
រោងចក្រស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ដែលក្រសួងបរិស្ថានបានរកឃើញថាលួចបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត កាលពីដើមខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានផ្តាំទៅរោងចក្រ សហគ្រាស ជាពិសេស រោងចក្រស្វាយ ឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះថា នាពេលបច្ចុប្បន្ននេះ ក្រសួង«មានដាវ ដើម្បីកាប់ហើយ»។
ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានថ្លែងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក៍ដូចជាសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ទៅលើរោងចក្រ សហគ្រាស ដែលបានលួចបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាតសាធារណៈ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ រោងចក្រ សហគ្រាស ក៏ដូចជាទីតាំងក្រុមហ៊ុនជាង៣០ទីតាំង ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ ដោយសារតែសកម្មភាពបំពុលប្រភពទឹកស្អាត។
លោកមានប្រសាសន៍ថា៖«ជាអាទិ៍ ទឹកកខ្វក់ គាត់បង្ហូរចេញពីរោងចក្រ អត់មានចម្រោះ ចូលប្រភពទឹកស្អាតរបស់យើង ហើយបង្ហូរនៅម៉ោង១១ ឬ ១២យប់ទៀត។ ពួកយើងអត់ដឹងទេ។ អ៊ីចឹងទៅ បងប្អូនអ្នកសារព័ត៌មានផ្សាយប្រាប់មក ផ្ញើសារមក យើងចាត់ការភ្លាម។ រហូតមកដល់សព្វថ្ងៃនេះ យើងចាត់ការបានជាង៣០ក្រុមហ៊ុន រោងចក្រហើយ»។
លោករដ្ឋមន្រ្តី បានព្រមានរោងចក្រ សហគ្រាសឱ្យបញ្ឈប់សកម្មភាពលួចបង្ហូរទឹកកខ្វក់នោះតទៅទៀត ហើយបានសំដែងការជឿជាក់ថា ចាប់ពីឆ្នាំ២០២៥នេះតទៅ ប្រភពទឹកស្អាតនឹងលែងមាន ការបំពុលទៀតហើយ។
លោកថ្លែងដូច្នេះថា៖«អ៊ីចឹងឆ្លៀតផ្ញើសារទៅរោងចក្របន្តិចចុះ។ ឈប់ទៅ [បញ្ឈប់ការបង្ហូរទឹកកខ្វក់] បើខ្ញុំចាប់ហើយ ខ្ញុំមានដាវហើយ កាប់ហើយបាទ។ អត់លើកលែងទេ។ ប្រពភពទឹកស្អាតយើង ឆ្នាំ២០២៥នេះ ស្អាតហើយ»។

ការលើកឡើងថា មានដាវដើម្បីកាប់នេះ គឺលោករដ្ឋមន្រ្តីសំដៅទៅលើមូលដ្ឋានច្បាប់យ៉ាងរឹងមាំ ជាពិសេស ការចេញសារាចរលេខ ០៣ សរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ របស់រាជរដ្ឋាភិបាល។ ខ្លឹមសារ នៃសារាចរនេះ ក៏ត្រូវបានបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយយ៉ាងផុសផុលផងដែរ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ ក៏បានបញ្ជាឱ្យក្រសួង និងរដ្ឋបាលរាជធានីខេត្តចុះត្រួតពិនិត្យ និងមានចំណាត់ការបញ្ឈប់សកម្មភាពរបស់រោងចក្រណា ដែលបង្កការបង្ហូរទឹកកខ្វក់បំពុលបរិស្ថាន និងប្រភពទឹកសាធារណៈផងដែរ។
ក្នុងពិធី សម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺកាលពីចុងសប្តាហ៍មុន លោករដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជួយផ្តល់ព័ត៌មានដល់ក្រសួងពីការបំពុលបរិស្ថានណាមួយរបស់រោងចក្រ ឬសហគ្រាស។
ការអំពាវនាវបែបនេះ ដោយសារតែកាលពីខែមីនាកន្លងមក លោកបានធ្វើដំណើរទៅកាន់តំបន់ខ្នងផ្សារ ហើយពេលនោះ ក៏បានធុំក្លិនស្អុយចេញពីរោងចក្រស្វាយមួយកន្លែង ក្នុងស្រុកឱរ៉ាល់ នៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺ។
លោកបញ្ជាក់ថា៖«បើកកាត់រោងចក្រផលិតស្វាយ ស្អុយងោកតែម្តង ម៉ោង៤ភ្លឺ។ ស្អុយខ្លាំងណាស់។ ជួយមើលផង។ អាហ្នឹងហើយបំពុលបរិស្ថាននោះ។ បរិសុទ្ធអីទៀត បើអាហ្នុងចេញមកហើយហ្នឹង។ អាហ្នឹងនិយាយតែខ្យល់ទេណា ចុះបើលួចបង្ហូរចូលក្នុងប្រភពទឹកទៀត មិនងាប់ មិនរលាយ»។

លោកអំពាវនាវដូច្នេះថា៖«អ៊ីចឹងលើមេឃ លើដី លើទឹករបស់យើងជួយខ្ញុំផង ប្រជាសហគមន៍។ លោកប្រធានមន្ទីរ ឧទ្យានុរក្សរបស់យើង មន្រ្តីយើងគ្នាតិចណាស់។ ជួនកាល គ្នាទៅមិនដល់ មើលអត់ឃើញ។ អ៊ីចឹងបើប្រជាសហគមន៍ បងប្អូនពលរដ្ឋយើងឃើញ ជួយប្រាប់ផង»៕
