ភ្នំពេញៈ ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែឧសភា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP ២០២៤-២០៣៣) ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់មួយ សម្រាប់ឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។

កម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្តនេះធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកអ៊ាង សុផល្លែត, ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា​(UNDP)។

អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន លោកស៊ុំ ធីបានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃ CCCSP ២០២៤-២០៣៣។ លោកបានលើកឡើងពីលទ្ធផលជាយុទ្ធសាស្ត្ររបស់ផែនការនេះ ដោយ«ផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយអភិបាលកិច្ចល្អនិងបរិវត្តកម្មឌីជីថល»។

ប្រទេសកម្ពុជា គឺជាសមាជិកនៃក្រុម ប្រទេសដែលអភិវឌ្ឍន៍តិចតួច (LDC) និងមានការរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ វិស័យសេដ្ឋកិច្ច។ ការសិក្សារួមគ្នារបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា ការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយ GDP នៃប្រទេសដល់ ២,៥ភាគរយ ក្នុងឆ្នាំ២០៣០ និង៩,៨ភាគរយ នៅក្នុង ឆ្នាំ២០៥០ ប្រសិនបើមិនចាត់វិធានការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុនោះទេ។

លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា​(UNDP)។ រូបថត ក្រសួងបរិស្ថាន

លោកស្រី Alissar Chaker បានសង្កត់ធ្ងន់ថាផែនការយុទ្ធសាស្រ្តCCCSP ២០២៤-២០៣៣មិនត្រឹមតែជាឯកសារគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីបង្ហាញផ្លូវរួមមួយដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា «អព្យាក្រឹតភាពកាបូន និងភាពធន់នឹងអាកាសធាតុ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន»។

លោកស្រីបញ្ជាក់ថា៖«គោលបំណងសំខាន់របស់ពួកយើង គឺជំរុញការរីកចម្រើនរបស់កម្ពុជាលើកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោល ដោយគិតគូរពីការចូលរួមនិងតម្រូវការពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយភាពងាយរងគ្រោះទៅនឹងអាកាសធាតុ ជាពិសេសការពង្រឹងភាពធន់របស់ក្រុមងាយរងគ្រោះបំផុតពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ»។

ចំណែកឯ លោក Igor Driesmans បានលើកឡើងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប តាមរយៈការគាំទ្រកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ដែលបានជួយគាំទ្រលើការតាក់តែងគោលនយោបាយ ជំនួយបច្ចេកទេស និងការជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបានកត់សម្គាល់ថា យុទ្ធសាស្រ្តច្រកផ្លូវសកលរបស់សហភាពអឺរ៉ុប(EU Global Gateway) ផ្តល់ឱកាសពិសេសមួយសម្រាប់កម្ពុជាក្នុងការកៀរគរការវិនិយោគអាកាសធាតុ ដើម្បីគាំទ្រកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ពួកគេមានគោលបំណងដើម្បីកៀរគរក្រុមហ៊ុន និងអ្នកវិនិយោគអឺរ៉ុប លើការវិនិយោគហិរញ្ញប្បទានបៃតង តាមរយៈការលើកកម្ពស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដូចជាហិរញ្ញវត្ថុចម្រុះ និងយន្តការចែករំលែកការគ្រប់គ្រងហានិភ័យ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans។ រូបថត ក្រសួងបរិស្ថាន

លោកថ្លែងថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីជំរុញការអនុវត្តគម្រោងថាមពលកកើតឡើងវិញប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃខាងអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធធន់ សំដៅជំរុញនូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងកិច្ចគាំពារបរិស្ថាន»។

ថ្លែងក្នុងកម្មវិធីបើក លោករដ្ឋមន្រ្តីសុផល្លែត បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃ CCCSP ២០២៤-២០៣៣ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការប្តេជ្ញាចិត្តរបស់កម្ពុជាឈាន ឆ្ពោះទៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តីបានលើកឡើងពីភាពចាំបាច់របស់កម្ពុជាក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីប្រែក្លាយស្ថាប័ននេះទៅជាស្ថាប័នជាតិទទួលសេចក្តីទុកចិត្តពីមូលនិធិអាកាសធាតុបៃតង ដើម្បីមានលទ្ធភាពផ្ទាល់ក្នុងការទទួលបានហិរញ្ញប្បទានអាកាសធាតុ។

រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា៖«CCCSP គឺជាឯកសារក្របខ័ណ្ឌជាតិ ដោយមិនគ្រាន់តែជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថានមួយប៉ុណ្ណោះទេ តែទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់វិស័យពាក់ព័ន្ធ ដើម្បីបកប្រែក្លាយផែនការយុទ្ធសាស្ត្រនេះទៅជាលទ្ធផលជាក់ស្តែង»។

លោករដ្ឋមន្ត្រីបានកំណត់វិស័យសំខាន់ៗ ដែលជាប្រភព នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ហើយទាមទារឱ្យមានសកម្មភាពបន្ទាន់។ ក្នុងនោះរួមមាន៖ វិស័យថាមពល ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផ​លិតផល ព្រៃឈើ និងការប្រើប្រាស់ដី កសិកម្ម និងវិស័យសំណល់។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដែលបានគាំទ្រ និងឯកភាពលើឯកសារផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣នេះ។ ការគាំទ្រនេះពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនងាករេរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕