអាចនិយាយទៅកាន់អ្នកបានគឺថា អង្គការFAO តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដោយសង្ឃឹមថានឹងនាំមកនូវកម្មវិធីរយៈពេលវែងដល់កម្ពុជាក្នុងឆ្នាំក្រោយ ឬ២ឆ្នាំខាងមុខទៀត»។ កម្មវិធីនោះនឹងផ្តល់ការគាំទ្ររយៈពេលវែងប្រកបដោយនិរន្តរភាព ដល់សហគមន៍នេសាទ ការស្តារព្រៃសហគមន៍ ការស្តារឡើងវិញនូវព្រៃលិចទឹកទន្លេសាប និងផ្លូវនេសាទដ៏សំខាន់ផ្សេងទៀត។

លោកស្រីក៏បានបង្ហើបប្រាប់ផងដែរថា លោកស្រីកំពុងមើលទៅលើអ្វី ដែលត្រូវធ្វើជាមួយនឹងគម្រោងមួយដែលមានឈ្មោះថា «សម្បូរត្រី» ព្រោះនេះជាជំហានបន្ទាប់ ដែលសហគមន៍ រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធនឹងត្រូវស្វែងរក ដើម្បីគាំទ្រការឆ្លើយតប ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី ដើម្បីលើកកម្ពស់ជលផល។

កញ្ញាអ៊ឹម រចនា បានលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តធ្វើការងារទាំងនេះទៅទៀត បើទោះបីជាកម្មវិធី CAPFISH-Captureនឹងបិទបញ្ចប់នៅត្រឹមឆ្នាំ២០២៥នេះក៏ដោយ។

កញ្ញាបានសំដែងក្តីសង្ឃឹមថា៖«បើទោះបីជាកម្មវិធី នឹងត្រូវបិទបញ្ចប់ឆ្នាំ២០២៥នេះយ៉ាងណាក៏ដោយ ក៏យើងសង្ឃឹមថាចាប់ពីក្រោយឆ្នាំ២០២៥ទៅ នឹងមានគម្រោងថ្មីៗបន្ថែមទៀត ដែលសហភាពអឺរ៉ុបអាចនឹងពិ​ចារណា ជួយគាំទ្រដល់ក្រសួងកសិកម្ម។ ជាពិសេស សហគមន៍មូលដ្ឋាន ឱ្យមានសមត្ថភាព កាន់រីកចំរើនឡើង និងមានភាពធន់ ជួយបណ្តុះបណ្តាល មិនត្រឹមតែឱ្យគាត់រស់បានដោយខ្លួនឯងទេ តែឱ្យគាត់ជួយសហគមន៍ខ្លួនឯង ឱ្យកាន់តែ រីកចំរើនទៅមុខបន្ថែមទៀតដែរ»៕

ប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងមន្រ្តីអាជ្ញាធរ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទស្រីចឹក នាថ្ងៃទី៣០ ខែមេសា។ រូបថត ផាក់ ស៊ាងលី