
ភ្ញៀវទេសចរអន្តរជាតិសាកល្បងធ្វើធូបតាមបែបប្រពៃណីខ្មែរ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មន្ទីរទេសចរណ៍ខេត្តសៀមរាប
ក្រៅពីប្រាង្គប្រាសាទបុរាណដ៏ច្រើន ទីតាំងសិប្បកម្មជាច្រើនក្នុងខេត្តសៀមរាប ក៏បានក្លាយជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា ដែលសិប្បកម្មទាំងនេះចូលរួមលើកកម្ពស់ស្នាដៃផលិតផលក្នុងស្រុក។
ស្ថិតនៅភាគពាយ័ព្យ ខេត្តសៀមរាបមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរយារណាស់មកហើយ ដ្បិតសម្បូរទៅដោយប្រាង្គប្រាសាទជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ក្នុងនោះតំបន់ភូមិដ្ឋានរបស់ប្រជាជនអង្គរ ក៏ក្លាយជាទីចាប់អារម្មណ៍នៃទេសចរផងដែរ តាមរយ:ការបន្តរក្សាបាននូវទំនៀមទម្លាប់ដូនតាដែលបន្សល់ទុកឱ្យ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ឧសភា បានឱ្យដឹងថា នៅក្រោយរយៈពេលកូវីដ១៩ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងលើការទស្សនាទីតាំងសិប្បកម្មនានាក្នុងខេត្តសៀមរាប បន្ថែមពីការទស្សនាប្រាង្គប្រាសាទនានា។
លោក សុខរិទ្ធី បន្តថា ការចាប់អារម្មណ៍បែបនេះ ដោយសារតែផលិតផលសិប្បកម្មទាំងនេះ សុទ្ធសឹងជារបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ និងជាកេរមរតកដូនតាបន្សល់ទុក ដោយគ្រាន់តែច្នៃបន្ថែមដើម្បីបំពេញតម្រូវការនងិចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ហើយវាក៏ជួយទៅដល់ជីវភាពប្រជាជននៅក្នុងតំបន់អង្គរផងដែរ តាមរយៈការលក់ផលិតផលសិប្បកម្មទាំងនេះផងដែរ។
លោកបញ្ជាក់ថា៖ «ផលិតផលសិប្បកម្មទាំងនោះដំបូងឡើយ ជារបស់ប្រើប្រាស់តាមផ្ទះ តាមសណ្ឋារគារ ភោជនីយដ្ឋាន។ របស់ទាំងហ្នឹងពលរដ្ឋត្រូវការប្រើជាប្រចាំ ហើយមានរបស់មួយចំនួននាំចេញទៅក្រៅប្រទេស តែក្រោយមកក៏ច្នៃជារបស់តាំងលម្អ ដែលមានច្រើនទាំងសម្រាប់នារី បុរស។ នៅពេលភ្ញៀវសួររក អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ តែងណែនាំភ្ញៀវទៅមើលហើយប្រាប់ភ្ញៀវថារបស់នេះធ្វើនៅកន្លែងនេះ ហើយភ្ញៀវចុះមកដល់ទីតាំងផ្ទាល់ មានទាំងទស្សនា និងទិញផងដែរ»។
ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលបន្ថែមថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយក្នុងការជម្រុញកំណើនភ្ញៀវទេសចរ ដែលនាពេលអនាគត អាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវគិតគូរការរៀបចំឡើងវិញនូវកញ្ចប់ទស្សនា និងពេលវេលាទស្សនា ព្រោះវាជាមធ្យោបាយជួយពន្យារពេលវេលាភ្ញៀវមកលេងខេត្តសៀមរាបបន្ថែមពីការទស្សនាតែតាមប្រាសាទ ធ្វើយ៉ាងណាឱ្យភ្ញៀវទៅលេងប្រាសាទខ្លះ និងចូលមកសហគមន៍ខ្លះ។
លោក កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យមាននិរន្តរ៍ភាព ប្រតិបត្តិករទេសចរណ៍ ចាំបាច់ត្រូវតែបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដ្បិតមនុស្សត្រូវការអ្វីដែលថ្មីប្លែកខុសពីមុន ធ្វើយ៉ាងណាទាក់ទាញអារម្មណ៍ និងបង្កើនចំនួនភ្ញៀវទេសចរមកលេងឱ្យបានច្រើន និងមកស្នាក់នៅឱ្យបានយូរ។
គួរគូសបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មាន ស្តីពី«បេតិកភណ្ឌ» ចាប់ពីថ្ងៃទី២៧ ដល់៣០ ឧសភា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ សក្ដានុពលតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិ និងបេតិភណ្ឌជាតិដ៏សម្បូរបែបលើទឹកដីអច្ឆរិយនេះ៕