ភ្នំពេញៈ អាជ្ញាធរ កំពុងពិភាក្សា កំណត់កាលបរិច្ចេទ នៃ​វាយ​រំលំអគារអង្គរមានជ័យដ៏ចាស់ទ្រុឌទ្រោម ក្រោយ​​​ពីបាន​ធ្វើការហ៊ុំព័ទ្ធអគារដែលមានអាយុ៧៥ឆ្នាំនេះ ខណៈពេលដែលពលរដ្ឋ៤ ក្នុង​ចំណោម​៦៥​គ្រួ​សារ​​ក៏មិន​ទាន់​ស​ម្រេចចិត្ត​ទទួល​យកដំណោះស្រាយ​ ដើម្បីចាកចេញនោះដែរ។

មួយថ្ងៃ ក្រោយ​ផុតពេលកំណត់ នៃការចាកចេញ​រប​ស់​ពល​រ​ដ្ឋ​ដែល​នៅ​សេ​ស​សល់ ក្រុមការងាររបស់​រដ្ឋ​បាល​ខណ្ឌ៧មករា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃពុធ ទី​២១ ខែ​ឧសភា​បាន​ចាប់ផ្តើមធ្វើការហ៊ុំព័ទ្ធទីតាំងអគារអង្គរមានជ័យ ស្ថិតក្នុង​ភូមិ១ សង្កាត់មនោរម្យ។ កម្លាំងអាជ្ញាធរ​បាន​បញ្ចប់​ការធ្វើរបងហ៊ុំព័ទ្ធទីតាំងអគារនេះ នាថ្ងៃទី២២ ខែ​ឧ​សភា​។​

អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោកសេង ឡូត បានឱ្យដឹងថា រហូតមកដល់នឹងថ្ងៃទី២២ ខែឧសភានេះ ពលរដ្ឋទាំង៤គ្រួសារនៅមិនទាន់សម្រេចចិត្តទទួលយកការដោះស្រាយ ដើម្បីធ្វើការចាកចេញនៅឡើយ​នោះ​ទេ។

លោកបញ្ជាក់ថា៖«ពួកគាត់មិនទាន់សម្របសម្រួលចប់សព្វគ្រប់ និងមានដំណោះស្រាយនៅឡើយទេ។ ប៉ុន្តែ​សភាពអគារហ្នឹងចាស់ទ្រុឌទ្រោមខ្លាំងណាស់។ អ៊ីចឹង ក្រសួងបានសហការជាមួយអាជ្ញាធរដែនដី ហ៊ុំព័ទ្ធ ធ្វើ​ម៉េច​កុំ​ឱ្យ មានគ្រោះថ្នាក់ជាយថាហេតុ ដល់ពលរដ្ឋ នៅក្នុងទីតាំងផង អ្នកជាប់ខាងផង ក៏ដូច​ជាអ្នក​ធ្វើ​ដំ​ណើរ។ អ៊ីចឹងយើងបានហ៊ុំព័ទ្ធការដ្ឋានហ្នឹងហើយ ដោយផ្អែកទៅតាមការផុតកំណត់នៃឱសានវាទ»។

លោកថ្លែងដូច្នេះថា៖«ក្រុមការងារបច្ចេកទេស​ដែលទៅពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថា អគារ​ហ្នឹង​ចាស់​ទ្រុឌ​ទ្រោមមែនទែន។ សសរប្រេះ ប្លង់សេក៏បែកធ្លាក់ចេញដែកទៅទៀត។ អ៊ីចឹង ហានិភ័យខ្ពស់ណាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅពេលណាមួយ យើងថាមិនត្រូវ។ អ៊ីចឹងដើម្បីការពារ ដើម្បី​ជួយ​សុខសុវត្ថិភាព ប្រជាពលរដ្ឋ ក្រសួង សហការជាមួយដែនដីផ្អាកការប្រើប្រាស់អគារហ្នឹង»។

អគារអង្គរមានជ័យអាយុ៧៥ឆ្នាំ ដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា ត្រូវបានហ៊ុំព័ទ្ធ ក្នុងការត្រៀមវាយរំលំ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ រូបថត ផាក់ ស៊ាងលី

អគារសហកម្មសិទ្ធិនេះ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០។ គិត​មក​ដល់​បច្ចុប្បន្ន​ សំណង់​អគារ​នេះ​មាន​អា​យុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ ដែលមាន​កម្ពស់ ៦ជាន់ ស្មើ​នឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។

ក្រសួងបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង៩៤ភាគរយ បានយល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ក្រោម ការសម្របសម្រួលរបស់ក្រសួង ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែល​មាន​សុ​វត្ថិ​ភាព។

ផ្នែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងបានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់​បង់តុល្យភាព​លំនឹង​នៃ​រចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់។ ហេតុនេះ វា​ប្រឈមមុខនឹងការបាក់​រលំជាយ​ថាហេតុ​ ដោយមិន​ផ្តល់​សញ្ញា​ណ​​ជាមុន ដែលអាចនឹង បង្ក​គ្រោះថ្នាក់​ដល់អាយុជីវិត​និងទ្រព្យ​សម្បត្តិ​របស់​ប្រ​ជាពល​រដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ផ្នែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យ​សម្បត្តិ​និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារអង្គរ​មានជ័យ ក្រសួងបានណែនាំឱ្យពលរដ្ឋ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និង​ប្រ​កប​អា​ជីវ​កម្ម​ក្នុង​អ​គារនេះ ត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និង​ត្រូវ​ធ្វើ​ការចាក​ចេញ​ពីអ​គារនេះ ក្នុង​រយៈ​ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ខែឧសភា។

ក្រុមការងារក្រសួង នៅតែបន្តសម្របសម្រួល ដោះស្រាយសំណងជូន​ប្រជាពលរដ្ឋដែល​នៅ​សល់​ចុង​ក្រោយ​ទាំង៤គ្រួសារ។

ក្រសួងក៏បានណែនាំដល់ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ដូចជា ហ៊ុំព័ទ្ធ ហាមចូល និង​ហាម​ប្រើ​ប្រាស់​អគារនេះ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្រសួង នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយ​ផុតពេលកំណត់ នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារនេះ។

អគារអង្គរមានជ័យអាយុ៧៥ឆ្នាំ ដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា ត្រូវបានហ៊ុំព័ទ្ធ ក្នុងការត្រៀមវាយរំលំ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ រូបថត ផាក់ ស៊ាងលី

ទោះយ៉ាងណា ក្រុមការងារអាជ្ញាធរ មិនទាន់បានកំណត់ពេលនៃការវាយរំលំអគារនេះនៅឡើយទេ។

លោកសេង ឡូតបានលើកឡើងថា៖«ការរុះរើ គឺការងារបន្ត កំពុងតែពិនិត្យ ពិភាក្សា ពិចារណា ព្រោះ​ការរុះ​រើ​មិនមែនជាការងាយស្រួលទេ។ ត្រូវមានវិធានការសុវត្ថិភាព ប្រយ័ត្នខ្ពស់ណាស់។ ក្រុមការងារកំពុងតែ​ពិនិត្យ​លើការងារនេះ។ កាលបរិច្ចេទកំណត់មិនទាន់ដាក់នៅឡើយទេ»។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំង៤គ្រួសារធ្វើការចាកចេញ ដូចគ្រួសារភាគច្រើនដែរ​ ព្រោះថា ចំ​ណាត់​​ការនេះ គឺដើម្បីសុវត្ថិភាព ក៏ដូចជាជួយពលរដ្ឋ។ ហេតុនេះ ដើម្បីការពារឱ្យបាននូវគោលដៅនេះ អាជ្ញាធរ ត្រូវតែរៀបចំការងារឱ្យបានសមស្រប ហើយទាន់ពេលវេលា។

លោកមានប្រសាសន៍ថា៖«ចំពោះពួកគាត់ ការដោះស្រាយ នៅតែបន្តជាធម្មតា។ អាគារ​ចាស់​ទ្រុឌ​ទ្រោម​ហើយ អ៊ីចឹងការរុះរើ នៅ​ពេលណា មិនអាស្រ័យលើការកំណត់របស់ពលរដ្ឋទេ។​បើសិនបើគាត់​ចេះតែ​សុំ​បន្ត​រស់នៅ ហើយអាគារហ្នឹងបាក់ដោយប្រការណាមួយ សួរថា គាត់អ្នកទទួលខុសត្រូវ ឬក៏អាជ្ញាធរមាន​សមត្ថ​កិច្ច​ជាអ្នក​ទទួល​ខុសត្រូវ?»។

លោកស្រីលីម ពៅ ជាគ្រួសារមួយ ក្នុងចំណោម៤ ដែលនៅសេសសល់ចុងក្រោយ។ ​បើទោះ​បីជាកម្លាំង​អា​ជ្ញាធរ​​បានធ្វើរបងហ៊ុំព័ទ្ធ ដើម្បី​ត្រៀម​ធ្វើ​ការ​វា​យរំ​លំ​យ៉ាងណាក្តី ក៏លោកស្រីនៅតែមិនទាន់សម្រេចចិត្តបោះ​ជំហា​ន​ចា​ក​ចេញពីកន្លែង ដែលគ្រួសារគាត់បានកំពុងតែ​នៅ​អស់​រយៈ​​ពេលប្រមាណជា២០ឆ្នាំមកហើយ។

លោកស្រីបានលើកឡើងថា មូលហេតុដែលពួកគាត់មិនទាន់ចាកចេញ គឺដោយសារតែ​ការ​ផ្តល់​សំ​ណង​«ធូរ​ថ្លៃ​ពេក»។ លោកស្រីមិនបានបញ្ជាក់ប្រាប់ពីទំហំសំណងនោះទេ។ ទោះយ៉ាងណា គាត់បានឱ្យដឹងថា សំ​ណង​​ដែល​អា​ជ្ញា​ធរ​ផ្តល់ឱ្យមានជម្រើសជាទឹកប្រាក់ និងផ្ទះ ដែលនៅឆ្ងាយ។ លោកស្រីសុំមិននិយាយ​លំអិ​ត​បន្ថែ​ម​ពី​បញ្ហា​នេះទេ។

លោកស្រីបានអះអាងដោយខ្លីថា៖«ខ្ញុំគិតថា នៅបន្តឱ្យបាន២ ទៅ៣ថ្ងៃទៀត តែព្រឹកមិញនេះ ទឹក​ត្រូវ​បាន​ផ្តាច់​ទៅហើយ»។

ចំណែកឯ លោកសេង ឡូត ក៏សុំមិនធ្វើអត្ថាធិប្បាយបន្ថែមពីការផ្តល់សំណង និងគោលដៅ​អនាគត​នៃ​ការ​ប្រើ​ប្រា​ស់​ទី​តាំងអគារនោះ ក្រោយពីការវាយរំលំ។ លោកថា គោលដៅនៃការប្រើប្រាស់អគារនេះ ក្រុម​ការ​ងា​រ​នឹ​ងធ្វើការពិនិត្យ និងពិភាក្សានូវជំហានបន្ទាប់ទៀត។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គោលដៅចំបង គឺ​រ​ក្សា​សុ​វ​ត្ថិ​ភាពចំពោះអ្នកនៅក្នុងអគារ អ្នកជិតខាង និងអ្នកធ្វើដំណើរ ព្រោះពួកគាត់ គឺសុទ្ធ​តែ​មាន​ហា​និភ័យ៕