
ក្មេងប្រុស មកពីខេត្តព្រះវិហារ ដែលត្រូវបានជួយសង្រ្គោះជីវិតពីជំងឺគ្រុនឈាមនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ។ រូបថត Dr. Beat Richner
ព្រះវិហារៈ ក្មេងប្រុសអាយុ៨ឆ្នាំមានជម្ងឺគ្រុនឈាមធ្ងន់ធ្ងរមកពីខេត្តព្រះវិហារ ត្រូវបានជួយសង្រ្គោះឱ្យជាសះស្បើយ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ក្មេងប្រុសនេះ គឺស្ថិតក្នុងចំណោមអ្នកកើតជំងឺគ្រុនឈាមជាង៣០០ករណី នៅក្នុងខេត្តព្រះវិហារ។
ក្មេងប្រុស ដែលរស់នៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មកពី មន្ទីរពេទ្យបង្អែក១៦មករា ក្នុងខេត្តព្រះវិហារ ទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងស្ថានភាព ឈាមហូរតាមអញ្ចាញធ្មេញកាលពីថ្ងៃទី២៥ ខែឧសភា។ នេះបើយោងតាមមន្ទីរពេទ្យជ័យវរ្ម័នទី៧ (Jayavarman VII Hospital)។
ក្មេងប្រុសរូបនេះចាប់ផ្តើមមានអាការៈគ្រុនក្តៅ នៅថ្ងៃទី ២០ ឧសភា ២០២៥ ហើយឪពុកបានទិញថ្នាំពីឱសថស្ថានមកឱ្យលេបនៅផ្ទះ ដោយលេបម្តងចំនួន៤គ្រាប់ ហើយលេប២ដងក្នុងមួយថ្ងៃ។ នៅថ្ងៃទី ២២ ឧសភា អ្នកជម្ងឺចាប់ផ្តើមមានសញ្ញានៃការហូរឈាម តាមអញ្ចាញធ្មេញ និងជុះខ្មៅ។ ឪពុកអ្នកជំងឺបានយកគេទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា។
នៅមន្ទីរពេទ្យបង្អែក១៦មករា អ្នកជំងឺត្រូវបានព្យាបាលដោយការដាក់សេរ៉ូមតាមសរសៃ និងការដាក់ឈាមអស់ចំនួនបី៣ប្លោក។ ប៉ុន្តែដោយស្ថានភាពនៃការហូរឈាមនៅតែបន្ត អ្នកជម្ងឺត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧នៅថ្ងៃទី២៥ ឧសភា ២០២៥។
មន្ទីរពេទ្យបញ្ជាក់ថា៖«នៅពេលមកដល់ មន្ទីរពេទ្យជ័យវរ្ម័នទី៧ អ្នកជំងឺមានស្ថានភាពហូរឈាមតាមអញ្ចាញធ្មេញ និងក្អួតឈាមក្រហមស្រស់ ស្លេកស្លាំង សម្ពាធឈាមនិងជីពចរខ្សោយ។ អ្នកជំងឺត្រូវបានធ្វើការព្យាបាលដោយការបញ្ចូលឈាម ៧ កំប្លោកបន្តទៀត។ ស្ថានភាពរបស់អ្នកជំងឺវិវត្តន៍ល្អពីមួយទៅមួយថ្ងៃ»។

ក្រុមការងារ នៃកម្មវិធីជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារចុះបាញ់ថ្នាំសម្លាប់មូស ក្នុងកិច្ចអន្តរាគមន៍ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នាពេលថ្មីៗនេះ។ រូបថត មន្ទីរសុខាភិបាលខេត្ត
ក្រោយគេងសម្រាកពេទ្យអស់រយៈពេល៥ថ្ងៃ អ្នកជំងឺអាចចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងរដូវភ្លៀងនេះ មន្ទីរពេទ្យ បានអំពាវនាវដល់ឪពុកម្ដាយគ្រប់រូប ត្រូវយកចិត្តទុកដាក់ការពារកូនៗពីជំងឺគ្រុនឈាម ហើយត្រូវបំបាត់ជម្រកមូសខ្លាផងដែរ។
មន្ទីរសុខាភិបាលខេត្តព្រះវិហារបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ករណីជំងឺគ្រុនឈាមក្នុងខេត្តព្រះវិហារ មានការផ្ទុះឡើងជារៀងរាល់ថ្ងៃ នៅតាមបណ្តាស្រុកទាំង៧ និងក្រុងព្រះវិហារ។ ក្នុងនោះស្រុក ដែលមានការផ្ទុះខ្លាំងមានស្រុកគូលែន ស្រុកសង្គមថ្មី និងស្រុកត្បែងមានជ័យ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកគួង ឡូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេលប្រមាណជា២១សប្តាហ៍ ក្នុងឆ្នាំ២០២៥នេះ មានជំងឺគ្រុនឈាមជាង៣០០ករណីនៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះមានតែ១ករណីប៉ុណ្ណោះដែលអ្នកជំងឺស្លាប់។
លោកមានប្រសាសន៍ថា៖«នៅក្នុងនេះមានករណីស្លាប់មួយករណី ហើយករណីធ្ងន់មានមួយចំនួនដែរ តែយើងជួយសង្រ្គោះបាន។ ករណីស្លាប់ហ្នឹង គឺដោយសារតែគាត់យឺតយ៉ាវ ទុករហូតដល់ទៅហួសពេល។ មកដល់ធ្ងន់មែនទែនតែម្តង ដែលយើងមិនអាចជួយសង្រ្គោះបាន»។

ក្រុមការងារ នៃកម្មវិធីជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារចុះបាញ់ថ្នាំសម្លាប់មូស ក្នុងកិច្ចអន្តរាគមន៍ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នាពេលថ្មីៗនេះ។ រូបថត មន្ទីរសុខាភិបាលខេត្ត
មន្ទីរសុខាភិបាលខេត្ត បាននឹងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឆ្លើយតបនឹងជំងឺនេះ។ នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ លោកគួង ឡូ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាល និងការថែទាំជំងឺគ្រុនឈាម ដល់មន្ត្រី(PHD, OD, RH, និងHCs) ដើម្បីត្រៀមឆ្លើយតបនិងអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងដំណាក់កាលផ្ទុះរាតត្បាតនេះ។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាមចំនួន៦២រូប ដែលមកពីមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកជាក្សាន្ត, មន្ទីរពេទ្យបង្អែក១៦មករា, មន្ត្រីមន្ទីរ និងការិយាល័យស្រុកប្រតិបត្តិ។
ក្រៅពីនោះ នៅពេលថ្មីៗកន្លងមកនេះ មន្ត្រីសុខាភិបាល ក៏បានចុះដាក់ថ្នាំអាបែត ក្នុងអាងទឹក ពាងទឹក នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានផ្ទុះជំងឺគ្រុនឈាម និងភូមិផ្សេងៗទៀតទៅតាមផែនការ និងចុះបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិដែលមានផ្ទុះជំងឺគ្រុនឈាម និងភូមិដែលប្រឈមខ្លាំង។
បន្ថែមពីនោះ ក៏បានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនៅតាមភូមិគោលដៅ និងការផ្សព្វផ្សាយតាមបណ្តាញសង្គម តាមវិទ្យុ និងការចាក់សារអប់រំផ្សព្វផ្សាយក្នុងសហគមន៍ និងការថែទាំព្យាបាលដល់អ្នកជំងឺគ្រុនឈាមយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕

ក្រុមការងារ នៃកម្មវិធីជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារចុះបាញ់ថ្នាំសម្លាប់មូស ក្នុងកិច្ចអន្តរាគមន៍ទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នាពេលថ្មីៗនេះ។ រូបថត មន្ទីរសុខាភិបាលខេត្ត