អ្នក​សារព័ត៌មាន ហង្ស សំណាង ​និង​មនុស្ស​ពីរ​នាក់​ទៀត​​ត្រូវ​បាន​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​សម្ដែង​ជា​ការ​សម្ភាស​អំពី​ភាព​ខុស​គ្នា​រវាង​ទាហាន​ការពារ​ទឹកដី​ដែលមាន​​ស័ក្តិទាប​ និង​ទាហាន​នៅ​ទីក្រុងដែល​មាន​ស័ក្តិ​ខ្ពស់​ ខណៈ​ដែល​បញ្ហា​ព្រំដែន​​មាន​ភាព​តាន​តឹង​ក្រោយ​ឧប្បត្តិហេតុ​ប៉ះទង្គិច​គ្នា​​នៅ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។

លោក ហង្ស សំណាង ដែល​ជា​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ដែល​ដាក់​តាម​ឈ្មោះ​របស់​ខ្លួន​ត្រូវបាន​រាយការណ៍​ថា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ចនៃ​អធិការដ្ឋាន​ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​នេះ រួម​ជាមួយ​នឹងមនុស្ស​២​នាក់​ទៀត ដែលជា​តួ​សម្ដែង​ធ្វើ​ជា​ទាហាន។

យោង​តាម​វីដេអូ​ឃ្លីប​ដែល​លោក​បាន​ផុសរួច​លុប​វិញ លោក​បាន​ឲ្យ​បុរស​ចំណាស់​ម្នាក់​អាយុ​ជាង​ ៦០​ឆ្នាំ និង បុរស​ម្នាក់​ទៀត​អាយុ​ជាង ៣០​ឆ្នាំ ​ស្លៀក​ពាក់​​ជា​​ទាហាន ហើយ​បាន​សួរ​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ។ បុរស​ចំណាស់​ថា​លោក​ស័ក្តិ​១ តែ​មាន​ទឹក​ចិត្ត​ការពារ​ជាតិ ការពារ​ទឹកដី ចំណែក​បុរស​អាយុជាង​៣០​ឆ្នាំ​ថា លោក​បាន​ហាត់​ទាហាន​តែ​មិន​ដែល​បាន​ទៅ​សមរភូមិ​ទេ នៅ​តែ​ជាមួយ​មេ។

ការ​ចេញ​វីដេអូ​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកចាត់​ទុក​​ថា​ខុស​ក្រម​សីលធម៌​ ដោយ​យក​កង​កម្លាំង​មក​លេង​សើស​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ជាមួ​យ​ប្រទេស​ជិត​ខាង ខណៈ​ដែល​អ្នក​ខ្លះ​ចាត់​ទុក​ទង្វើ​នេះ​ជា​ការ​បញ្ចេញ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

ក្រោយ​ពេល​ប្រតិកម្ម លោក ហង្ស សំណាង ​បាន​លុប​វីដេអូ​នោះ​ចោល ហើយ​ព្រឹក​នេះ​លោក​បាន​​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ដោយ​លើ​ឡើង​ពី​កម្រិត​យល់​ដឹង​ទាប​របស់​​លោក​ ប៉ុន្តែ វា​​យឺត​ពេល​ទៅ​ហើយ។​

ពាក់​ព័ន្ធ​នឹង​រឿង​នេះ លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ក្រសួង​ព័ត៌មាន​កំពុង​តាមដាន​ព័ត៌មាននេះ។

លោក​ ទេព អស្នារិទ្ធ៖ «ក្រសួង​ព័ត៌មានកំពុង​ពិនិត្យ​លើ​ករណី​នេះយ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​យើង​នឹង​ឈរ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ច្បាប់​សារព័ត៌មាន ចំពោះ​ករណី​ដែល​គាត់​បាន​សម្ភាស​នេះ។ យើង​នឹង​ពិនិត្យ​លើ​ករណី​នេះ​ឲ្យ​ច្បាស់​ប​ន្ថែម​ទៀត»​។

លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែង​ថា អ្នក​សារព័ត៌មាន​គឺ​ជា​អ្នក​នាំ​សារ​ដ៏​សំខាន់​ដែល​ត្រូវ​បង្ហាញ​អ្វី​ជា​បញ្ហា​ពិត អ្វី​ជា​ព័ត៌មាន​ពិត​នៅ​ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ ការ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន មិន​មែន​ជា​ការ​រៀប​ចំ​ទុក​មុន​ទេ វា​មិន​មែនជា​រឿង​ដែល​យើង​ត្រូវ​បង្កើត​តួ​សម្ដែង ឬ​ក៏​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ថត ដើម្បី​បង្ហាញ​ជា​ព័ត៌មាន​ទេ។ ដូច្នេះ ខ្ញុំ​ថា​ករណី​នេះ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ក្រម​សីលធម៌»។

លោក ណុប វី ទទូច​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់​រក្សា​គុណ​តម្លៃ​របស់​អ្នក​សារព័ត៌មាន គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ រាយការណ៍​ព័ត៌មានពិត ហេតុការណ៍​ពិត ចៀសវាង​ការ​បញ្ចេញ​បញ្ចូល​គំនិត​របស់​ខ្លួន​នៅ​ក្នុង​ព័ត៌មាន ឬ​មួយ​ការ​សម្ដែង​ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា​ជា​ព័ត៌មាន។ លោក​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទឹកចិត្ត​អ្នក​អាន​ឬ​អ្នក​ទស្សនា និង​គុណ​តម្លៃ​របស់​អ្នក​សារព័ត៌មាន៕