
ត្រាក់ទ័របើកកិនមីនតោនផ្ទុះ ដែលបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមេសាកន្លងមក។ រូបថត CMAC
ភ្នំពេញៈ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។
អ្នកនាំពាក្យអាជ្ញាធរមីន លោកឡាង កុសល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងចំណោមជនរងគ្រោះចំនួន ២០នាក់នោះ រួមមានជនរងគ្រោះដោយសារមីន ៨នាក់ និងជនរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះ ពីសង្រ្គាម(ស.ផ.ស) ១២នាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ចំនួន៥នាក់ និងជាក្មេងស្រីអាយុក្រោម១៨ឆ្នាំ ១នាក់ផងដែរ។
គ្រោះថ្នាក់នេះបានបណ្តាលឱ្យជនរងគ្រោះស្លាប់ ៦នាក់ របួស១២នាក់ និងពិការអវយវៈ ២នាក់ផងដែរ។
អាជ្ញាធរមីនក៏បានឱ្យដឹងផងដែរថា ប្រទេសទួរគីយ៉េ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការពិចារណាចូលរួមចំណែកជាមួយកម្ពុជា ដល់កិច្ចការជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើង នាថ្ងៃសុក្រ ទី៣០ ខែឧសភានេះ ក្នុងជំនួបពិភាក្សាការងារ រវាង អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តីលី ធុជ និង លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ(TIKA) ប្រចាំកម្ពុជា ឡាវ និងវៀតណាម។
អាជ្ញាធរមីនបញ្ជាក់ថា៖«ក្នុងជំនួបពិភាក្សានេះ លោកជំទាវ Ülkü Kocaefe បានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសទួរគីយ៉េ ដើម្បីចូលរួមចំណែកជាមួយកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងនោះរួមមានការផ្តល់អវយវៈសិប្បនិម្មិតដល់ជនមានពិការភាព ជាដើម»។

ជំនួបពិភាក្សាការងារ រវាង អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តីលី ធុជ និង លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំកម្ពុជា នាថ្ងៃសុក្រ ទី៣០ ខែឧសភានេះ។ រូបថត CMAA
ជាមួយគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូត បានស្នើសុំឱ្យមានកិច្ចសហការពីអាជ្ញាធរមីនក្នុងការផ្តល់ការគាំទ្រដល់ទីភ្នាក់ងារ TIKA និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកម្មវិធីរបស់ខ្លួនទទួលបានជោគជ័យ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ជាប្រធាន អាជ្ញាធរមីន មិនត្រឹមតែគ្រប់គ្រង និងសម្របសម្រួលលើកិច្ចការបោសសម្អាតមីន ប៉ុណ្ណោះទេ តែថែមទាំងយកចិត្តទុកដាក់ក្នុងការសម្របសម្រួលលើកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់ ផងដែរ។
ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជា មានមជ្ឈមណ្ឌលផ្តល់សេវាស្តារនីតិសម្បទាចំនួន ១១ ដែលកំពុងផ្តល់ឧបករណ៍សិប្បនិម្មិត ការព្យាបាលដោយចលនា និងការបណ្តុះបណ្តាលស្តារនីតិសម្បទាដោយឥតគិតថ្លៃ។
លើសពីនេះ អាជ្ញាធរមីន ក៏បានកសាងនូវបណ្តាញអ្នកស្ម័គ្រចិត្តជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ក្នុងការសម្របសម្រួល និងគ្រប់គ្រងនូវព័ត៌មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនេះ ជាពិសេសការផ្តល់សេវាខិតឱ្យកាន់តែជិតដល់សហគមន៍ជនរងគ្រោះ៕