
ភ្ញៀវជនជាតិចិនធ្វើដំណើរមកដល់កម្ពុជាដើម្បីចូលរួមពិធីបើក«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ ក្រសួងទេសចរណ៍
ក្រុមភ្ញៀវទេសចរជនជាតិចិនចំនួន ១ ០០០នាក់ដំបូង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងពិធីបើកជាផ្លូវការ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»(Cambodia-China Tourism Year 2025) ដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៥ ។
ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា លោក Wang Wenbin បានសរសេរនៅលើផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី២៣ ខែឧសភា ថា ក្រុមភ្ញៀវទេសចរចិន ១ ០០០នាក់ដំបូងសម្រាប់កម្មវិធី«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»បានមកដល់ប្រទេសកម្ពុជាហើយ ដែលរៀបចំឡើងដោយក្រុមហ៊ុនចិន China Travel Service។ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមភ្ញៀវទេសចរចិន ១ ០០០នាក់។
បណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែឧសភា ក៏បានប្រកាសស្វាគមន៍ក្រុមភ្ញៀវទេសចរចិនផងដែរ ដោយក្រសួងលើកឡើងថា៖«នេះគឺជាលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់លោក ហួត ហាក់ នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង»។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែឧសភា បានឱ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងបានលើកឡើងថា៖«ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា«ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»។
យោងតាមសេចក្តីជូនដំណឹង ព្រឹត្តិការណ៍នេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ។ ដោយឡែកនៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារតេជោមាស និងតេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នានា គឺវានឹងនាំមកផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ ព្រោះតាមរយៈព្រឹត្តិការណ៍នីមួយៗគឺគេតឺងមានការផ្សព្វផ្សាយជាមុន ដែលអាចជួយឱ្យគេស្គាល់កម្ពុជា និងធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។ ប្រទេសចិនមានប្រជាជនច្រើន និងមានសេដ្ឋកិច្ចរីកចម្រើន ដូច្នេះព្រឹត្តិការណ៍«ឆ្នាំទេសចរណ៍ចិន-កម្ពុជា» គឺប្រាកដជាមានការផ្សព្វផ្សាយច្រើនពីសក្តានុពលនៃវិស័យកម្ពុជានៅប្រទេសចិន។
លោកស្រីបន្ថែមថា៖ប្រសិនបើកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកកម្សាន្តបានច្រើន គឺជាការល្អណាស់ ខណៈបច្ចុប្បន្នទាំងផ្នែកបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តំបន់ទេសចរណ៍ និងមគ្គុទ្ទេសក៍ គឺកម្ពុជាមានគ្រប់គ្រាន់ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកកម្សាន្ត»។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧លានាក់ កើនឡើង ២២,៩ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជនជាតិចិនចំនួន ៨៤៨ ៩៥២នាក់ កើនឡើង ៥៥ភាគរយ។ ដោយឡែកសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ នេះគឺកម្ពុជាទទួលបានភ្ញៀវបរទេសសរុប ១,៨លាននាក់ កើនឡើង ១៦,១ភាគរយធៀបត្រីមាសទី១ ឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជនជាតិចិន មានចំនួន ២៨៦ ១៥៦នាក់ កើនឡើង ៥០,៦ភាគរយ៕