កំពង់ស្ពឺៈ ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធមូលដ្ឋានបានរកឃើញរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ថាបានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ  ស្ថិតក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី។ នេះបើយោងតាមក្រសួងបរិស្ថាននាថ្ងៃសុក្រ ទី២៣ ខែឧសភានេះ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយចំនួន១គ្រឿង ដំណើរការដោយប្រើអុស លាយកម្ទេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាប់កែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។

ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល់ ចំនួន២ទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ កាបូនម៉ូណូអុកស៊ីត (CO) 1657 ppm, អាសូតអុកស៊ីត (NOx) 15,0 ppm, អាសូតម៉ូណូអុកស៊ីត (NO) 50,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) 426 ppm និងស៊ីតុណ្ហភាព (flow gas t)161,7 °C។

ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងរោចក្ររបស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ដែលបំពុលបរិស្ថាន កាលពីថ្ងៃទី២១ ខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន

នៅទីតាំងឡដុតស្លរំលាយជ័រ ត្រូវបានពិនិត្យឃើញថា សារធាតុ កាបូនម៉ូណូអុកស៊ីត (CO) 23,0 ppm, អាសូតអុកស៊ីត (NOx) 2,0 ppm, អាសូតម៉ូណូអុកស៊ីត (NO) 2,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) 66,0 ppm,  ស៊ីតុណ្ហភាព (flow gas te) = 49,9 °C ហើយនិងមានក្លិនឆ្ងៀមខ្លាំងផងដែរ។

ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការលើក្រុមហ៊ុន ឱ្យផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។

ក្រសួងក៏បានសម្រេច ពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់ ហើយក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង។ លើសពីនេះ ក្រុមហ៊ុនត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន។

ក្រុមហ៊ុនក៏ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ក្រសួងបញ្ជាក់ថា៖«ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង»។

ពីទឹកដីខេត្តកំពង់ស្ពឺនេះ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានអំពាវនាវឱ្យសាធារណជន ជួយរាយការណ៍ដល់ក្រសួង នូវសកម្មភាពទាំងឡាយណាដែលបំពុលបរិស្ថានដោយរោងចក្រ សហគ្រាស ដូចជាការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក និងការពុលខ្យល់ជាដើម។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងចង់បានហើយការវិនិយោគ ប៉ុន្តែជាការវិនិយោគដោយចិត្តស្អាត ចិត្តស្ម័គ្រត្រង់ ថែទាំបរិស្ថានឱ្យបានល្អ។ អ៊ីចឹងទៅទើបការវិនិយោគនោះបានយូរអង្វែងដែរ។ បើមកបំពុលអស់ហើយបានយូរអង្វែងដល់ណាទៀត។ វាអត់។ អ៊ីចឹងសូមជួយប្រាប់ផង»៕

ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងរោចក្ររបស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ដែលបំពុលបរិស្ថាន កាលពីថ្ងៃទី២១ ខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន

ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងរោចក្ររបស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ដែលបំពុលបរិស្ថាន កាលពីថ្ងៃទី២១ ខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន

ក្រុមការងារក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងរោចក្ររបស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ដែលបំពុលបរិស្ថាន កាលពីថ្ងៃទី២១ ខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន