
ខ្លោងទ្វារតាកាវនៃប្រាសាទបាយ័ន ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ជាពិសេសពេលថ្ងៃលិច។ អាជ្ញាធរជាតិអប្សរា
រមណីយដ្ឋានអង្គរ គឺជាទីតាំងទេសចរណ៍មួយដែលផ្តល់នូវបទពិសោធន៍វិជ្ជមានសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខុសពីតំបន់រមណីយដ្ឋាននានា។ នេះជាការសង្កេតឃើញរបស់មន្ត្រីនៃអាជ្ញាធរជាតិអប្សរា។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ឧសភា បានឱ្យដឹងថា រាល់គម្រោងអភិវឌ្ឍ និងអភិរក្សនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានខិតខំធ្វើយ៉ាងណា មិនឱ្យប៉ះពាល់ទៅដល់តម្លៃប្រាសាទបុរាណ និង បរិស្ថាន ដែលទាំងនេះជាគុណតម្លៃស្នូល និងជាអត្តសញ្ញាណដែលត្រូវរក្សាឱ្យបាន។
លោកបានឲ្យដឹងទៀតថា ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អង្គរ ត្រូវបានធ្វើឡើងក្នុងគោលបំណងចំនួន៥ រួមមាន ធានាផ្តល់បទពិសោធន៍វិជ្ជមានក្នុងការទស្សនា កាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើរមណីយដ្ឋានអង្គរ ផ្តល់លទ្ធភាពក្នុងការទទួលបានផលពីទេសចរណ៍ដល់ម្ចាស់ស្រុក កិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ និងបង្កើនរយៈពេលក្នុងការស្នាក់នៅរបស់ភ្ញៀវ។
លោក សេង សុធារ៉ា បញ្ជាក់ដូច្នេះថា៖« យើងដឹងថា រមណីយដ្ឋានអង្គរមានភាពល្អឯកខុសពីគេ។ អ៊ីចឹងភ្ញៀវទេសចរដែលមកលេង គាត់ទទួលបានបទពិសោធន៍ថ្មី ប្លែកពីកន្លែងដែលគាត់ទៅលេង ដែលមានលក្ខណៈទំនើប ប៉ុន្តែពេលគាត់មកលេងអង្គរ គាត់នឹងឃើញមានទីសក្ការៈបូជាដែលអស្ចារ្យ ដែលមានស្ថាបត្យកម្មដ៏ពិសេស ហើយដែលយើងឃើញមានទីធ្លាធំទូលាយ ដែលខុសពីកន្លែងផ្សេងតូច»។
លោកបន្ថែមថា៖ «បច្ចុប្បន្ននេះ អ្នកដែលមកលេងអង្គរ គាត់ក៏ទទួលបានបទពិសោធន៍ផលិតផលទេសចរណ៍ថ្មីៗ ដូចជាជិះទូកលេងកម្សាន្តតាមបារាយណ៍ខាងជើង គាត់ក៏បានឃើញទិដ្ឋភាពអស្ចារ្យរបស់ប្រាសាទនីមួយៗ ដែលព័ន្ធព័ទ្ធទៅដោយបារាយណ៍ដែលជាអាងស្តុកទឹកយ៉ាងធំ បន្ថែមពីដែលគាត់ទទួលបានបរិយាកាសរីករាយ ខ្យល់បរិសុទ្ធស្រស់ស្រាយ ជាពិសេសមានដើមឈើធំៗតាមផ្លូវដែលគាត់ធ្វើដំណើរ។ ទាំងនេះបានន័យថា ពេលគាត់មកលេងតំបន់អង្គរ គាត់ទទួលបានអារម្មណ៍ពិសេស អស្ចារ្យជាងរមណីយដ្ឋានផ្សេងៗ»។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ នឹងជួយធ្វើឱ្យខេត្ត និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាព ក្នុងខេត្ត, ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ, ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ, ការពង្រឹងគុណភាព និង និរន្តរភាព, ការគ្រប់គ្រងបរិស្ថាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍, និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។
ក្រៅពីកិច្ចប្រឹងប្រែងខាងលើ មន្ត្រីជំនាញនៃអាជ្ញាអប្សរា ក៏ផ្ដោតការយកចិត្តទុកដាក់ទៅលើ «កម្មវិធីអប់រំបេតិកភណ្ឌ» ផងដែរ ដើម្បីជួយបង្កើនសមត្ថភាពសិស្ស និងបណ្តុះក្តីស្រឡាញ់មរតកដូនតា។
លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានចាត់ទុកថា កម្មវិធីអប់រំបេតិកភណ្ឌ គឺជាការបណ្តុះបណ្តាលមួយដ៏មានសារៈសំខាន់ ដែលបានជួយពង្រឹងសមត្ថភាពសិស្សានុសិស្ស និងបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដូនតា។
លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា កម្មវិធីអប់រំបេតិកភណ្ឌ គឺជាកម្មវិធីមួយដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តដល់យុវជនជំនាន់ក្រោយ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌមិនត្រឹមតែក្នុងតំបន់អង្គរនោះឡើយ។
លោកថាកម្មវិធីអប់រំបេតិកភណ្ឌ បានជួយឱ្យសិស្សានុសិស្ស ទទួលបានពុទ្ធិទាក់ទងនឹងតម្លៃបេតិកភណ្ឌ តម្លៃមរតកវប្បធម៌ និងបណ្តុះគំនិតស្មារតីពួកគាត់ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ចការពារ អភិរក្សបុរាណដ្ឋាន និងធ្វើជាគម្រូដល់សហគមន៍។
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា: « យើងឃើញនៅតាមសាលាដែលយើងបានធ្វើ កម្រិតនៃការយល់ដឹងរបស់សិស្ស ពិសេសពិន្ទុដែលទទួលបានប្រចាំខែ ប្រចាំឆ្នាំ ហើយអ្នកដែលប្រឡងបាក់ឌុប គឺថាពួកគាត់មានពិន្ទុខ្ពស់ និងប្រឡងជាប់ច្រើន លើសពីហ្នឹង សិស្សវិទ្យាល័យ ដែលចូលមហាវិទ្យាល័យ គេមានមូលដ្ឋានគ្រឹះក្នុងការសរសេរ កត់ត្រា ដែលនេះជាទុនមួយសំខាន់ ដែលយើងចង់សាយភាយឱ្យកាន់តែច្រើន»។
គួរបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌ មានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា បេតិកភណ្ឌរូបិយនិងអរូបិយ និងមានកម្មសិក្សានៅតាមប្រាសាទ ឬសារមន្ទីរ កិច្ចពិធីផ្សេងៗជាដើម៕