
គំរូរូបភាពពិត នៃគម្រោងសាងសង់បង្គោលអង់តែន និងរូបភាព ដែលបង្ហោះតាមបណ្តាញសង្គម ដែលក្រសួងបានបដិសេធចោល។
ភ្នំពេញៈ ក្រសួងបរិស្ថានបានបដិសេធ លើការផ្សាយសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការផ្សព្វផ្សាយ ដែលមានភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទមួយនោះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៃគម្រោងសាងសង់នោះឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានបញ្ជាក់ថា៖«រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត ដែលមិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែង ដូចមានក្នុងរូបភាពនោះទេ»។
ក្រសួងបរិស្ថាន កំពុងសហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ ដើម្បីរៀបចំសាងសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងតំបន់ភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទីលំហែបៃតងនោះឡើយ។
ក្រសួងបានលើកឡើងថា ការសាងសង់អង់តែនទូរស័ព្ទនេះ នឹងជួយពង្រឹងសេវាកម្មទេសចរណ៍ ទាក់ទាញបន្ថែមទៀត នូវអ្នកទេសចរ សម្រាប់ជាប្រយោជន៍ដ៏សំខាន់ ដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតក៏បានឱ្យដឹងផងដែរថា អង់តែននេះ នឹងត្រូវបានដំឡើងឆ្ងាយពីកន្លែងបោះតង់ ដែលបង្កប់ជាមួយដើមឈើ ហើយបង្គោលសង់មានសណ្ឋានដូចដើមឈើផងដែរ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ការដំឡើងអង់តែន ដើម្បីផ្តល់សេវាដល់បងប្អូនឡើងលេងលើភ្នំខ្នងផ្សារអាចបន្តទាក់ទងគ្រួសារ ឬការងារបន្ទាន់ទាំងឡាយ។ បន្ថែមពីលើនោះ អ្នកទេសចរក៏អាចថតទេសភាព ហើយចែកចាយតាមបំណងប្រាថ្នា»។
លោករដ្ឋមន្រ្តីលើកឡើងថា សម្រាប់អ្នកឡើងលេងលើភ្នំខ្នងផ្សារ ហើយមានបំណងកាត់ផ្តាច់ពីទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិក ឬបណ្តាញសង្គម គឺមានជម្រើសបិទសេវាដោយដាក់ Flight Mode ឬទុកក្នុងកាបូបឱ្យឆ្ងាយពីខ្លួន។
ក្រសួងបរិស្ថានបានអំពាវនាវ ដល់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន កុំធ្វើការផ្សព្វផ្សាយ នូវព័ត៌មានមិនពិត ព្រោះនាំឱ្យមានការយល់ច្រឡំ អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ។
ក្រសួងក៏បានបញ្ចេញវីដេអូឃ្លីប ពីគម្រោងពិត នៃការសាងសង់បង្គោលអង់តែនទូរស័ព្ទនៅលើតំបន់ខ្នផ្សារនេះផងដែរ។
ក្រុមម៉ូតូផ្សងព្រេងកម្ពុជា(Cambodia Motor Adventure)បានបង្ហោះរូបភាពមួយសន្លឹក ដែលមានគូសរូបអង់តែនពណ៌ក្រហម ដោយសរសេរថា«ទីតាំងត្រៀមដាក់បង្គោលអង់តែន»នៅលើភ្នំខ្នងផ្សារ។

ក្រុមម៉ូតូផ្សងព្រេងកម្ពុជាបានយល់ឃើញថា មិនគួរចាំបាច់ដាក់បង្គោលអង់តែនទូរស័ព្ទ នៅខ្នងផ្សារ ខ្នងសំពៅនោះទេ។ អ្នកទៅលេងខ្នងផ្សារខ្នងសំពៅ ខំធ្វើដំណើរយ៉ាងឆ្ងាយ ដោយជិះផង ដើរឡើងភ្នំហត់ផង គឺមិនមែនចង់ទៅប្រើអ៊ីនធឺណេតទេ។ ប៉ុន្តែ ពួកគាត់ចង់ទៅលំហែកាយ ក្នុងធម្មជាតិ និងចង់មើលទេសភាពធម្មជាតិព្រៃភ្នំពិតៗ មិនមានកែច្នៃ ដោយផ្តាច់អារម្មណ៍ពីបណ្តាញសង្គម ដើម្បីព្យាបាលភាពតានតឹង ផ្លូវចិត្ត។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៦ ខែឧសភា បានសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ។ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមានផ្លូវ ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម។ គម្រោងសាងសង់នេះមានការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនីផងដែរ។
តំបន់ភ្នំខ្នងផ្សារ សម្បូរទៅដោយធនធានជីវៈចម្រុះ ដែលរួមមានរុក្ខជាតិចំនួន ២២១ ប្រភេទ និងសត្វព្រៃ ៣៦៩ ប្រភេទ ដូចជា សត្វដំរីអាស៊ី ខ្លាឃ្មុំ ខ្លាពពក ទន្សោង និងសត្វកម្រជាសកលផ្សេងៗទៀត ដែលជា ចំណែកមួយស្ថិតក្នុងបញ្ជីក្រហម របស់អង្គការIUCN។ លើសពីនេះ ព្រៃឈើ វាលស្មៅ បឹង ទឹកធ្លាក់ និងជ្រលងធម្មជាតិ ក្នុងតំបន់ បង្កើតបានជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតគ្រប់រដូវ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអភិវឌ្ឍជាដែនដីបៃតងមានសក្តានុពល៕