ព្រះវិហារ៖ អាជ្ញាធរ​ខេត្ដព្រះវិហារ ដែល​ដឹកនាំដោយ​លោកអភិបាលរង​ខេត្ដ គឹម ចាន់បញ្ញា បាន​ចុះ​ទៅកាន់​ផ្ទះ​សពសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត និង​បាន​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ជាមួយ​គ្រួសារ​សព។

យោងតាមមន្ទីរព័ត៌មាន​ខេត្ដ​ព្រះវិហារបាន​ឱ្យ​ដឹងថា​៖ «​នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ»។

​លោក សួន រោន ឈរជើងនៅតំបន់ព្រំដែនចំណុចមុំបី បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ។

ក្រសួង​ការពារ​ជាតិបញ្ជាក់​ថា ភាគី​ថៃ​ជា​អ្នក​ធ្វើ​ការ​បាញ់​ប្រហារ​មុន មក​លើ​លេណដ្ឋាន​ ដែល​ជា​ទីតាំង​ឈរជើង​របស់​កង​ទ័ពកម្ពុជា ជាយូរ​លង់​ណាស់​មក​ហើយ បណ្ដាល​ឲ្យ​បាត់​បង់​កងទ័ព​យើង​ម្នាក់៕

លោក​អភិបាលរង​ខេត្ដ គឹម ចាន់បញ្ញា បាន​ចុះ​ទៅកាន់​ផ្ទះ​សពសពយុទ្ធជន និង​សម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសកម្ពុជា​។ រូបថត មន្ទីរព័ត៌មានខេត្ដព្រះវិហារ