យានយន្ត​​ពាក់​ផ្លាក​លេខ​ រដ្ឋ, នគរបាល, និង ខ.ម. មិន​អាច​បង់​ពន្ធ​​ផ្លូវ​សម្រាប់​ឆ្នាំ​​២០២៥ បាន​ទេ​ ដរាប​ណា​​ម្ចាស់​យាន​យន្ត​ទាំង​នោះ​មិន​ទាន់​​បាន​​បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ​និងចុះបញ្ជី នៅ​ក្រសួងសាធារណការនិងដឹកជញ្ជូន។​

នេះ​បើ​យោង​តាម​​សេចក្ដី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី២១ ខែឧសភា​នេះ ដែល​ក្រើន​រំឭក​ដល់​ម្ចាស់​យានយន្តទាំង​អស់​ឲ្យ​ទៅ​បង់​ពន្ធ ដែល​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១ ខែមិថុនា ដល់​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ ឆ្នាំ​២០២៥។

កាល​ពី​ឆ្នាំ​​កន្លង​ទៅ រថយន្ត​ដែល​មាន​ពាក់​ផ្លាក​លេខ​ ខ.ម និង​នគរបាល ខ្លះ​ត្រូវ​បាន​រក​ឃើញ​ថា​ជា​រថយន្ត​គេច​ពន្ធ ខណៈ​ខ្លះ​ទៀត​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​​ឯកជន​ ឬ​ជន​បរទេស​ដែល​ក្នុង​ករណី​ខ្លះ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ និង​​គ្រោះ​ថ្នាក់​ចរចរណ៍។ ករណី​ខ្លះ​គឺ​គ្រាន់តែ​ជា​ផ្លាក​លេខ​ក្លែង​ក្លាយ​ប៉ុណ្ណោះ។ ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​​ធ្លាប់​បាន​ចាត់​វិធានការ​លើ​ករណី​ទាំង​នេះ​ជា​បន្ត​បន្ទាប់។

សម្រាប់​ការ​បង់​ពន្ធ​យានយន្ត​ទូទៅ ម្ចាស់​យានយន្ត​ដែល​​ធ្លាប់​ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និង​​ពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់​ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ។​

ម្ចាស់​យានយន្ត​គ្រាន់​តែ​បង្ហាញ ឬភ្ជាប់ មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល​ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀង​ផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់​យានយន្តថ្មីដែលត្រូវ​ចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ​២ សន្លឹក តាមទម្រង់ VT 001 របស់​អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន​ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់​របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នក​ដំណើរ។

ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅ ត្រូវបង់ពន្ធលើមធ្យោបាយ​ដឹកជញ្ជូនតាមកម្លាំងសេះ (HP)៕