ភ្នំពេញ៖ និស្សិត​ផ្នែក​គណនេយ្យ សវនកម្ម និង​ពន្ធដារ អាច​ចាប់​យក​អាជីព​ដ៏​ជោគជ័យ​មួយ​នៅពេល​ខាងមុខ ខណៈដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បើកឱកាស​ថ្មី​សម្រាប់ការ​ប្រកួត​ប្រជែង​ជា​​មន្ត្រី​ពន្ធដារ​​។​

ក្នុង​សន្និសីទ​នាពេល​ថ្មីៗ​នេះ ស្តីពី​អាជីព​គណនេយ្យ សវនកម្ម និង​ពន្ធដារ​ ដែល​រៀបចំឡើង​នៅ​សាលា CamEd Business School នៅ​ថ្ងៃទី ២៣​ ខែ​ឧសភា លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ បាន​សង្កត់ធ្ងន់​លើ​តួនាទី​សំខាន់​របស់​មន្ត្រី​ពន្ធដារ​ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍន៍​ជាតិ និង​ផ្តល់​ការយល់ដឹង​អំពី​ទិដ្ឋភាព​ពន្ធដារ​ដែល​កំពុង​វិ​វត្ត​។​

នេះ​ជាការថ្លែង​បើក​ឱកាស​ដល់​និស្សិត​​ពិចារណា​លើ​អាជីព​ ដែល​រួមបញ្ចូល​កំណើន​វិជ្ជាជីវៈ​ជាមួយនឹង​ឱកាស​ដើម្បី​រួមចំណែក​ដល់​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

លោក រតនា បាន​ថ្លែង​នៅ​ចំពោះ​មុខ​នាយក លោកគ្រូអ្នកគ្រូ និស្សិត​សាកលវិទ្យាល័យ CamEd Business School ថា៖ «ក្នុង​នាម​ជា​ជំនាញ ទស្សនៈ​វិស័យ​ គឺ​ធ្វើ​យ៉ាង​ឱ្យ​ក្លាយជា​អង្គភាព​សាធារណៈ​ត្រូវ​បា​ន​ជឿជាក់ និង​គោរព ទទួល​ស្គាល់​លើ​គុណភាព​ជំនាញ នៃការ​ប្រមូល​ពន្ធ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ចីរភាព​»។

លោកបន្ដថា មន្ដ្រី​ពន្ធដារ​ផ្ដល់សេវា​ប្រកប​ដោយ​គុណភាព ពង្រឹងការ​អនុវត្ដ​ច្បាប់ និងបទបញ្ញត្ដិ​ស្ដីពី​ពន្ធដារប្រកប​ដោយ​សុច្ចរឹតភាព និងភាព​ស្មើរគ្នា​។

ចំពោះ​ការ​ប្រមូល​ពន្ធ អគ្គនាយកដ្ឋានពន្ធដារគឺជា​អង្គភាព​សំខាន់​មួយ​ក្នុងការ​ប្រមូលចំណូល​ពន្ធ​ពី​បុគ្គល សហគ្រាស ឬទ្រព្យ​សម្បត្ដិ​ដើម្បី​បញ្ចូល​ទៅ​ខ្ទង់​ចំណាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់ការ​កសាង​ប្រទេស​រួម​ទាំង​សាងសង់​ផ្លូវ​ ស្ពាន និងវិស័យ​ការពារជាតិ​ជាដើម។

លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅចំពោះមុខនាយក លោកគ្រូអ្នកគ្រូ និស្សិតនៅ CamEd Business School។ រូបថត ហុង រស្មី

លោក រតនា បាន​បញ្ជាក់ថា​៖ «​ប្រព័ន្ធពន្ធដារដែលយើង​ធ្វើបាន​ត្រឹម​ត្រូវ​សម្រេច​បាន​នូវ​គោលបំណង​របស់​​រាជរដ្ឋាភិបាល​​ ជាពិសេស លើកទឹកចិត្ដ​ដល់​វិស័យ​ដែល​រាជរដ្ឋាភិបាល​ចង់​ផ្ដល់​ភាព​អនុគ្រោះ​»។

លោកបានពន្យល់ថា តាម​ការសិក្សា​ស្រាវជ្រាវ​ កម្រិត​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) ដើរ​ស្រប​នឹង​ចំណូល​ពន្ធ។ រយៈ​ពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ ពន្ធដារ​ប្រមូល​ពន្ធ​មានការកើន​ឡើង​រហូត ដែល​រត់​ទៅតាម​កំណើន (ផ.ស.ស)។

យ៉ាងណាមិញ លោក​ទទួល​ស្គាល់ថា សម្រាប់​ឆ្នាំ​២០២៤-២០២៥ ប្រព័ន្ធ​ទាំងពីរ​នេះ​មិន​រត់​ស្រប​គ្នា​ទេ ដោយសារ​រាជរដ្ឋាភិបាល​អាណត្ដិ​ថ្មីនេះ លើកទឹកចិត្ដ​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​កូវីដ​-១៩ និង​ផល​ប៉ះពាល់​ពី​សេដ្ឋកិច្ច​សកល​ ពោល​គឺ​ការ​ស្ដា​សេដ្ឋកិច្ច និង​គាំទ្រ​សង្គម ជាជាង​ការ​ប្រមូល​ពន្ធតាម​ផែនការ​។

ជាចំណែកមួយ​នៃ​មុំ​ចំនួន​៥ របស់​រាជរដ្ឋាភិបាល គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស (Human capital development) ដែល​គ្រឹះស្ថាន​អប់រំ​ពិតជា​ទីកន្លែង​ដ៏​មាន​សារសំខាន់​ណាស់​ ហើយ​មុំ​ចុង​ក្រោយ​គឺ​សេដ្ឋកិច្ច និង​សង្គមឌីជីថល​។

ពន្ធដារ​មាន​គោល​សំខាន់ ៣ ចំណុច គឺ​បង្កើត​អនុលោម​ភាព ​​មាន​ន័យថា ពង្រឹង​ការ​គោរព​ច្បាប់ ដែលទាមទារ​អ្នក​ចេះ​ផ្នែក​គណនេយ្យ ចេះ​គោរព​ច្បាប់ ដែល​និស្សិត​ទាំង​អស់​ពិត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​។

លោក រតនា បានបន្ដថា ទីពីរ គឺ​បដិវត្ដកម្ម​ឌីជីថល​ ដែល​កម្ពុជា​កំពុងតែ​អនុវត្ដ​ និង​ទីបី គឺការ​ពង្រឹង​​ធនធាន​មនុស្ស​។

លោក​បាន​ថ្លែងថា​៖ «​ឯកសារ​ពន្ធដារ​ ជាប់​កន្លែង មន្ដ្រី​ណា​រក្សា​ទុក យើង​អាច​មើលដឹង និង​តាម​រក​ឃើញ តាម​រយៈ​ការ​ឆែក​ដោយ​ខ្លួន​ឯង​។ បន្ដិច​ទៀត យើង​បង្កើត​ Tax Application ដំណើរការ​ដោយ​បញ្ហា​សិប្បនិម្មិត (AI) ដោយ​កា​រចូល​មើល​អំពីទឹក​ប្រាក់​ត្រូវ​បង់ពន្ធ ជំពាក់ពន្ធ​ប៉ុន្មាន។ ដោយ​ឡែក ប្អូនជាសិស្ស ចង់​សួរ​សំណួរ​ សួរ និង​ឆ្លើយ​ភ្លាមៗ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​»។

លោក រតនា បានបន្ដថា មុខងារ​ស្នូល​របស់​ពន្ធដារ​ កន្លងមក ធ្វើ​ដោយ​ដៃ តែបច្ចុប្បន្ន​នេះ វា​ត្រូវបាន​ប្ដូរ​មក​ជា​អេឡិចត្រូនិក​ទាំងអស់ ហើយ​រយៈ​ពេល ៣ខែ ពន្ធដារ​ផ្ដល់​សេវាកម្ម​ជិត ១ម៉ឺន​ករណី​។

ប្រធាននាយកដ្ឋាន បាន​លើកឡើងថា ធ្វើជា​មន្ដ្រី​ពន្ធដារ ហាក់ទទួល​បាន​ប្លង់​រឹងមួយ ដែល​ខុសពី​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​ទទួល​បាន​ឱកាស​ដណ្ដើម​បាន​អាហារូបករណ៍​ជាច្រើន​កន្លែងទាំងក្នុង និង​ក្រៅប្រទេស​។

លោកបាន​អះអាងថា​៖ «​កុំ​បារម្ភ​! បើ​ប្អូនៗ​ចេះ គឺ​ជាប់​ ហើយ​ពេល​ប្អូនៗ​ជាប់​ក្នុង​ផ្នែក​ពន្ធដារ ប្រាក់​ខែ និង​ចំណូល​​មិន​ចាញ់​ក្រុមហ៊ុន​ឯកជនទេ​»។