
អង្គភាពប្រឆាំងអំពើ ACU ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងសន្តិសុខសរុប ៤ នាក់បញ្ជូនទៅតុលាការទាក់ទងនឹងការដើរទារលុយពីអ្នកលក់ដូរតាមដងផ្លូវ ផ្ទុយពីច្បាប់។
មនុស្សទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន ឈ្មោះ ណៃ ដាណែត ភេទស្រី និងឈ្មោះ ប៊ុន ស៊ិន ដែលជាប្ដីប្រពន្ធ មានមុខរបរជាប្រធានផ្សារទួលពង្រ និង សន្តិសុខផ្សារ ២នាក់រួមមានឈ្មោះ ម៉ី សាផាត និងឈ្មោះ សាម៉ាក់ ឆាន។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា៖ «អ្នកទាំង ៤នាក់ជាប់សង្ស័យអំពីអំពើពុករលួយក្នុងបទល្មើស ប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ ដូចចែងក្នុងមាត្រា ៨៩ និងមាត្រា ៩៧ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការសមគំនិត តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ»។
បើតាមលោក ច័ន្ទវិចិត្រ សន្តិសុខទាំង ២នាក់ បានដើរទារលុយពីអ្នកលក់ដូរតាមដងផ្លូវ តាមបញ្ជាររបស់ប្តីប្រពន្ធ ឈ្មោះ ណៃ ដាណែត និង ប៊ុន ស៊ិន ដែលជាប្រធានផ្សារទួលពង្រ ដែលស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែឧសភា។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការបានបើកការស៊ើបសួរលើករណីនេះហើយ។
យោងតាមមាត្រា ៨៩ នៃច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បុគ្គលឯកជនដែលល្មើសមាត្រានេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ លានរៀល ទៅ ១០០ លាន រៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ទ្វេដង៕