ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បា​នក្រើន​រំឭកជាថ្មីចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន មិនថា ជា​អាជីព និង​មិន​អាជីព​ ឬប្រើ​ប្រាស់​បណ្ដាញសង្គម​ទាំងអស់​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ មហន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​​គ្រោះថ្នាក់​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ ឬ​ត្រូវបំពេញ​បេសក​កម្ម​​រប​ស់​ខ្លួន​។

លោក ទេព អស្នារិទ្ធ បាន​ឱ្យ​ដឹងថា យោងតាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន អ្នកសារព័ត៌មាន​មាន​សិទ្ធិ​ទទួល ផ្សាយ​ព័ត៌មាន ដែល​មិន​ប៉ះពាល់​ដល់​ចំណុច​ខាងលើ​ និងប្រកប​ដោយ​វិជ្ជាជីវៈ​។

លោក​បានថ្លែងកាលពីថ្ងៃទី ២៩ ខែឧសភា​ម្សិលមិញ​ថា៖ «ក្នុងន័យនេះ​ ការរាយការណ៍​ស្តីពី​បញ្ហា​សន្តិសុខ​ជាតិ ដោយសារ​ព័ត៌មាន​អាជីព​ក្តី មិន​អាជីព​ក្តី ឬ​ការ​ចែកចាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ក្តី ចាំបាច់​ណាស់​ត្រូវតែ​ធ្វើឡើង​ដោយ​ផ្អែកលើ​ និង​ត្រូវយក​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​របស់​ក្រសួង​ស្ថាប័ន សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ និង​ត្រូវ​ផ្សាយ​ដោយ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​យ៉ាង​ម៉ត់ចត់»​។

ការ​លើកឡើងនេះ ទំនងជា​ចង់​សំដៅលើការ​រាយការណ៍​នានាទាក់ទងនឹង​ហេតុ​ការណ៍​ប៉ះទង្គិច​រវាង​ទាហាន​ខ្មែរ និង​ថៃ នៅ​តំបន់​មុំ​ ៣ នៃ​ស្រុក​ជាំក្សាន្ដ ខេត្ដ​ព្រះវិហារ ដែល​បង្ក​ឱ្យ​យុទ្ធជន​កម្ពុជា​ម្នាក់​បាត់បង់​ជីវិត​។

លោក​ អស្នារិទ្ធ បាន​បន្ដថា​៖ «​​ចេញពី​ព្រឹត្តិការណ៍​ថ្មីៗ​នេះ អ្នកសារព័ត៌មាន​គ្រប់រូប​ត្រូវ​ដើរតួនាទី​សំខាន់​ខ្លាំង​ឡើង​ក្នុងការ​ធានាថា ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន​មិន​បង្កឱ្យមាន​ការភាន់ច្រឡំ​សាធារណៈ ដោយ​សារ​ការ​ផ្តល់ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ឬ​មិនបាន​ស្រង់​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​របស់​ក្រសួង សា្ថ​ប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ»​។

លោកបានបញ្ជាក់ថា ការរាយការណ៍​លើ​ប្រធានបទ​សន្តិសុខ​ជាតិ ត្រូវ​ឈរលើ​មូលដ្ឋាន​នៃ​ភាពច្បាស់​លាស់ ផ្តល់ព័ត៌មាន​មាន​ភាព​ប្រកដប្រជា មាន​ក្រមសីលធម៌​ត្រឹមត្រូវ ហើយ​ត្រូវ​ព្យាយាម​សហការ​ស្វែងរក​ការបញ្ជាក់ ​និង​ផ្តល់ព័ត៌មាន​ពី​ក្រសួង​ស្ថាប័ន សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ធានា​ភាព​អាច​ជឿទុកចិត្ត​បាន​សម្រាប់​សាធារណៈជន។

លើសពីនេះ វា​ត្រូវ​​ធានាថា​មិន​បង្កបញ្ហា​ដល់​ប្រជាជន សង្គមជាតិ តែ​ត្រូវ​ចូលរួម​បញ្ចៀស​រាល់​ហានិភ័យ​នានា​ដែល​អាច​បង្កឱ្យមាន​ទំនាស់​ទាំង​ផ្ទៃ​ក្នុងប្រទេស ឬ​ជាមួយ​ប្រទេស​ដទៃ​ដែល​យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​។ 

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ទទួលស្គាល់ថា អ្នកសារព័ត៌មាន មាន​សិទ្ធិ​ក្នុងការ​រាយការណ៍ ផ្តល់ព័ត៌មាន​ជូន​ប្រជាជន តែ​អ្នកសារព័ត៌មាន​ក៏មាន​ករណី​កិច្ច​ចាំបាច់ និង​កាតព្វកិច្ច​ផងដែរ ក្នុងការ​ត្រូវធ្វើ​តុល្យភាព​រវាង​ការផ្សាយ​ព័ត៌មាន​ជូន​សាធារណៈជន និង​ភាពចាំបាច់​នៃ​ការការពារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ដែលជា​តួនាទី​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម។

អ្នកសារព័ត៌មាន​ត្រូវ​រាយការណ៍​ដោយ​ឈរលើ​ភាព​សុចរឹត ស្មោះត្រង់ ភាពត្រឹមត្រូវ មិន​លម្អៀង និង​ជៀសវាង​ការផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារាម ឬ​ការនិយាយ​ ​ចែកចាយ​តៗ​គ្នា ឬ​ការ​ស្មានៗ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ ជាពិសេស​នៅពេល​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការងារ​ស៊ើបការណ៍ ការអង្កេត ប្រតិបត្តិការ​យោធា អាយុជីវិត​របស់​យោធា ឬ​ប្រភេទ​ព័ត៌មាន​សម្ងាត់​ជាតិ​។

លោកបន្ថែមថា​៖ «​ការរាយការណ៍​ទាំង​អាជីព និង​មិនមែន​អាជីព ត្រូវធ្វើឡើង​ដោយមានការ​ទទួល​​ខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​ក្នុង​ការធានា​សណ្តាប់ធ្នាប់ ស្ថិរភាព​ និង​សន្តិសុខ​សង្គម ដោយ​ចៀសវាង​ការ​បំផ្លើស បំភ្លៃ ឬ​ការ​កាឡៃ​ព័ត៌មាន​ប្រាសចាក​ពី​ការពិត​»។​

អ្ន​ក​សារព័ត៌មាន អ្នកព័ត៌មាន​អាជីព មិនមែន​អាជីព អ្នក​ចែកចាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ​​បង្កើន​ការទទួលខុសត្រូវ​ក្នុងការ​ផ្សព្វផ្សាយ ចែកចាយ​ព័ត៌មាន ដោយ​ជានិច្ច​ជា​កាល​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវមាន​មនសិកា​ទទួលខុសត្រូវ ស្រឡាញ់​ប្រទេសជាតិ ប្រជាជន ​និង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​រាយការណ៍​ព័ត៌មាន​ស្តីពី​សន្តិសុខ​ជាតិ​។

ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ លោក អស្នារិទ្ធ បាន​​អំពាវនាវ​ឱ្យ​បង្កើន​ការសហការ​ដើម្បី​ស្វែងរក​ការ​ផ្តល់ព័ត៌មាន និង​ការបញ្ជាក់​ពី​ប្រភព​ផ្លូវការ​ត្រឹមត្រូវ ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមុន  និង​មិន​ត្រូវឱ្យ​មានការ​បែកធ្លាយ​ព័ត៌មាន​ជាតិ ឬ​ការសម្ងាត់​ជាតិ​ដោយ​ប្រការ​ណាមួយ​ឡើយ ព្រោះ​វា​នឹង​បណ្តាលឱ្យ​កើតមាន​នូវ​ព្យសនកម្ម និង​មហន្តរាយ​ដល់​ប្រជាជន សន្តិសុខ និង​សង្គមជាតិ​ទាំងមូល​៕