ភ្នំពេញៈ សមត្ថកិច្ចកម្ពុជាកំពុងរៀបចំនីតិវិធី ក្នុងការស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនស្រ្តីជាមុខសញ្ញាក្បត់ជាតិ ដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលបានផ្សាយបំភ្លៃការពិត អំពីការចរចាពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។

អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃសុក្រ ទី២៣ ខែឧសភាបានឱ្យដឹងថា នាពេលថ្មីៗនេះ នគរបាលជាតិសង្កេតឃើញថា មានការបង្ហោះផ្សព្វផ្សាយ ព័ត៌មានតាមរយៈវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពាក់ព័ន្ធដល់កិច្ចសម្ភាសរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីចម និម្មល។ ការបង្ហោះផ្សព្វផ្សាយ ព័ត៌មាននេះមានចរិតញុះញង់ បំភ្លៃការពិត ធ្វើឱ្យមានការ ភាន់ច្រឡំអំពីលទ្ធផល នៃការចរចារលើការអនុគ្រោះពន្ធជុំទី១ របស់ប្រទេសកម្ពុជា ជាមួយ សហរដ្ឋអាមេរិក។

ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងហ្មត់ចត់ ជាបន្តបន្ទាប់របស់សមត្ថកិច្ច នគរបាលជាតិ បានរកឃើញថា សារសំឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Overseas ពុំមែនជាសារសំឡេង របស់ លោកស្រីរដ្ឋមន្រ្តី​ចម និម្មល នោះទេ។ សារសំឡេងនោះ គឺជាការប្រើ បច្ចេកទេសកាត់រូបភាពវីដេអូរបស់ លោកស្រីចម និមល ដោយបញ្ចូល សំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយក្នុងចេតនាធ្វើវិទ្ធង្សនា បំពុល បំផ្លាញសង្គម ញុះញង់ លាបពណ៌ និង បំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាលក្នុងកិច្ចការ ចរចារលើការអនុគ្រោះពន្ធជុំទី១ ជាមួយភាគីអាមេរិក។

សមត្ថកិច្ចក៏បានរកឃើញដែរថា មុខសញ្ញា ដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ គឺជាស្រ្តី មានឈ្មោះ ជូ ឈីន កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង។ ស្រ្តីរូបនេះ គឺជាមុខសញ្ញាចាស់ ដែលត្រូវបាន តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាព ឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួន ទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។

ក្នុងអំឡុងពេលសម្ងំលាក់ខ្លួននៅប្រទេសថៃ ស្ត្រីរូបនេះបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនដូចជាទំព័រឈ្មោះ ស្ត្រី Overseas, គណនីឈ្មោះ ស្ទឹង សម្ងាត់, Chhin Chou, និងគណនីឈ្មោះ ម៉ៅ បង ធ្វើជាមធ្យោបាយដើម្បីបម្រើ ឧបាយកលក្បត់ជាតិ នៃក្រុមឧទ្ទាមជ្រុលនិយម ដោយបន្តសកម្មភាពបង្ហោះព័ត៌មានញុះញង់ បំភ្លៃការពិតធ្វើឱ្យចលាចល បង្កអសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បច្ចុប្បន្ននេះ នគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ ធ្វើការស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ប្រទេស កម្ពុជាវិញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីដើមសប្តាហ៍នេះ ក៏បានឆ្លើយតបទៅនឹងការបំភ្លៃការពិត របស់អ្នករិះគន់កិច្ចចរចាទ្វេភាគីពាណិជ្ជកម្មកម្ពុជា-អាមេរិក ខណៈពេលដែលលទ្ធផលសម្រេចមិនទាន់មាននៅឡើយ ដែលដូចគ្នាទៅនឹងប្រទេសផ្សេងៗទៀតជាង១៨០ក្នុងពិភពលោក។

កិច្ចចរចាទល់មុខគ្នាជុំទី១រវាងកម្ពុជា និងអាមេរិកបានប្រព្រឹត្តទៅ កាលពីពាក់​កណ្តាល​ខែ​ឧសភា​នេះ ដោយ​ភាគីទាំង២បានពិភាក្សាគ្នា ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំ​នង​ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ កិច្ចចរចាទល់មុខគ្នាជុំទី២ គ្រោងនឹងបន្តធ្វើនៅដើមខែមិថុនាខាងមុខនេះ៕