ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ថ្លែង​ប្រាប់​ទៅ​​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​ ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ថា កម្ពុជា​មាន​សន្តិសុខ​ស្បៀង ប៉ុន្តែ នៅ​​ខ្វះ​សន្តិសុខ​ថាមពល។ ឥណ្ឌូណេស៊ី​ត្រៀម​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ឯកជន​ផ្នែក​នេសាទ​និង​ឋាមពល​នៃ​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ជួប​ពិភាក្សាការងារ​​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅ​ទីក្រុង​ហ្សាការតា នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​លោក​​ត្រូវ​បាន​លោក ប្រាបូវ៉ូ ហៅ​ថា​ជា «បុរសរដ្ឋ​ដែល​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​យូរ​ឆ្នាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍»។​

លោក ហ៊ុន សែន​ បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ​របស់​លោក ស៊ី ប្រាបូវ៉ូ ដែល​ធ្វើ​ឲ្យ​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​បញ្ជាក់​ថា៖ «សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លើក​ឡើង​ទៀត​ថា ថ្មីៗ​នេះ ឥណ្ឌូណេស៊ី ​បាន​ក្លាយ​ជា​អធិរាជ​ផ្នែក​ស្បៀង ហើយ​ក៏​ជា​អធិរាជ​ផ្នែក​សន្តិសុខ​ឋាមពល​ផង​ដែរ តែ​កម្ពុជា​វិញ មាន​សន្តិសុខ​ស្បៀង តែ​ខ្វះ​សន្តិសុខ​ឋាមពល។ សម្តេចតេជោ ​បន្តថា ប្រទេស​យើងទាំង​ពីរ​មាន​សហប្រតិបត្តិការ​ល្អ ហើយ​សម្តេច​សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​អាច​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ការ​ហោះហើរ​ឱ្យ​ខ្លាំង​ក្លា​ថែម​ទៀត»។

លោក​ ប្រាបូវ៉ូ បានប្រាប់​លោក​ ហ៊ុន សែន​ ថា ក្នុង​រយៈ​ពេល ​៦​ ខែ ដែល​លោក​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រទេស​ឥណ្ឌូណេស៊ី បាន​ទទួល​សមិទ្ធផល ខាង​ផ្នែក​សន្តិសុខ​ស្បៀង ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​សន្តិសុខ​ឋាមពល ជាពិសេស​ជំរុញ​វិនិយោគ​ផ្នែក​សន្តិសុខ​ឋាមពល។

បើ​តាម​បណ្ដាញ​សង្គម​របស់​លោក ហ៊ុន សែន​ បន្ត​ថា «ឥណ្ឌូណេស៊ី​ចង់​ឲ្យ​កម្ពុជា​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់គ្នា លើ​ផ្នែក​នេសាទ ​ហើយ​ឥណ្ឌូណេស៊ី ត្រៀម​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ឯកជន​ផ្នែក​នេសាទ​និង​ឋាមពល​នៃ​ប្រទេស​ទាំងពីរ»។

បច្ចុប្បន្ននេះ ​ការ​ហោះ​ហើរ​ទៅ​ឥណ្ឌូណេស៊ី​មាន​តែ​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន AirAsia Cambodia ដែល​ហោះ​ហើរ​ទៅ​កោះ​បាលី របស់​ឥណ្ឌូណេស៊ី ឯ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី ក៏​កំពុង​សិក្សា​ដើម្បី​បើក​ជើង​ហោះ​ហើរ​ទៅ​ខេត្តសៀមរាប​ផង​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប្រាបូវ៉ូ។

លោក ហ៊ុន សែន និង​លោក ប្រាបូវ៉ូ  ក៏​បាន​​ជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀន​ផង​ដែរ។

ក្នុង​ឆ្នាំ២០២៤ ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី មាន​ទឹក​ប្រាក់​សរុប ១,១ ពាន់​លាន​ដុល្លារ កើន ១,៥ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ ១,០៨ ​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)។

ក្នុង​ចំនួន​ខាង​លើ​គឺ​កម្ពុជា​នាំ​ទៅ​ឥណ្ឌូណេស៊ី ចំនួន ​៩៤,៦៨ លាន​ដុល្លារ ​ខណៈ​ដែល​ឥណ្ឌូណេស៊ី​នាំ​មក​កម្ពុជា ១ ពាន់​លាន​ដុល្លារ។ បើ​ផ្អែក​លើ​ទិន្នន័យ​នេះ ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ មាន​ឱនភាព ៩១៣​ លាន​ដុល្លារ។ ប្រទេស​ឥណ្ឌូណេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៧ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន ​អាមេរិក វៀតណាម ថៃ ជប៉ុន និង​កាណាដា៕