ភ្នំពេញ​៖ ដោយសារ​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​បន្ត​កើនឡើងាន់តែ​ស្មុគស្មាញ ការការពារ​វិស័យ​ហិរញ្ញវត្ថុ​បាន​ក្លាយជា​អាទិភាព​បន្ទាន់​សម្រាប់​កម្ពុជា​។​

សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) បាន​ប្រារព្ធ​ទិវា «ទិវា​សុវត្ថិភាព​​ឌីជីថល ឆ្នាំ​២០២៥» ក្រោម​ប្រធានបទ «ការទប់ស្កាត់ និង​ការការពារ» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ថ្ងៃទី​២៣ ខែ​ឧសភា​ ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​ដែល​សន្តិសុខ​អ៊ីនធឺណិត​​ការពារ​ប្រព័ន្ធ​ធនាគារ​របស់​ប្រទេសជាតិ​។​

​គំ​និ​ច​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​នេះ មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង ពង្រឹង​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ និង​លើកកម្ពស់​ឧត្ដ​មា​នុ​វត្ត​ន៍​សម្រាប់​សុវត្ថិភាព​ឌីជីថល​។​

​លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែងថា​៖ «​ទិវា​សុវត្ថិភាព​ឌីជីថល​លែង​ជា​​មុខងារ​បច្ចេកទេស​តែមួយ​ផ្នែក​ទៀតហើយ វា​ជា​អាទិភាព​សម្រាប់​គណៈ​គ្រប់គ្រង​ស្ថាប័ន និង​គ្រឹះស្ថាន ឬ​ក្រុមប្រឹក្សា​ ​ភិ​បាល​របស់​គ្រឹះស្ថាន ឬ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងមូល​»។

លោកបាន​ឱ្យ​ដឹងថា វា​ក៏​មិនមែនជា​ការទទួលខុសត្រូវ​របស់​ផ្នែក​ព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះ​ទេ តែ​អ្នក​គ្រប់គ្នា​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជា​អ្នកមាន​តួនាទី​ក្នុងការ​ទប់ស្កាត់ និង​ការពារ​ចំពោះ​បញ្ហា​នេះ​។​

លោក សោភ័ណ បាន​ន្ថែ​ម​ថា រាល់​ការ​ចុច​លើ​ប្រតិបត្តិការ និង​ការផ្ទេរ​ទិន្នន័យ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​ត្រួតពិនិត្យ​ឱ្យបាន​ម៉ត់ចត់ ព្រោះ​វា​អាច​ប្រឈម​នូវ​ការគំរាមកំហែង​រាល់​វិនាទី​។ ការគំរាមកំហែង​មាន​ពិតប្រាកដ និង​វិ​វត្ត​ជាប្រចាំ​។

លោកបាន​ពន្យល់ថា​៖ «​​ជាមួយនឹង​ការបោកប្រាស់​តាម​ប្រព័ន្ធ​ឌីជីថល មានដូចជា ការបោកប្រាស់​តាមរយៈ​ការផ្ញើ​សារ ឬ​អ៊ីមែល (phishing) ការវាយប្រហារ​ដោយ​មេរោគ​កុំព្យូទ័រ (Ransomware) និង​វិធីសាស្ត្រ​នៃ​ការបោកប្រាស់​កាន់តែ​មាន​លក្ខណៈ​ស្មុគស្មាញ ដូច្នេះ​កម្មវិធី​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ទប់ស្កាត់ និង​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ និង​កសាង​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន»។​

កម្ពុជា​ក៏​ដូច​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងទៀត​ដែរ ពោលគឺ មិនអាច​គេចផុត​ពី​បញ្ហា​ប្រឈម​ទាក់ទង​ទៅនឹង​បញ្ហា​សាយ​ប័​រ​នេះ​បានឡើយ​។គិត​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការវាយប្រហារ តាមរយៈ​ការផ្ញើ​សារ ឬ​អ៊ីមែល (phishing) ដែលមាន​លក្ខណៈ​ស្មុគស្មាញ​បានកើត​ឡើងជា​ច្រើន​ករ​ណី​។

បទល្មើស​ទាំងនេះ ជារឿយៗ​តែង​ធ្វើឡើង​តាមរយៈ​អ៊ីមែល សារ SMS និង​កម្មវិធី​ផ្ញើ​សារ​ផ្សេងៗ ដើម្បី​ចូល​លួច​យក​ព័ត៌មាន​​សម្ងាត់​។

ការគំរាមកំហែង​ដែល​គួរឱ្យ​ព្រួយបារម្ភ​គឺ ជនល្មើស​មួយចំនួន​បាន​ប្រើ​ឧបករណ៍ (fake BTS) ដើម្បី​ផ្សព្វផ្សាយ​សារ​ដែលមាន​មេរោគ​តាមរយៈ​តំណ​ភ្ជាប់ (link) ហើយ​នៅពេលដែល​អ្នកប្រើប្រាស់​ចុច​ចូលទៅ​កាន់​​គេហទំព័រ​ក្លែងបន្លំ ឬ​ដំឡើង​កម្មវិធី​ដែលមាន​ហានិភ័យ​។

លោក សោភ័ណ្ឌ បានបន្ដថា​ កត្តា​ទាំងនេះហើយ តម្រូវការ​ចាំបាច់​ក្នុងការ​លើកកម្ពស់​លើ​ការយល់ដឹង​អំពី​សុវត្ថិភាព​ឌីជីថល និង​វិធាន​ការការពារ​ដ៏​សុវត្ថិភាព​។​

លោក ឡុង វី​បុណ្យ​ឫទ្ធ អគ្គនាយករង​ប្រតិបត្តិការ ធនាគារជាតិ​នៃ​កម្ពុជា បានថ្លែងថា​៖ «​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា ការងារ​ស្នូល​របស់ខ្លួន​គឺ ការថែរក្សា​គុណ​តម្លៃ និង​ស្ថិរភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែលមាន​បរិ​យាប​ន្ន ពិពិធ​កម្ម និង​សុវត្ថិភាព​។ យើង​ទទួលស្គាល់​អំពី​តួនាទី​សំខាន់​ដ៏​សំខាន់​នៃ​សុវត្ថិភាព​ឌីជីថល ក្នុងការ​ថែរក្សា​ទំនុកចិត្ត​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​»។​​

លោក​បាន​បន្ថែម​​ថា​​ ធនាគារជាតិ​នៃ​កម្ពុជា ក៏​សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចជា និយ័ត​ករ គ្រឹះស្ថាន​ហិរញ្ញវត្ថុ អ្នកផ្តល់​សេវា​បច្ចេកវិទ្យា និង​អតិថិជន មេត្តា​ចូលរួម​ជំរុញ​ការយល់ដឹង​អំពី​សុវត្ថិភាព​ឌីជីថល ជំរុញ​នវានុវត្តន៍ និង​សហការ​រួមគ្នា ដើម្បី​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​ឌីជីថល​នា​អនាគត​របស់​កម្ពុជា​​។​

ទិវា​សុវត្ថិភាព​ឌីជីថល​នេះ មាន​កិច្ចពិភាក្សា​សំខាន់ៗ​ចំនួន​បី ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​គោលនយោបាយ​សុវត្ថិភាព​ឌីជីថល ការទប់ស្កាត់​ការបោកប្រាស់ និង​ការធានា​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​។

ស្ថាប័ន​សំខាន់ៗ ដូចជា​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ក្រុមហ៊ុន Mastercard និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (CAFIU) បាន​ចែករំលែក​ការយល់ដឹង និង​យុទ្ធសាស្ត្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ដែល​កំពុងមាន​ការកើនឡើង​។​

លោកស្រី Wong Winnie នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Mastercard ប្រចាំ​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា បានឱ្យដឹង​ថា​៖ «​ក្រុមហ៊ុន Mastercard ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​រដ្ឋ និង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​ហានិភ័យ ដំណោះស្រាយ​ដ៏​ប្រសិទ្ធភាព​លើ​សុវត្ថិភាព​សាយ​ប័​រ និង​អភិវឌ្ឍ​គោលនយោបាយ​គាំទ្រ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ ភាព​ធន់​នៃ​សាយ​ប័​រ​ថ្នាក់ជាតិ»​។

លោកស្រីបន្ដថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា កិច្ចសហការ​ជាមួយ​និយ័ត​ករ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ គឺជា​គន្លឹះ​ក្នុងការ​ពង្រឹង​វិធាន​សុវត្ថិភាព​ឌីជីថល រាប់​ចាប់ពី​ការធានា​លើ​សុវត្ថិភាព​អត្តសញ្ញាណ​ឌីជីថល រហូតដល់​ការកសាង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដែលមាន​ភាព​​ធន់»​។

លោកស្រី Winnie បាន​លើកឡើងថា សុវត្ថិភាព​ឌីជីថល មិនមែនជា​ការព្រួយបារម្ភ​អំពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទៀត​នោះទេ វា​បាន​ក្លាយជា​យុទ្ធសាស្ត្រ​​អាទិភាព ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ឆ្លើយតប​នឹង​ហានិភ័យ​ដែល​កំពុងមាន​ការកើនឡើង​»។​

ទិវា​សុវត្ថិភាព​ឌីជីថល ឆ្នាំ​២០២៥ មិន​ត្រឹមតែ​ជំរុញឱ្យមាន​ការសន្ទនា​រវាង​ភាគី​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​គោលបំណង​បង្កើន​ចំណេះដឹង​ផ្នែក​ឌីជីថល​សម្រាប់​អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​លើកកម្ពស់​វប្បធម៌​នៃ​ការការពារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ប្រកបដោយ​បុ​រេ​សកម្ម​៕