
អតីតឧកញ៉ា ហេង សិទ្ធី។ រូបថត ហ្វ្រេសញូវ
អតីតឧកញ៉ា ហេង សិទ្ធី ដែលធ្លាប់អះអាងថា មានអំពើពុករលួយរបស់មន្ត្រីជានខ្ពស់ក្នុងរឿងឆបោកតាមអនឡាញ ត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយតុលាការពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានហ្វ្រេសញូវ។
លោក សិទ្ធី ធ្លាប់គ្រប់គ្រងក្រុមហ៊ុន Maritime Group ដែលមានទាំងរីសត និងធនាគារ។ លោកធ្លាប់បានរិះគន់ និង អះអាងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ហ៊ុន តូ និង លោក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានការពារឧក្រិដ្ឋជនអនឡាញនៅកម្ពុជា។ ការអះអាងទាំងនេះត្រូវបានក្រសួងមហាផ្ទៃ លោក ហ៊ុន តូ និង អគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធ ដោយចាត់ទុកថាជាការប្រឌិតព័ត៌មាន មានចេតនាទុច្ចរិត ធ្វើឡើងដើម្បីបំភាន់មតិសាធារណជន។
លោក ឆាយ គឹមខឿន ត្រូវបានស្រង់សម្ដីដោយសារព័ត៌មានហ្វ្រេសញូវថា លោក ហេង សិទ្ធិ ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកត្រូវបានចាប់ខ្លួននៅរុស្ស៊ី តាមសំណើរបស់ប៉ូលិស INTERPOL កម្ពុជា កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៥។
លោក ឆាយ គឹមខឿន បញ្ជាក់ថា លោក ហេង សិទ្ធី បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចតុលាការដើម្បីចាត់ការបន្ត នីតិវិធី៕