ភ្នំពេញៈ ការរួមរឹតដោយពាក្យបណ្តឹងជាង១០ រហូតដល់ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១០​ថ្ងៃ មិនបានធ្វើឱ្យលោកអ៊ុក ម៉ៅភ័យខ្លាច ហើយបោះបង់ឆន្ទះ ការពារធនធានធម្មជាតិ​ចោលនោះទេ។ ផ្ទុយ​ទៅ​​វិញ សកម្មជនបរិស្ថាន និងអ្នកកាសែតសហគមន៍ រូបនេះ បានអះអាងថា នឹងនៅតែបន្តសកម្ម​ភាព​ការ​ពារ​ព្រៃ​ឈើដដែល ជាពិសេសព្រៃឡង់។ ព្រៃឡង់​​ ដែលលោកចាត់ទុកថា ​ជាបេះដូងរបស់លោក។

លោកបានលើកឡើងថា ទោះបីជារូបលោក មិនមែនជាអ្នកសារព័ត៌មាន ដែល​ទទួល​បាន​ការ​ចុះបញ្ជី​ស្រប​ច្បាប់  ក៏លោកនៅ​តែ​មាន​សិ​ទ្ធិកា​រ​ពារព្រៃឈើកម្ពុជាដែរ។

លោកអះអាងថា៖«មុនពេលដែលគេចាប់ខ្ញុំដាក់ពន្ធនាគារ ខ្ញុំការពារព្រៃឈើ១០ភាគរយ តែក្រោយពេល​ចេញ​ម​កវិ​ញ​នេះ ខ្ញុំនឹងបង្កើនការខិតប្រឹងប្រែងការពារឱ្យឡើងដល់១០០ភាគរយ។ ខ្ញុំនៅតែធ្វើដដែល​ តែ​ខ្ញុំ​នឹងការពារព្រៃឈើ ខ្ញុំនឹង​ធ្វើឱ្យលើសពីមុនទៀត បើទោះបីខ្ញុំត្រូវបានគេធ្វើទុក្ខបុកម្នេញក៏ដោយ»។

លោកអ៊ុក ម៉ៅ អាយុ៥៧ឆ្នាំត្រូវ​បានកម្លាំងអាជ្ញាធរក្នុងខេត្តស្ទឹងត្រែង​ចាប់​ និង​ឃុំ​ខ្លួនបណ្ដោះអាសន្ន​នៅ​ពន្ធ​នា​គារ​​ខេត្ត​កាលពី​​​ថ្ងៃ​ទី១៦​ ខែ​ឧសភានេះ ​ក្រោម​បទចោទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិ​ហា​រ​​កេរ្តិ៍​ជាសាធារណៈ»។ ទោះយ៉ាងណា លោកត្រូវបានតុលាការខេត្ត​សម្រេច​ដោះលែ​ងឱ្យ​នៅ​ក្រៅឃុំ​វិ​ញ​កា​ល​ពី​​​រ​សៀល​​ថ្ងៃអាទិត្យ ​ទី២៥ ខែ​ឧសភាដដែលនេះ។

លោកបានឱ្យដឹងថា ក្រោយពីការដោះលែងនោះមក លោកត្រូវគោរពតាមលក្ខខណ្ឌចំនួន៣ចំណុច។ ក្នុង​នោះ​​​មាន​ដូ​ច​ជា​៖ ក្រោយពេលមកដល់ផ្ទះបាន៣ថ្ងៃ លោកត្រូវយកដីកា​ដោះ​លែងនោះ ទៅ​ផ្តល់​ដំណឹង​ដល់​នគ​រ​បាល​ប៉ុស្តិ៍ ហើយលោក​ត្រូវ​ជូន​ដំណឹងដល់អាជ្ញាធរមូលដ្ឋាន នៅពេលដែលផ្លាស់ប្តូរទីលំនៅ។ ចុង​ក្រោ​យគឺ​លោក​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុ​ខតុលាការ ទៅតាមការកោះហៅ។

លោកអ៊ុក ម៉ៅ បានអះអាងថា គ្មានការហាមឃាត់ណាមួយ មិនឱ្យលោក​បន្ត​ធ្វើ​សកម្ម​ភាព​កា​រពា​រព្រៃ​ឈើ​នោះទេ​។ ប៉ុ​ន្តែ​មន្រ្តីសាលាខេត្ត និងតុលាការបានណែនាំលោក«ឱ្យធ្វើអ្វី ត្រឹមត្រូវទៅតាមច្បាប់» ហើយ​លោក​ក៏​​យល់​ព្រ​ម​ទទួ​ល​យ​កផ​ង​ដែរ។

លោកបាននិយាយថា៖«ខ្ញុំអត់ខ្លាចទេ។ អ្វីដែលខ្ញុំធ្វើ គឺដើម្បីព្រៃឈើ ប្រជាពលរដ្ឋខ្ញុំ ប្រទេសជាតិរបស់ខ្ញុំ។ បើខ្ញុំទៅកាប់បំផ្លាញ អាហ្នឹងបានខ្ញុំខ្លាចគុក ខ្លាចច្រវ៉ាក់ តែបើទៅការពារអ៊ីចឹង ខ្ញុំមិនខ្លាចទេ មន្រ្តី​គ្រាប់​ល្ពៅ​មួយ​ចំ​នួន​នោះ»។

ការចាប់ឃុំខ្លួនលោក អ៊ុក ម៉ៅ​បង្កឱ្យមានការរិះគន់ពី អង្គការសង្គមស៊ីវិល និង​សារព័​ត៌មា​ន​បរ​ទេស​មួយ​ចំ​នួន​ផង​ដែរ។ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា បានធ្វើការបំភ្លឺថា លោកអ៊ុក ម៉ៅ មាន​បណ្ដឹងចំនួន១៥ សំណុំរឿងផ្សេងៗគ្នា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក និង​ត្រូវ​បានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និង​ការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។

ក្រសួងបញ្ជាក់ថា លោកអ៊ុក ម៉ៅ គឺជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែ​លោកមិន​មាន​បណ្ណ​សារ​ព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិន​អាចបំពេញ​លក្ខ​ខណ្ឌ​ក្នុងការ​ស្នើ​សុំ​បណ្ណ។ ពោល គឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬ​ស្ថិត​ក្នុងនីតិវិធីតុលាការឡើយ។

បន្ថែមពីនោះ រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានបំភ្លឺជូនសាធារណជនផងដែរថា ផ្ទះរបស់លោអ៊ុក ម៉ៅ​ដែ​លត្រូ​វ​ភ្លើ​ង​​ឆេះនោះ គឺពាក់ព័ន្ធទៅនឹងទំនាស់បុគ្គលរឿងលក់ដី។ លើសពីនោះ លោកអ៊ុក ម៉ៅ​ ក៏ត្រូវបានចោទ​ប្រ​កា​​ន់ថា​បានទន្រ្ទានកាន់កាប់ដីព្រៃជាច្រើនផងដែរ។ ទោះយ៉ាងណា លោកអ៊ុក ម៉ៅបានច្រាន​ចោល​ការ​ចោទ​ប្រកាន់នេះ។

លោកអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំសុំប្រាប់ដោយស្ម័គ្រ ដោយចិត្ត បេះដូង ដោយការជាក់ស្តែងថា ជាង​១០​សំណុំរឿងដែលប្តឹងទាំងអស់ហ្នឹង ខ្ញុំអត់មានប្រព្រឹត្តសោះតែម្តង។ អត់មានសោះ អារឿងថា ខ្ញុំ​នេះ​កាប់​បំ​ផ្លាញព្រៃឈើ សូម្បីតែបន្តិចក៏មិនមានដែរ។ ខ្ញុំមិនបានទៅរុករាន ឬកាប់ដីព្រៃនោះទេ»។ លោកបានបន្តថា ប៉ុន្តែលោកធ្លាប់បានទិញដីមែន តែមិនមែនដីព្រៃទេ។ លោកថា លោកបានទិញដីតពីមន្រ្តីអាជ្ញាធរមួយចំនួន ដែល​​មានដូចជាប្រធានភូមិផងដែរ។

លោកអ៊ុក ម៉ៅ ដែលមានកូនរហូតដល់ទៅ៧នាក់ក្នុងបន្ទុកនោះ បានសំណូមពរឱ្យតុលាការទំលាក់ចោលនូវ​រាល់ពាក្យបណ្តឹង និងបទចោទប្រឆាំងនឹងរូបលោក។ ប៉ុន្តែលោកក៏មិនខ្លាចនឹងទទួលទោសផងដែរ ប្រ​សិន​បើ​រូបលោកបានប្រព្រឹត្តដូចការចោទប្រកាន់នោះ៕