លើសពីទីតាំងកម្សាន្ត អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បានក្លាយជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ សង្គ្រោះ និងអភិរក្សសត្វជាច្រើនប្រភេទ។

លោក កូរ ផល្លីស អ្នកសម្របសម្រួលទីផ្សារ និងការលក់នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា​នេះ​ថា មជ្ឈមណ្ឌលចម្រុះ​នេះ​ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវទេសចរ ជាពិសេសសិស្សានុសិស្ស ដោយសារទីនេះបានផ្តោតសំខាន់ទៅលើការងារសង្គ្រោះ អភិរក្ស និងការអប់រំ ដែលនឹងផ្តល់នូវការយល់ដឹងពីប្រភេទសត្វនៅក្នុងតំបន់ ពិភពលោក សត្វកម្រ និងសត្វជិតផុតពូជជាដើម មុនសត្វទាំងនេះ ត្រូវបានជួយសង្គ្រោះ។

លោក កូរផល្លីស បញ្ជាក់ថា៖ «សត្វដែលមានវត្តមាននៅទីមាន សុទ្ធសឹងតែជាសត្វដែលមិនស័ក្តសម ព្រលែងទៅក្នុងបែបផែនធម្មជាតិរបស់វាទេ។ បើសិនជាសត្វព្រៃ ពេលវារងរបួសយើងមានអ្នកជំនាញពិនិត្យថា ត្រូវព្យាបាល ត្រូវព្រលែងឬអត់? ហើយសត្វមួយចំនួនទៀតជាប្រភេទសត្វចិញ្ចឹម ដែលត្រូវបានគេលក់ដូរ។ ដូច្នេះបើយើងព្រលែងវាចូលទៅបែបផែនធម្មជាតិ វានឹងស្លាប់ លើសពីនេះយើងមានត្រី និងសត្វជាច្រើន ដែលកម្រ និងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ ICUN»។

លោកបន្តថា៖ «សម្រាប់វិស័យអប់រំ យើងមានកញ្ចប់ទស្សនកិច្ចពិសេសមួយ​សម្រាប់សិស្សានុសិស្សនៅក្នុងខេត្តសៀមរាប យើងផ្តល់តម្លៃពិសេស ក្នុងម្នាក់តែ១ម៉ឺនរៀលទេ ទាំងសិស្ស និងលោកគ្រូ-អ្នកគ្រូ មិនថាសាលារដ្ឋ ឬសាលាឯកជនទេ ឱ្យតែមកទស្សនកិច្ចកន្លែងយើង»។

បើតាមលោក កូរ ផល្លីស មជ្ឈមណ្ឌលចម្រុះដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ នៅថ្ងៃធម្មតាចន្លោះពី១០០នាក់ ទៅ៣០០នាក់ និងថ្ងៃចុងសប្តាហ៍ មានចំនួនចាប់ពី៣០០នាក់ឡើងទៅ។

បើកដំណើរការនៅឆ្នាំ២០២២ និងមានទីតាំងស្ថិតនៅក្នុង ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ដែល​ជា​អាងពិព័រណ៍ត្រី មានប្រភេទត្រីជាច្រើនទាំងទឹកសាប និងត្រីទឹកប្រៃ ទាំង​ប្រភេទក្នុងប្រទេស និងមក​ពី​ក្រៅ​ប្រទេស។

លើស​ពី​នេះ​ ទីតាំ​ងនេះ​ក៏មានសត្វច្រើនប្រភេទដូចជា សត្វខ្លា ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង ក្រពើភ្នំ និងមានសត្វល្មូនជាច្រើនប្រភេទ​ផងដែរ៕