
សត្វផ្សោតនៅតំបន់អភិរក្សអន្លង់កាំពី ក្នុងខេត្តក្រចេះ ដែលមានចំនួនកូនផ្សោតកើតថ្មីរហូតដល់ទៅ៥ក្បាលក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥នេះ។ រូបថត ក្រសួងកសិកម្ម
ក្រចេះ: បទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត កាំពី ក្នុងខេត្តក្រចេះមានការថយចុះ ខណៈ ពេលដែលចំនួនសត្វផ្សោតទន្លេមេគង្គរួមទាំងនៅក្នុងខេត្តស្ទឹងត្រែងផងនោះ មានការកើនឡើង ហើយករណីស្លាប់ទៅវិញក៏ពុំទាន់កើតមាន។
ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥នេះ បទល្មើសនេសាទនៅកាំពី មានការថយចុះ បើធៀបនឹងកាលពី៥ខែមុនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។ ការបង្ហាញរបាយការណ៍ នៃការបង្រ្កាបបទល្មើសនៅតំបន់កាំពីនេះ ត្រូវបានធ្វើឡើង ដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី ដែលដឹកនាំដោយ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា។
ក្រសួងកសិកម្មបានឱ្យដឹងកាលពីថ្ងៃទី២៩ ខែឧសភាថា បទល្មើសក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥នេះមានដូចជា បង្រ្កាបបានទូកម៉ាស៊ីនចំនួន៣គ្រឿង អាំងវ័កទ័រឆក់ត្រីចំនួន៣០គ្រឿង អាគុយ២គ្រឿង ភ្ជាប់ដោយខ្សែភ្លើងចំនួន៥០ម៉ែត្រ និងដកហូតមងសន្ទូចរនង១៣៦ខ្សែ។
ក្រៅពីនោះ ក៏មានការចេញលិខិតកោះហៅអ្នកឆក់ខុសច្បាប់បានចំនួន ១៧ករណី និងបានអប់រំអ្នកនេសាទចំនួន៣១នាក់ផងដែរ។
តំបន់គ្រប់គ្រងការពារផ្សោតនេះ មានប្រវែង៨៥គីឡូម៉ែត្រ ដែលគិតចាប់ពីទីរួមខេត្តស្ទឹងត្រែង រហូតដល់ខេត្តក្រចេះ។ ក្នុងតំបន់នេះមានឆ្មាំទន្លេសរុបចំនួន៤៤រូប ដែលកំពុងឈរជើងអភិរក្សជីវចម្រុះ ការពារសត្វផ្សោត ដោយទទួលបានការគាំទ្រពីរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រដ្ឋបាលជលផល អាជ្ញាធរខេត្ត និងអង្គការ WWF-កម្ពុជា។

សត្វផ្សោតនៅតំបន់អភិរក្សអន្លង់កាំពី ក្នុងខេត្តក្រចេះ ដែលមានចំនួនកូនផ្សោតកើតថ្មីរហូតដល់ទៅ៥ក្បាលក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥នេះ។ រូបថត ក្រសួងកសិកម្ម
លោកម៉ុក ពន្លក ដែលជាប្រធានឆ្មាំអភិរក្សសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តក្រចេះ រួមនិងឆ្មាំអភិរក្សសត្វផ្សោតទាំងអស់បានលើកឡើង ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្សធនធានជលផល និងជីវៈចម្រុះ ជាពិសេសសត្វផ្សោត ដែលជាធនធានរតនសម្បត្តិរបស់ជាតិ ដោយធ្វើយ៉ាងណាទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ក្រសួងកសិកម្មកាលពីចុងសប្តាហ៍មុន បានប្រកាសពីការប្រទះឃើញកូនផ្សោតថ្មី១ក្បាល នៅអន្លង់កាំពី ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល។
គិតត្រឹម ថ្ងៃទី២៥ ខែឧសភា ក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល។ ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង។ ប៉ុន្តែមិនទាន់មានករណីផ្សោតស្លាប់នៅឡើយទេ។
ឆ្មាំទន្លេចំនួន៧២រូប ទាំងនៅខេត្តស្ទឹងត្រែង និងក្រចេះ កំពុងតែចូលរួមអភិរក្សសត្វផ្សោតទន្លេមេគង្គ។ កាលពីខែកុម្ភៈ កន្លងមក ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គនេះចំនួន៣រូប ត្រូវរដ្ឋបាលខេត្តក្រចេះបញ្ចប់តួនាទី បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យមានបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សនេះ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោកម៉ុក ពន្លក ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយឆ្មាំទន្លេកាំពី ដែលដឹកនាំដោយ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា។ រូបថត ក្រសួងកសិកម្ម
ក្រសួងបានលើកឡើងថា ការជួបសំណេះសំណាល់របស់កញ្ញាអ៊ឹម រចនា ជាមួយមន្ត្រីឆ្មាំទន្លេនេះ គឺដើម្បីពង្រឹង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី។
ក្នុងឱកាសនោះ ឆ្មាំអ្នកចូលរួមទាំងអស់ ត្រូវបានបានផ្តល់ឱកាសឱ្យលើកឡើងពីបញ្ហាប្រឈមនៅក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាដោះស្រាយផងដែរ។
ក្រសួងកសិកម្មបានបន្តលើកទឹកចិត្ត ដល់មន្រ្តីឆ្មាំ ត្រូវធ្វើការដោយស្មោះត្រង់ មានឆន្ទៈខ្ពស់ ទើបអាចសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ៕

សត្វផ្សោតនៅតំបន់អភិរក្សអន្លង់កាំពី ក្នុងខេត្តក្រចេះ ដែលមានចំនួនកូនផ្សោតកើតថ្មីរហូតដល់ទៅ៥ក្បាលក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៥នេះ។ រូបថត ក្រសួងកសិកម្ម
