
ភ្ញៀវទេសចរទស្សនាផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ កាលពីខែធ្នូ ឆ្នាំ២០២៣។ ភ្នំពេញប៉ុស្តិ៍
កម្ពុជានឹងរៀបចំ«ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល ក្នុងខេត្តស្ទឹងត្រែង នាចុងសប្តាហ៍នេះ ដើម្បីជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នារដូវកាលទេសចរណ៍បៃតង(Green season)។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះកាលបរិច្ឆេទថ្ងៃទី២២ ខែឧសភា លើកឡើងថា ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រសួងទេសចរណ៍ នឹងរៀបចំ«ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១» មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្រសួងបានបញ្ជាក់ថា៖«ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថានសំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត»។
បើតាមសេចក្តីជូនដំណឹង ក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា ពិធីបុណ្យផ្សោតមេគង្គ(ពិធីសូត្រមន្ត), កម្មវិធីអុំទូកកៃយ៉ាក, ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់, សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន (រត់ម៉ារ៉ាតុនដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម), ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ, ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ(ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ), និងទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសគាំទ្រការដាក់ចេញនូវយុទ្ធនាការ«រដូវកាលបៃតង»ជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវ(Low Season)នារដូវវស្សា។ គោលដៅនៃការកំណត់ឈ្មោះរដូវកាលបៃតង គឺតាមរយៈការផ្តល់ជូនអ្នកទេសចរនូវបទពិសោធទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ដែលជាទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងមានបរិយាកាសស្រស់ស្រាយ។
ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដំណាលគ្នានឹងកាលពីថ្ងៃទី២៥ ខែឧសភា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកំណើនកូនផ្សោតដែលកំពុងកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីដើមឆ្នាំ២០២៥ មកដល់ពេលនេះ មានកូនផ្សោតកើតថ្មី ៧ ក្បាល និងពុំទាន់មានផ្សោតស្លាប់ឡើយ ដែលធ្វើឱ្យចំនួនផ្សោតកើនរហូតដល់ ១១១ក្បាល។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោក ឌិន សុមេធារិទ្ធ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីដើមខែឧសភាថា រដូវកាលបៃតង គឺជាពេលដែលអាកាសធាតុនៅប្រទេសកម្ពុជាចាប់ផ្តើមល្អប្រសើរ ព្រោះសីតុណ្ហភាពមិនសូវក្តៅខ្លាំងដូចក្នុងអំឡុងខែមីនា-មេសា និងមានភ្លៀងធ្លាក់ផងដែរ។ លោកបន្តថា ដោយសារ Green Season នៅកម្ពុជាចំពេលដែលភ្ញៀវអឺរ៉ុបមិនសូវធ្វើដំណើរឆ្ងាយ ដូច្នេះវិស័យទេសចរណ៍នៅកម្ពុជាអាចងាកទៅចាប់អារម្មណ៍ចំពោះភ្ញៀវនៅក្នុងតំបន់អាស៊ាន ក៏ដូចជា ប្រទេសចិន ជប៉ុន និងកូរ៉េ ជាដើម។
លោកបញ្ជាក់ថា រដូវកាលបៃតងនៅកម្ពុជា ក៏អាចចាត់ទុកជារដូវកាលកសិ-ទេសចរណ៍ និងប្រមូលផលផ្លែឈើសម្រាប់បរិភោគផងដែរ ដូចជា ស្វាយ ក្រូច និងធុរ៉េន ជាដើម។
ស្ថិតិទេសចរណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារក្នុងវិស័យទេសចរណ៍ចំនួន ៥១ ម៉ឺននាក់ និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ៕