
ប្រជាពលរដ្ឋជិះម៉ូតូមុខអគារទីស្ដីការគណៈរដ្ឋមន្ត្រី។ ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាលនឹងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ បុគ្គលិកក្នុងគ្រឹះស្ថានអប់រំសាធារណៈ និងមន្ត្រីសុខាភិបាលទូទាំងប្រទេស ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការអនុវត្តការងារ។ នាយករដ្ឋមន្ត្រីក៏បានព្រមានមិនឲ្យមានការក្លែងឯកសារ ឬការផ្លាស់ប្ដូរអង្គភាពក្នុងយុទ្ធនាការនេះ។
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងសារាចរ ៣ ដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២០ ខែឧសភា។ យ៉ាងណាក៏ដោយមិនមានការបញ្ជាក់ពីកាលបរិច្ឆេទពេលវេលាដែលការធ្វើបច្ចុប្បន្នភាពនេះនឹងត្រូវធ្វើឡើងនោះទេ។
យោងតាមសារាចរទាំង៣ ការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលធ្លាប់ត្រូវបានធ្វើឡើង ៣ ដងរួចហើយ នៅឆ្នាំ ១៩៩៥, ២០០១ និងឆ្នាំ២០១០ ដែលជំរឿនទាំងនេះបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រងមន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។
ជំរឿនមន្ត្រីថ្នាក់ជាតិនេះ ត្រូវបានលើកលែងចំពោះមន្ត្រី និងស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងសន្តិសុខជាតិ ក្រសួងការពារជាតិ និងពន្ធនាគារ។
សម្រាប់មន្ត្រីទាំងនៅថ្នាក់ជាតិ មន្ត្រីអប់រំដែលចាប់ពីមត្តេយ្យសិក្សា ដល់វិទ្យាល័យ និងមន្ត្រីសុខាភិបាល មិនត្រូវបានអនុញ្ញាតឲ្យមានការផ្ទេរ ឬផ្លាស់ប្ដូរអង្គភាពបំពេញការងារ និងមិនអនុញ្ញាតឲ្យមានការកែប្រែទិន្នន័យឬកែប្រែព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពមន្ត្រីឡើយ។
សារាចរអំពីការជំរឿននៅថ្នាក់ជាតិរំលេចថា៖ «ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធក្នុងយុទ្ធនាការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុស ជាអាទិ៍ការក្លែងឬបន្លំឯកសារ ឬ ព័ត៌មាន នឹងត្រូវបណ្ដេញចេញ ដោយមិនគិតដល់ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌផ្សេងទៀត»។
សម្រាប់មន្ត្រីអង្គភាពសុខាភិបាលមូលដ្ឋាន ជំរឿននឹងធ្វើឡើងលើមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត២ រហូតដល់ប៉ុស្តិ៍សុខភាព។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការធ្វើជំរឿនរបស់រដ្ឋាភិបាលគឺដើម្បីធានាប្រសិទ្ធភាពអភិបាលកិច្ច ការប្រើប្រាស់ធនធានសាធារណៈប្រកបដោយតម្លាភាព, ប្រសិទ្ធផល និងធ្វើឲ្យប្រសើរឡើងដល់គុណភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។
លោកបន្តថា ការធ្វើជំរឿននេះនឹងលុបបំផុតការខាតបងថវិការដ្ឋដែលត្រូវបើកទៅឲ្យមន្ត្រីខ្មោចដែលមានតែឈ្មោះតែមិនមកធ្វើការ ឬមកធ្វើការមិនទៀតទាត់។
លោកបន្តថា ការធ្វើជំរឿននេះនឹងជួយឲ្យរដ្ឋាភិបាលដឹងពីសមត្ថភាពរបស់មន្ត្រី និងចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែម តើពួកគេមានជំនាញអ្វី ឬខ្វះជំនាញអ្វី។ លើសពីនេះ វាជួយឲ្យផ្នែកធនធានមនុស្សដឹងពីស្ថានភាពថាតើត្រូវជ្រើសរើសមន្ត្រីរាជការបន្ថែម ឬ ត្រូវបណ្ដុះបណ្ដាញជំនាញបន្ថែម និងដឹងថាតើមន្ត្រីប៉ុន្មាននឹងត្រូវចូលនិវត្តន៍។
លោកថា សម័យទំនើបនេះ ក្រសួងស្ថាប័នគួរតែមានប្រព័ន្ធទិន្នន័យ (database) ហើយលែងកត់ត្រានៅលើក្រដាសទៀត ដែលប្រព័ន្ធនេះងាយស្រួលក្នុងការគ្រប់គ្រង ទាំងការចេញចូល និងដឹងថាមន្ត្រីណាម្នាក់ត្រូវដល់ពេលចូលនិវត្តន៍ ដើម្បីងាយស្រួលក្នុងការជ្រើសរើសមន្ត្រីមកជំនួស ឬ ត្រូវបន្ថែម។
លោកថ្លែងថា៖ «ដូច្នេះ នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលវាជួយបានច្រើន ដែលធ្វើឲ្យអភិបាលកិច្ចក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងស្ថាប័នសាធារណៈមានភាពប្រសើរជាងមុន»៕