ភ្នំពេញ៖ ហេង ម៉ាលី​តា ឬ ហេង រិន​សុម៉ាលីតា ជាកូនខ្មែរ​មួយរូប​បាន​​ចាប់​យក​​តួនាទី​ជា​​បុគ្គលិក​​លើ​យន្តហោះលំដាប់​ផ្កាយ​ប្រាំ ថែមទាំង​​​មាន​អាជីព​ជា​តារាភាពយន្ត អ្នករាំ អ្នកចម្រៀង ទេពធិតា​សង្ក្រាន្ដ​ និង​ម៉ូ​ដែល​ផលិតផល​ផងដែរ​។​

ដោយមាន​ចំណង់​ចំណូលចិត្ត​ទាំង​សិល្បៈ​សម្ដែង​ និង​ការ​ហោះហើរ​ ធ្វើឱ្យ​អ្នកនាង​មាន​តុល្យភាព​ក្នុង​អាជីព​ជាច្រើន​មុខ​។​

ថ្មីៗ​នេះ ម៉ាលី​តា បាន​ប្រឡង​ជាប់​នៅ​​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់ថ្នាក់​ពិភពលោក ហើយ​កំពុង​ត្រៀមខ្លួន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ​ជា​ជោគជ័យ​​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​របស់ខ្លួន​​។​

ម៉ាលីតា បាន​និយាយថា​៖ «​ខ្ញុំ​ចូលបម្រើ​ការងារ​ជា​ Cabin Crew តាំងពី​ឆ្នាំ​២០១៨ គឺមុន​ពេល​ខ្ញុំ​ប្រឡង​ជាប់​ធិតា​​ឯក​សង្ក្រាន្ដ​ទៅ​ទៀត។ ពេល​ខ្ញុំ​ទទួល​ការងារ​សិល្បៈ​អី វាស្រ័យ​លើ​ schedule ការងារ​ជា​អូតេស​ បើ​វាជាន់​ការងារ​គោលនេះ ខ្ញុំមិន​អាច​ទទួល​ការងារ​សិល្បៈ​ទេ។ ប៉ុន្ដែ​ជា​ទូទៅ ផលិតករ​ថត​កុន តែងតែ​សម្របសម្រួល​ទៅតាម​ការងារ​ខ្ញុំ​ដែរ​​»។

យ៉ាងណាមិញ អំឡុងពេល​ត្រៀម​ខ្លួន​បោះជំហាន​ទៅកាន់​យន្ដហោះ​ខ្នាត​ពិភពលោក អ្នក​នាង ម៉ាលីតា បាន​សម្រេច​ផ្អាកពី​វិស័យ​សិល្បៈ ដោយ​សារ​តួនាទីថ្មីនេះ​អាច​ត្រូវ​ហោះហើរឆ្ងាយ និង​ត្រូវ​សម្រាក​នៅតាម​គោលដៅ​នីមួយៗ។

ការ​ចាប់​យក​អាជីព​គោល​ជាក់ស្ដែង វាប្រែ​ផ្ទុយ​ស្រឡះ​ពី​ក្ដី​ស្រមៃ​ពីកុមារភាព ដែល​ ម៉ាលីតា មានដុង និង​យក​លំនាំ​តាម​ម្ដាយ​ជា​អ្នកសិល្បៈ​ ដោយសារ​កុមារីរូបនេះចូលចិត្ដ​សប្បាយ រាំ​ និង​ការសម្ដែង​តាំងពី​តូច​។

ហេង ម៉ាលីតា ត្រៀមខ្លួនចូលបម្រើការងារនៅលើយន្ដហោះលំដាប់ផ្កាយប្រាំ។ រូបថត សហការី

បុគ្គលិក​បម្រើការ​លើ​យន្ដហោះ​រូបនេះ បាន​ឱ្យដឹងថា​៖ «​ម៉ាក់​ខ្ញុំ​ផ្ទាល់​គាត់​ជា​អ្នក​របាំ​។ វាធ្វើ​ឱ្យ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដែរ​ ប៉ុន្ដែ​ពេល​ធំ​ឡើង ខ្ញុំ​អត់បាន​ទៅរៀនរបាំដូចម៉ាក់ទេ​ ខ្ញុំ​ក៏​ស្រឡាញ់​សិល្បៈ​ខាង​ច្រៀង និងរាំ ខ្ញុំ​បាន​ទៅ​ដាក់​ពាក្យ​នៅ​ធិតា​ឯកសង្ក្រាន្ដ​ ហើយ​ប្រឡងជាប់​ ដោយ​ចាប់ផ្ដើម​ហ្វឹក​ហាត់​ច្រៀង រាំ និង​សម្ដែង​»។

ដោយសារ​ការងារសិល្បៈ​ជា​ក្ដីស្រឡាញ់ វាមិន​បង្ក​ជា​ការលំបាក​របស់​ធិតា​ឯក​សង្ក្រាន្ដ​រូប​នេះទេ។ ជាមួយ​ការសម្ដែង​បែប​ល្ខោន​ភាគ​ស្ដីពីជីវិត​នៅ​ប្លេតហ្វម​កម្សាន្ដ​លើ​កម្មវិធី​ឌីជីថល និងបន្ដ​ទៅ​សម្ដែង​ក្នុង​ល្ខោន​ភាគ​ទូរទស្សន៍​។

ជាមួយ​សម្រស់ និង​ជំនាញ​ផ្នែក​ទំនាក់ទំនង​ ក៏ដូចជា​ការងារ​ជាក្រុម បាន​ជួយ​ ម៉ាលីតា សម្រួច​សមត្ថភាព​ជា Cabin Crew ដែល​ត្រូវមាន​ការ​ប្រាស្រ័យ​ទាក់ទង​អន្ដរ​ជាតិ​សាសន៍​។

អ្នក​នាងបា​ន​ឱ្យដឹងថា​៖ «​ខ្ញុំតែងតែ​ចូលចិត្ដ​ធ្វើ​ការងារ​ជាក្រុម​ច្រើន។ ខ្ញុំ​មាន​បទពិសោធ​ផ្នែក​នេះស្រាប់​ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​។ ការងារ​ពីរនេះ​ខុស​គ្នា​ត្រង់​មួយ​យើង​សម្ដែង​បែប​ជា​សិល្បៈ ហើយ​ការងារ​មួយ​ទៀត យើង​ត្រូវ​បម្រើ​ភ្ញៀវ​ផ្ទាល់​»។

ចំពោះ​ការ​ចូលរួម​ជាមួយ​អាកាសចរណ៍​ Emirates ម៉ាលីតា បាន​ឱ្យ​ដឹងថា វាអាចជាការ​ធ្វើ​តេស្ដ​លំបាក និងមិន​លំបាក​។ ប៉ុន្ដែ​អ្នកនាង​និយាយថា ចំពោះ​អ្នក​មិន​មាន​បទពិសោធ​លើ​វិស័យ​នេះ ពួកគេ​ប្រាកដ​ជាលំបាក​។

ម៉ាលីតា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍អំពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖ «ខ្ញុំ​ពិតជាស្រឡាញ់​ការងារនេះ ហើយ​ខ្ញុំ​នៅមាន​អារម្មណ៍រាង​​ភ័យ​​ ដោយសារ​ខ្ញុំ​អត់ដែល​ធ្វើការ​នៅលើ​យន្ដ​ហោះ​ធំ​ ខ្នាត​អន្ដរជាតិលំដាប់​ផ្កាយប្រាំ​ទេ​។ កន្លងមក ខ្ញុំ​ហោះ​ទៅកាន់​ប្រទេស​ផ្សេង​ៗ តែមិន​បាន lay over នៅទីនោះ គឺ​ហោះ​ត្រឡប់​មកវិញ​»។

អ្នកនាង​បាន​បន្ដថា​៖ «​ពេល​ខ្ញុំ​ទៅធ្វើការ​លើ​យន្ដហោះ​អន្ដរជាតិ​លំដាប់​ផ្កាយ​ប្រាំ ខ្ញុំគិតថា វា​អាច​នឹង​ពិបាក ដោយសារ​យើង​ត្រូវ​ជាប់​ភ្ញៀវ​ច្រើន ការហ្វឹក​ហាត់​រាង​ពិបាក​ជាងមុន និង​អ្នក​ធ្វើការ​ជាមួយ​គ្នា​ប្លែកមុខ​រាល់​ថ្ងៃ​​ចម្រុះជាតិសាសន៍​»។

ជាមួយ​ការ​សម្ភាស​បុគ្គលិក​បម្រើការងារ​នៅ Emirates ម៉ាលីតា បាន​ឱ្យ​ដឹងថា មួយ​វគ្គនេះ​ជាប់​បុគ្គលិក​ខ្មែរ ៤នាក់ ស្រី ៣ នាក់ និង​បុរស​ម្នាក់​។

ថ្វីដ្បិតតែមាន​បុគ្គលិក​ជាខ្មែរ ៤នាក់​យ៉ាង​ណាក៏ដោយ ក៏​ការ​ហ្វឹកហាត់​ពួកគេមិន​ត្រូវបាន​រៀបចំ​ឱ្យ​នៅ​ជុំគ្នា​នោះទេ ដោយក្រុមហ៊ុន​មាន​គោលបំណង​ឱ្យ​ពួកគេ​បាន​ស្គាល់​បុគ្គលិក​ជាជនជាតិ​ដទៃ​ទៀត​។

ម៉ាលីតា មើលឃើញ​ការ​ចូល​បម្រើ​ការងារ​នៅលើ​យន្ដខ្នាត​យក្ស​នេះ គឺជា​ជោគជ័យ​មួយ​សម្រាប់​ខ្លួន​ឯង និង​ប្រទេស​ជាតិ​ផងដែរ ដោយ​ជាក់ស្ដែង នៅ Emirates មិន​ទាន់​មាន​បុគ្គលិក​ខ្មែរ​នោះទេ​។

អ្នកនាងបាន​និយាយថា​៖ «​ពេល​គេបាន​ឮថា យើងជាខ្មែរ យើង​បាន​ធ្វើការ​នៅលើ​យន្ដហោះ​លំដាប់​ពិភពលោក យើង​មិន​អន់​នោះទេ​»។

ក្រៅពីបទពិសោធ​ផ្ទាល់ ​ ម៉ាលីតា បាន​លើកឡើងនូវអ្វីដែល​ខ្លួន​ឯង​បាន​ដឹង​ថា នៅ Emirates ផ្ដោតលើ​ភាសា​អង់គ្លេស​ខ្លាំង​បំផុត និង​ការ​ផ្ដល់​សេវាកម្ម​ (customer service)។

អ្នក​នាង បាន​បញ្ជាក់ថា យុវតី​ខ្មែរ​ដែលមាន​ក្ដីស្រមៃ​ខ្ពស់ ត្រូវ​មាន​ជំនឿចិត្ដ មាន​សេចក្ដី​ទុកចិត្ដ​ចំពោះ​ខ្លួន​ឯង ដោយ​មិន​ទម្លាក់​តម្លៃ​ខ្លួន​ឯង និងព្យាយាមបន្ដ ទោះជាប់​បរាជ័យ​​។

ម៉ាលីតា បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ខ្ញុំមានក្ដីស្រមៃតាំងពី​តូច​ទាំង​ផ្នែក​សិល្បៈ និង​ធ្វើការ​លើ​យន្ដហោះ​។ ប៉ុន្ដែ​ខ្ញុំ​មិននឹក​ស្មានថាអាច​បាន​ធ្វើ​លើ​យន្ដហោះ​លំដាប់​ផ្កាយ​ប្រាំ​នេះទេ»។

ឱកាស​ក្លាយជា​បុគ្គលិក​លើយន្ដហោះលំដាប់ផ្កាយ​ប្រាំ​បាន​មក​ដល់សម្រាប់​ប្រជាជន​កម្ពុជា ដោយ​​​បេក្ខជន​​ឆ្នើម ​នឹង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ថ្ងៃ​ជ្រើសរើស​បុគ្គលិក ​​នៅ​ថ្ងៃទី ៧ ខែឧសភា​។

បេក្ខជន​មៗ គឺជា​បេក្ខជន​នឹងត្រូវ​ធ្វើការ​ដឹកនាំ​ដោយ​ទំនុកចិត្ត និង​កាន់​ការងារ​ទាក់ទង​ជាមួយ​ការគ្រប់គ្រង​សេវាកម្ម​លើ​យន្តហោះ ប្រកបដោយ​សុវត្ថិភាព និង​នីតិវិធី​សុវត្ថិភាព​។​

សម្រាប់ប្រជាជនកម្ពុជាដែលចង់តំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ នេះអាចជាអាជីពមួយជីវិត៕ រូបថត សហការី

យោងតាម Emirates បាន​ឱ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​ផ្នែក​សំខាន់​នៃ​គ្រួសារ Emirates សមាជិក​នាវិក​កាប៊ីន​នឹងធ្វើ​ការ​ជាមួយ​ក្រុម​អន្តរជាតិ ដោយ​បម្រើ​អ្នកដំណើរ​លើ​យន្តហោះ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ រួមទាំង​យន្តហោះ Boeing 777 និង​យន្តហោះ Airbus A380 ដ៏​ល្បីល្បាញ»​។​

បេក្ខជនទទួល​ឱកាស​ការងារ​ដ៏​ល្អប្រសើរ ជាមួយនឹង​កន្លែង​បណ្តុះបណ្តាល​ដ៏​ល្អ​ និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ដ៏​ទូលំទូលាយ​សម្រាប់​បុគ្គលិក​របស់ខ្លួន​។

អ្នកបម្រើ​ការ​លើ​យន្តហោះ​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​​​  និង​ទទួលបាន​អត្ថប្រយោជន៍​ការងារ​ដ៏​ល្អ ​​ដូចជា ប្រាក់ខែ​ដែល​មិន​កាត់​ពន្ធ កន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ទៅ​និង​មកពី​កន្លែងធ្វើការ កញ្ចប់​សេវា​ធានារ៉ាប់រង​សុខភាព​ដ៏​ល្អ ក៏ដូចជា​ការបញ្ចុះ​តម្លៃ​ពិសេស​លើ​ទំនិញ និង​សកម្មភាព​កម្សាន្ត​ជាច្រើន​នៅ​ទីក្រុង​ឌូ​បៃ​។

ការហោះហើរ​ជា​សកល​​កំពុង​រីកចម្រើន ផ្តល់នូវ​ឱកាស​ធ្វើដំណើរ​ជាច្រើន​ដែលមាន​នៅតាម​បណ្តាញ​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​ទ្វីប​ទាំង​ប្រាំមួយ​។

ការជំរុញ​ជ្រើសរើស​បុគ្គលិក​មិនមែន​គ្រាន់តែ​ជា​ឱកាស​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱកាស​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ពិភពលោក​ដែល​តំណាងឱ្យ ១៤៨ សញ្ជាតិ​។​

សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់​តំណាង​ប្រទេស​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ នេះ​អាចជា​អាជីព​មួយជីវិត​៕