លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា តំបន់​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ថៃ និង ទាហាន​កម្ពុជា កាល​ពី​ព្រលឹម​ថ្ងៃ​ទី​២៨ ឧសភា ​គឺ​ជា​ទឹកដី​កម្ពុជា ដែល​លោក​បាន​ទៅ​កាល​ពី​ឆ្នាំ​២០០៩។ ការ​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​ឲ្យ​មាន​ទាហាន​ខ្មែរ​ម្នាក់​បាត់​បង់​ជីវិត។

ថ្លែង​ក្នុង​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែឧសភា ​នេះ លោក ហ៊ុន សែន ថ្លែង​បញ្ជាក់​ថា៖ «កន្លែង​ដែល​មាន​បញ្ហា​ពី​ម្សិល​មិញ​ កាល​ពី​ឆ្នាំ​២០០៩ ខ្ញុំ​​បាន​ទៅ​អង្គុយ​កន្លែង​ហ្នឹង។ ហេតុ​អ្វី​បាន​ជា​ទឹក​ដី​គេ? ខ្ញុំ​មិន​អស់​ចិត្ត ហេតុ​អី​បាន​ទាហាន​របស់​យើង​ទៅ​ស្លាប់​កន្លែង​ហ្នឹង?»។​

ប្រធាន​ព្រឹទ្ធសភា ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​ប្រជាជន​កម្ពុជា​ថា​ ការ​ចល័ត​កងទ័ព និង អាវុធ​ធុន​ធ្ងន់​ទៅ​ព្រំដែន​គឺ​មិន​មែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ​នោះ​ទេ គឺ​ដើម្បី​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ហេតុការណ៍​អាក្រក់​បំផុត​ដែល​បាន​កើត​ឡើង ដូច​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ​ ២០១១។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ចិត្ត​លើ​សមត្ថភាព​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​សមត្ថភាព​កង​ទ័ព និង​មាន​ភាព​ស្ងប់​ស្ងាត់។

បើ​តាម​លោក ហ៊ុន សែន នៅ​ល្ងាច​នេះ មេបញ្ជាការរងកងទ័ពជើងគោក និង ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ៣​ នឹង​ជួប​ជាមួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះ​ស្រាយ ហើយ​លោក​រំពឹង​ថា សភាព​ការ​នៅ​មុំ​បី នឹង​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​​មុន​ម៉ោង​ ៥ ថ្ងៃ​ទី២៨​ ខែ​ឧសភា គឺ​ស្ថានភាព​ដែល​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា។

ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ព្រលឹម​ថ្ងៃ​ទី២៨ ខែឧសភា នៅ​ចំណុច​មុំ​បី ក្នុង​ភូមិ​តេជោ​មរតក ឃុំមរតក ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ បាន​​បណ្ដាល​ឲ្យ​ទាហាន​កម្ពុជា​មួយ​រូប គឺ​លោក សួន រ៉ោន អាយុ ៤៨​ឆ្នាំ បាន​ស្លាប់។ លោក​គឺ​ជា​ពលរដ្ឋ​នៅ​កំពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សួរ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ហើយ​នៅ​ខណៈ​ដែល​ថៃ​បាន​ត្រៀម​ប្រើ​យន្ត​ហោះ​ចម្បាំង លោក ហ៊ុន សែន បញ្ជាក់​ថា៖ «សំណួរ​នេះ​គ្រាន់​តែ​ជា​ពាក្យ​អុចអាល​ទេ ប៉ុន្តែ បើ​ជា​រឿង​ពិត កម្ពុជា​ក៏​សុំ​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា កម្ពុជា​បាន​ត្រៀម​អាវុធ​បាញ់​ហោះ​ហើយ តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​ប្រាប់​ទៅ​អ្នក​ comment»។ លោក​បន្ត​ថា៖ «រៀប​ចំ​រួច​ហើយ កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​នោះ»។

ពិធី​បុណ្យ​សព​ពលទាហាន លោក សួន រ៉ោន ដែល​បាន​ស្លាប់​ក្នុង​ការប៉ះទង្គិច​ កាល​ពី​ថ្ងៃ​ទី២៨ ឧសភា។ មន្ទីរព័ត៌មាន​ខេត្ត​ព្រះវិហារ

លោក ហ៊ុន សែន រំពឹង​ថា សភាពការណ៍​ដែល​មាន​ភាព​តាន​តឹង​នៅ​មុំ​បី មិន​អាច​រាល​ដាល​ទៅ​តំបន់​ផ្សេង​ទេ ដូចជា​នៅ​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី និង​ប្រាសាទ​ព្រះវិហារ និង​ទូទាំង​ព្រំដែន។​ ទិដ្ឋភាព​យោធា​ ឲ្យ​វា​នៅ​ត្រឹម​ហ្នឹង កុំ​ឲ្យ​វា​ពាក់​ព័ន្ធ​នឹង​យោធា​រួម។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា រាជរដ្ឋាភិបាល​ថៃ ថ្នាក់​ដឹកនាំ​ថៃ​ក៏​មាន​ចិត្ត​គំនិត​ដូច​ខាង​កម្ពុជា​ដែរ គឺ​ចង់​ពង្រឹង​ទំនាក់​ទំនង​ជិត​ខាង​ល្អ។ ទស្សនកិច្ច​នៅ​ខែ​មេសា​កន្លង​ទៅ​របស់​នាយក​រដ្ឋមន្ត្រី Paetongtarn Shinawatra ក៏​បាន​នាំ​មក​នូវ​ផ្លែ​ផ្កា​បន្ថែម​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ មិន​គួរ​ត្រូវ​មាន​រឿង​បែប​នេះ​ទេ»។

លោក​ថា កម្ពុជា​នៅ​តែ​ចង់​បាន​ការ​កសាង​ខ្សែ​ព្រំដែន​មួយ​ជា​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ៕