ភ្នំពេញ៖ ​មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនឹង​ជួប​ជជែក​នៅល្ងាចថ្ងៃទី​២៩ ខែឧសភា​នេះដើម្បី​បន្ធូរបន្ថយ​ភាពតានតឹងនៅតាម​ព្រំដែន​ត្រង់ចំណុច​តំបន់​មុំ ៣ នៃ​ស្រុក​ជាំក្សាន្ដ​ខេត្ដព្រះវិហារ​ ក្រោយ​ទាហាន​កម្ពុជា​ម្នាក់​បាន​ស្លាប់​អំឡុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​ថៃ​ ដែល​បើកការ​វាយ​ប្រហារមក​កងទ័ពកម្ពុជា​។

យោងតាម​សំណេររបស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាព្រឹកនេះ បាន​ឱ្យ​ដឹងថា​៖ «​សង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។

លោក​បាន​បន្ដថា​៖ «​ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ»។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី​ ​បាន​លើកឡើងថា ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។

លោកបានថ្លែងថា លោក​ធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយកម្ពុជា​ចង់ឱ្យ​ការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។

លោកបាន​សង្កត់​ធ្ងន់​ថា​៖ «​ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។

ថ្វីដ្បិតតែលោក​នាយករដ្ឋមន្ដ្រី​មានបេសកកម្ម​ផ្លូវ​រដ្ឋ​ទៅ​ក្រៅ​ប្រទេសយ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​បន្ដ​តាមដាន​ស្ថានភាព​នៅតាម​បណ្ដោយ​ព្រំដែន និង​ធ្វើការ​សម្រេច​ចិត្ដ​លើកិច្ចការ​ជាតិនេះ​។

លោកបានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​កុំឱ្យ​មានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វ​ផ្សាយដោយមិនមានប្រភពច្បាស់លាស់។

លោ​កនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា​៖ «​ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។

លោកបានផ្ញើសារចែករំលែកទុក្ខ​គ្រួសារ​សព​យុទ្ធជនពលីកម្ពុជា​ ដែលត្រូវបាន​ទាហានថៃបើក​ការវាយ​ប្រហារ​។

លោកនាយករដ្ឋមន្ដ្រីបានសរសេរ​ថា​៖ «​ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង»។

លោកបាន​ភ្ជាប់​ជាមួយ​រូបថតពីរសន្លឹក ​ដែល​ថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ ឆ្នាំមុននៅឆ្នាំ២០០៨ និង ២០១១៕