
លោក ហួត ហាក់ (កណ្តាលស្តាំ) និង លោក Xu Kunlin ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងចិន។ ក្រសួងទេសចរណ៍
រដ្ឋបាលខេត្តជាំងស៊ូ ប្រទេសចិន បានសន្យាថានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជនក្នុងខេត្តរបស់ខ្លួន និងបណ្តាខេត្តនានានៅប្រទេសចិនឱ្យធ្វើដំណើរមកកម្សាន្តប្រទេសកម្ពុជាឱ្យកាន់តែច្រើន។
នេះជាការអះអាងរបស់លោក Xu Kunlin អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដែលបានដឹកនាំគណៈប្រតិភូរបស់ខ្លួនមកជួបពិភាក្សាជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើមក្នុងជំនួបខាងលើ លោក ហួត ហាក់ បានសម្តែងក្តីរីករាយទទួលស្វាគមន៍គណៈប្រតិភូចិន នៃខេត្តជាំងស៊ូ ដែលធ្វើដំណើរមកកម្ពុជាក្នុងឱកាសនៃពិធីបើក«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ព្រមទាំងបានកោតសរសើរចំពោះចំណងមិត្តភាព និងការទូតរវាងកម្ពុជា-ចិនដែលមានរយៈពេល ៦៧ឆ្នាំកន្លងមក ស្របតាមស្មារតី«មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែងក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន។
បន្ថែមលើនេះ លោក ហួត ហាក់ ក៏បានអបអរសាទរចំពោះការភ្ជាប់ជើងហោះហើរឡើងវិញរវាងទីក្រុងវូស៊ី (Wuxi) នៃខេត្តជាំងស៊ូ ជាមួយក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili Airlines សារជាថ្មីម្តងទៀតបន្ទាប់ពីផ្អាកដំណើការអស់រយៈពេល ២ឆ្នាំ។
ជាការឆ្លើយតប លោក Xu Kunlin បានបង្ហាញក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នាពេលកន្លងមក និងនាពេលអនាគតផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ តាមរយៈជំនួបនេះ ភាគីទាំង ២ បានសន្យានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យទេសចរណ៍ ដែលមានចំណុចសំខាន់ៗមួយចំនួនដូចជា រដ្ឋបាលខេត្តជាំងស៊ូនឹងជួយផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជាទៅដល់ប្រជាជនខេត្តជាំងស៊ូ និងតាមបណ្តាខេត្តនានាក្នុងប្រទេសចិនឱ្យបានទូលំទូលាយ, រដ្ឋបាលខេត្តជាំងស៊ូ នឹងលើកទឹកចិត្តអ្នកវិនិយោគក្នុងខេត្តជាំងស៊ូ ឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជាដែលពោរពេញដោយសក្តានុពលវិនិយោគ និងទទួលបានការលើកទឹកចិត្តច្រើនពីរដ្ឋាភិបាលកម្ពុជា, និងរដ្ឋបាលខេត្តជាំងស៊ូ នឹងបង្កើនជើងហោះហើរត្រង់រវាងក្រុងផ្សេងៗរបស់ខេត្តជាំងស៊ូ មកខេត្តគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
ចំណែកចំណុចផ្សេងទៀតមានដូចជា ភាគីទាំង ២ នឹងសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូមកទស្សនាកម្ពុជា, និងភាគីទាំងពីរសន្យានឹងសហការជាមួយគ្នាក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសចិន ដូចជា ការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ និងតាមបណ្តាខេត្តនានាប្រទេសចិន។
ក្នុងឱកាសនៃជំនួបខាងលើ ភាគីទាំង ២ ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងវិស័យទេសចរណ៍ចំនួន ៦ ផងដែរ។
ស្ថិតិក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជនជាតិចិនមានប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥ភាគរយ។ សម្រាប់រយៈពេល ៤ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវបរទេសប្រមាណ ២,៤ លាននាក់ កើនជិត ១៤ភាគរយ ក្នុងនោះភ្ញៀវជនជាតិចិនមានជាង ៣៨ម៉ឺននាក់ កើនឡើងជិត ៤៩ភាគរយ៕