នៅ​កម្ពុជា​ ជារៀង​រាល់​ឆ្នាំ​ មាន​ករណី​ជំងឺ​មហារីក​ថ្មី​ប្រមាណ​ ២ម៉ឺន​ករណី​ ហើយ​ការ​ស្លាប់​ពី​ជំងឺ​នេះ​មាន​ប្រមាណ​ ១ម៉ឺន​ ៤ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ចំនួន​នេះ​អាច​តិច​ជាង​នៅ​ប្រទេស​ផ្សេង ប៉ុន្តែ​ជា​តួ​លេខ​ខ្ពស់​ធៀប​នឹង​ចំនួន​ប្រជាជន​ ១៧​លាន​នាក់។

លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ «ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក ​២០២៥-២០៣០» នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែឧសភា​ថា តួលេខ​នៃ​ករណី​ថ្មី​និង​ករណី​ស្លាប់​ប្រចាំ​ឆ្នាំ​ឆ្លុះ​បញ្ចាំង​ពី​ភាព​បន្ទាន់​ក្នុង​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់។

លោក​ថា៖ «ជា​បឋម ឧប្បត្តិហេតុ​នៃ​ករណី​ប្រមាណ ២​ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជឿន​លឿន​ជាង​យើង ឧប្បត្តិហេតុ​នេះ​ហាក់​បី​ដូច​ជា​មាន​កម្រិត​ទាប​គួរ​សម។ ប៉ុន្តែ​តាម​ពិត មាន​ការ​ពន្យល់​មួយ​ផ្នែក​ថា​ការ​ស្រាវជ្រាវ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ ហើយ​ករណី​ខ្លះ​ក៏​មិន​ទាន់​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​ឡើយ»។

លោក​បន្ត​ថា៖ «បាតុភូត​ផ្សេង​ទៀត អត្រា​មរណៈ​បង្ក​ដោយ​មហារីក​ មនុស្ស​ស្លាប់​ជិត​១ម៉ឺន ៤​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ ស្មើ​នឹង​អត្រា​ខ្ពស់​លើស​ ៧០​ភាគរយ​ ពីព្រោះ​អត្រា​ជា​មធ្យម​នៅ​លើ​ពិភព​លោក​គឺ ៤៨​ភាគរយ។ អត្រា​មរណភាព​ដោយសារ​ជំងឺ​មហារីក​នេះ​មាន​ន័យ​ថា មាន​មនុស្ស​ស្លាប់​ម្នាក់​ដោយ​សារ​ជំងឺ​មហារីក​រៀង​រាល់​ ៤០​នាទី​ម្ដង​នៅ​កម្ពុជា ឬ​ប្រមាណ ៣៨​នាក់​ក្នុង​មួយ​ថ្ងៃ ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​ទុក្ខ​លំបាក បន្សល់​ទុក​នូវ​កូន​កំព្រា បុរស​ពោះម៉ាយ ស្ត្រី​មេម៉ាយ​ទុរគត»។

លោក​បន្ត​ថា សោកនាដកម្ម​​នៃ​ជំងឺ​មហារីក​ក៏​មាន​ទៅ​លើ​កុមារ​ផង​ដែរ ដែល​ក្នុង​មួយ​ឆ្នាំៗ​មាន​កុមារ​ប្រមាណ​៦០០​នាក់​​បាន​កើត​ជំងឺ​មហារីក។ នៅ​លើ​ពិភពលោក ៨០​ភាគរយ​នៃ​ជំងឺ​មហា​រីក​លើ​កុមារ​អាច​ព្យាបាល​បាន​ជា​សះស្បើយ ប៉ុន្តែ នៅ​កម្ពុជា ការ​ព្យាបាល​ជា​សះ​ស្បើយ មាន​ក្រោម ២០​ភាគរយ។​

លោក​បន្ត​ថា ប្រសិន​បើ​ស្ថានភាព​បច្ចុប្បន្ន​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នោះ​ទេ មនុស្ស​គ្រប់​វ័យ​ចំនួន​ ២១​ម៉ឺន​នាក់​នៅ​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ទាំង​មុខ។

លោក​រដ្ឋមន្ត្រី​សុខាភិបាល ថ្លែង​ថា​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ដាក់​ចេញ​ក្នុង​គោល​បំណង​​លើក​កម្ពស់​កាង​បង្ការ​បឋម​នៃ​ជំងឺ​មហារីក, ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​ដំបូង​ដើម្បី​ព្យាបាល​បាន​ទាន់​ពេល​វេលា, ធានា​និរន្តរភាព​និង​សមធម៌​ក្នុង​ការ​ទទួល​បាន​សេវា​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹម​ត្រូវ ​ការ​ទទួល​បាន​ការ​ព្យាបាល ដែល​សម​ស្រប​នឹង​មាន​គុណភាព, ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​និង​តាម​ដាន​នៃ​ជំងឺ​មហារីក និង​ការ​ពង្រឹង​អភិបាល​កិច្ច ការ​សម្រប​សម្រួល​និង​ការ​ត្រៀម​ខ្លួន​នៅ​ពេល​មាន​ការ​ប្រយុទ្ធ​នឹង​ជំងឺ​មហា​រីក។

បើ​តាម​លោក ឈាង រ៉ា មហារីក​មាត់​ស្បូន​ជា​ជំងឺ​មហារីក​ភាគ​ច្រើន​សម្រាប់​ស្ត្រី ខណៈ​ដែល​បុរស​ភាគច្រើន​មាន​ជំងឺ​មហារីក​ថ្លើម​ដែល​ភាគ​ច្រើន​បណ្ដាល​មក​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ដែល​អាច​ចាក់​ថ្នាំ​ការពារ​តាំង​ពីរ​កំណើត និង មហា​រីក​ក្រពះ​ដែល​បណ្ដាល​ពី​អនាម័យ​មិន​ល្អ​នៅ​វ័យ​កុមារ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​ពាក់​ព័ន្ធ​រិះ​រក​វិធី​ដើម្បី​កាត់​បន្ថយ​ចំនួន​ករណី​ថ្មី​ឲ្យ​ថយ​ចុះ​ពី​ប្រមាណ​ ២ម៉ឺន​ករណី​ក្នុង​មួយ​ឆ្នាំ​ មក​នៅ​ត្រឹម​ពាន់​ករណី។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​គ្រង​លើ​គុណភាព​អាហារ ហាម​ឃាត់​គ្រឿង​ដែល​រួម​ចំណែក​ដល់​ការ​កើត​ជំងឺ​មហារីក ​និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​លេង​កីឡា​ឲ្យ​បាន​ច្រើន៕