ជំងឺ​ពិសធ្យូង ឬ ជំងឺ​អង់ត្រាក់ (Anthrax) ដែល​កើត​លើ​​សត្វ​គោ​ក្របី មិន​មាន​វត្ត​មាន​​នៅ​កម្ពុជាទេ​​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​ជំងឺ​នេះ​ដោយ​មិន​ត្រូវ​បរិភោគ​សាច់​គោក​​ក្របី​ឆៅ ​និ​ង​​មិន​ត្រូវ​កាប់​គោ​ឈឺយក​មក​លក់ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ។

នេះជា​ការ​ក្រើន​រំលឹក​របស់​លោក លី សូវ៉ាន់ ប្រធាន​ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បន្ទាប់​ពី​មាន​ករណី​ស្លាប់​របស់​ពលរដ្ឋ​ថៃ​ពី​ជំងឺ​នេះ​កាល​ពីសប្ដាហ៍​មុន។

សារព័ត៌មាន​ថៃ​ចុះ​ផ្សាយ​ថា​ ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ជំងឺ​នេះ​ចំនួន​២​ករណី ដោយ​អ្នក​ជំងឺ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​ករណី​ស្លាប់​នេះ​ជា​លើក​ទី​១​ក្នុង​​រយៈ​ពេល ៣០​ឆ្នាំ​ចុង​ក្រោយ។ ពួក​គេ​បាន​ឆ្លង​ជំងឺ​នេះ​ដោយសារ​តែ​បាន​បរិភោគ​សាច់​គោ​ឆៅ ដែល​ឆ្លង​បាត់តេរី​អង់ត្រាក់។ មនុស្ស​២៤៧​នាក់​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល។

លោក លី សូវ៉ាន់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជំងឺ​នេះ​មាន​ថ្នាំ​ព្យាបាល​ប្រសិន​បើ​រក​ឃើញ​ថា អ្នក​ជំងឺ​ពិត​ជា​បាន​កើត​ជំងឺ​នេះ​ពិត​ប្រាដក។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​​បរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម។ ជំងឺ​នេះ​មាន​ ៣ ទម្រង់​គឺកើត​នៅ​លើ​ស្បែក សួត និង​ក្រពះ​ពោះ​វៀន។

នៅ​កម្ពុជា​ មិន​ធ្លាប់​មាន​ករណី​នេះ​កើត​ឡើង​ទេប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ បាន​កើត​ឡើង​នៅ​ខេត្ត​ចំប៉ាក់សាក់​របស់​ឡាវ និង​នៅ​ព្រំដែន​ថៃ​និង​ឡាវ នៅ​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ​២០២៥​នេះ។

លោក លី សូវ៉ាន់៖ «ចំពោះ​កម្ពុជា​យើង យើង​តែង​ធ្វើ​វិធានការ​បង្ការ​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ និង ឡាវ ទាំង​ទៅ​លើ​មនុស្ស និង​សត្វ ហើយ​យើង​មិន​បាន​រក​ឃើញ​ជំងឺ​នេះ​ក្នុង​ប្រទេស​យើង​ទេ។ យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​កាប់​គោ​ដែល​ឈឺ​យក​មក​លក់ ព្រោះ​អាច​ឆ្លង​ជំងឺ​នេះ ឬ​ជំងឺ​ផ្សេងៗ​ទៀត។ ដូច្នេះ សូម​កុំ​កាប់​សត្វ​មាន់​ ទា គោ​ឈឺ យក​ទៅ​លក់ គួរ​តែ​កប់​ចោល»។

លោក​ក៏​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កុំ​បរិភោគ​សាច់​សត្វ​ដែល​គ្មាន​ប្រភព​ច្បាស់​ ហើយ​​អ្នក​ដែល​មាន​រោគ​សញ្ញា​សង្ស័យ​សូម​ទាក់​ទង​ក្រសួងសុខាភិបាល​​តាម​​លេខ​ទូរសព័្ទ ១១៥ ដើម្បី​រាយការណ៍​ពី​ករណី​សង្ស័យ៕