អធិការរង​ស្រុក​បវែល​ម្នាក់​ និង​មន្ត្រី​ម្នាក់​​មក​ពី​​​អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃ​​ក្រសួង​ការពារ​ជាតិ​ ត្រូវ​បាន​បញ្ជូន​ទៅ​គុក​ព្រៃស ពាក់​ព័ន្ធ​នឹង​ការ​​​​ប៉ុនប៉ង​​ស៊ី​សំណូក​​សូក​​ប៉ាន់​ក្នុងទឹក​​​​ប្រាក់​ជាង​ ៧៧ម៉ឺន​ ពី​ជន​ជាតិ​ថៃ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន​ឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ ឈ្មោះ វ៉ន វាសនា ហៅ Mr. Dorn មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង និង ឈ្មោះ​ តាំង សំណាង ឬ សុខ ច័ន្ទសំណាង មាន​តួនាទីជាជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។

អ្នកទាំង​ពីរត្រូវ​បាន​រក​ឃើញ​ថា​បានឃុបឃិតគ្នា ប៉ុនប៉ងរត់ការសូកប៉ាន់​ក្នុង​ទឹក​​ប្រាក់ចំនួន ៧៧ម៉ឺន ៤ពាន់​ដុល្លារ ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ស្នាក់​នៅ​និង​ធ្វើ​ការ​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក សយ ចាន់វិចិត្រ អ្នក​នាំ​ពាក្យ​ ACU បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ឃាត់​ខ្លួន​នេះ​​ផ្តើម​ចេញ​​ពី​ប្រតិបត្តិការ​របស់ក្រុមការងារចម្រុះនៃអគ្គស្នងការនគរបាលជាតិ ​កាលពី​ថ្ងៃទី​២ ខែឧសភា ដែល​បាន​​​ចុះពិនិត្យ និងវាយតម្លៃចំពោះការស្នាក់នៅ និងធ្វើការ​ដោយ​ខុស​ច្បាប់​របស់ជនជាតិ​ថៃ​ ៤៣​នាក់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយមក ពីថ្ងៃទី៤ ដល់ ទី​៦ ខែឧសភា ជនសង្ស័យ វ៉ន វាសនា និង តាំង សំណាង បានឃុបឃិតគ្នា យកប្រាក់ចំនួន​ជាង​ ៧៧ម៉ឺន​ដុល្លារ រត់ការសូកប៉ាន់ ដើម្បីឱ្យមានការដោះលែងអ្នកទាំង ៤៣ ដែលបានឃាត់ខ្លួន ប៉ុន្តែផែនការរត់ការដោះលែងមិនបានជោគជ័យ ហើយ​ជន​ជាតិ​ថៃ​ទាំង ៤៣នាក់ ត្រូវបានសមត្ថកិច្ច​បណ្តេញចេញពី​កម្ពុជា នៅ​ថ្ងៃទី៨ ខែឧសភា។

យ៉ាង​ណា​ក៏​ដោយ មិន​មាន​ការ​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​ពីរ​​ព្យាយាម​យក​ប្រាក់​ទៅ​ស៊ូក​ប៉ាន់​អ្នក​ណា​ដើម្បី​បាន​ការ​ដោះ​លែង​នោះ​ទេ។​

លោក ចាន់វិចិត្រ ​បញ្ជាក់​​ថា ទង្វើជនសង្ស័យទាំងនោះ មានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ ដូច​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​អំពើពុក​រលួយ និង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ។

ដោយឡែក ឈ្មោះ​ វ៉ន វាសនា ដែល​បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​​បទល្មើសលាងសម្អាតប្រាក់​ផង​ដែរ។

ក្រៅពី​ជន​សង្ស័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​មាន​មនុស្ស​ ៤ នាក់​ទៀត​ដែល​ជា​បក្ខ​ពួក​ កំពុង​គេច​ខ្លួន ហើយ​ត្រូវ​​បាន​ចោទ​ប្រកាន់​បទ​ល្មើស​ប៉ុនប៉ង​សូក​ប៉ាន់​ផង​ដែរ។

ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន ACU ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា ហើយ​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា។​

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ល្មើស​ច្បាប់ គឺ​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ។

លោក​ថ្លែង​ថា៖ «ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ អំពើ​ពុក​រលួយ​ជាមួយ​ជន​បរទេស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា គឺ​បាន​បំផ្លាញ​ទី១​ គឺ​​កិត្តិយស មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដោយ​សារ​មន្ត្រី​ខិល​ខូច​ដោយ​សារ​មន្ត្រី ហើយ​ធ្វើ​ឲ្យ​ខូច​នយោបាយ​ការទេស​របស់​កម្ពុជា។ ទី២ គឺ​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​អំពើ​អសកម្ម​ផ្សេង​ទៀត​នៅ​កម្ពុជា»៕