បន្ទាយមានជ័យៈ សំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុក ក្នុងសម័យសង្គ្រាម​ចំនួន៤៥គ្រាប់ ត្រូវបានកម្លាំងជំនាញរកឃើញ ក្នុងដីរស្រែរបស់ប្រជាពលរដ្ឋ នៅភូមិទ្រាល​ ឃុំគោកកឋិន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការកម្ទេចចោល។

ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១គ្រាប់ នៅពេលដែលគាត់កំពុងតែភ្ជួរស្រែ។ ក្រោយពីបានទទួលសេចក្តីរាយការណ៍ពីការប្រទះឃើញនេះមក កម្លាំងជំនាញចុះទៅរាវរក ប៉ុន្តែបានឃើញរហូតដល់ទៅ២រណ្តៅ ដែលមានចំនួន៤៥គ្រាប់។ ក្នុងនោះមានគ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែតB62​ចំនួន១៥គ្រាប់។ នេះបើយោងតាម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកហេង រតនា នាថ្ងៃទី២៩ ខែឧសភានេះ។

គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ​ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់​ធ្វើការបោសសម្អាត និងកម្ទេចចោលប្រកបដោយសុវត្ថិភាព នាថ្ងៃពុធ ទី២៨​ ខែឧសភា​ ឆ្នាំ២០២៥នេះ។

កម្លាំងជំនាញ ក៏បានសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក្នុងការចូលរួមគ្នា ដើម្បីបង្ការ ការពារគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀតផងដែរ។

កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានរាវរកឃើញ និងកម្ទេចចោល នូវសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន៤៥គ្រាប់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។រូបថត CMAC

លោកហេង រតនាបានអរគុណសន្តិភាព​ ដែលបានធ្វើឱ្យគ្រាប់កប់លាក់ទុកទាំងនេះ​ គ្មានសមរភូមិប្រយុទ្ធរវាងខែ្មរគ្នាឯង​ និងត្រូវបានបោះបង់ចោលជារៀងរហូតមក។

កាលពីថ្ងៃទី១២ ខែឧសភានេះផងដែរ អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម​ ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A។ គ្រាប់នេះមានផ្ទុកកូនគ្រាប់បែកចង្កោម ប្រភេទ BLU-24/B ចំនួន១៣២ គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​ អាចបង្កគ្រោះថ្នាក់។

រណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ នៅក្នុងចម្ការស្វាយចន្ទី ក្នុង ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

ស៊ីម៉ាក់បានរំលឹកថា កម្ពុជា ត្រូវរងការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់បែក​ ក្នុងរយៈពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ ហើយមានការវាយប្រហារចំនួនជាង១០ ០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕