
Golden Temple Residence ដែលជាប់ជាសណ្ឋាគារប៊ូទិកខ្នាតតូចលំដាប់លេខ ១ នៅលើពិភពលោក។ រូបថត សហការី
សៀមរាប៖ វិស័យទេសចរណ៍នៅខេត្ដសៀមរាបបង្កើតភាពអស្ចារ្យរបស់ខ្លួន ដោយសណ្ឋាគារក្នុងទីក្រុងនេះទើបទទួលបានពានរង្វាន់ជម្រើសអ្នកធ្វើដំណើរឆ្នាំ ២០២៥ របស់ TripAdvisor ជាវេបសាយធ្វើដំណើរដ៏ល្បីល្បាញជុំវិញពិភពលោក។
នាំមុខគេគឺ Golden Temple Residence ដែលជាប់ជាសណ្ឋាគារប៊ូទិកខ្នាតតូចលំដាប់លេខ ១ នៅលើពិភពលោក ហើយសណ្ឋាគារ Golden Temple ស្ថិតនៅលេខ ១០ ទូទាំងពិភពលោកក្នុងប្រភេទដូចគ្នា។
យោងតាម TripAdvisor បានឱ្យដឹងថា ពីត្បូងដ៏មានតម្លៃលាក់កំបាំង ដល់កន្លែងសម្រាកលំហែកាយ ការស្នាក់នៅក្នុងសណ្ឋាគារខ្នាតតូចៗទាំងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
TripAdvisor បានផ្សាយថា៖ «ពានរង្វាន់ជម្រើសអ្នកធ្វើដំណើរល្អបំផុតទទួលបានការអបអរសាទរកម្រិតខ្ពស់បំផុតនៃឧត្តមភាពក្នុងការធ្វើដំណើរ។ វាត្រូវបានផ្តល់រង្វាន់ដល់អ្នកដែលទទួលបាននូវការវាយតម្លៃ និងមតិលើសពីកម្រិតខ្ពស់ពីសហគមន៍ TripAdvisor ក្នុងរយៈពេល ១២ ខែ។ ក្នុងចំណោមការចុះបញ្ជីចំនួន ៨ លានរបស់យើង មានតិចជាង ១ភាគរយ សម្រេចបាននូវចំណុចសំខាន់នេះ»។
ជ័យលាភីទាំងនេះបង្ហាញពីសមិទ្ធផលដ៏សំខាន់មិនត្រឹមតែសម្រាប់យីហោសណ្ឋាគារទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល។
លោកស្រី លី គឹមម៉ី នាយិការក្រុមហ៊ុន ថិមភលគ្រុប ជាក្រុមហ៊ុនមេនៅពីក្រោយសណ្ឋាគារទាំងនេះបានឱ្យដឹងថា៖ «លទ្ធផលនៅឆ្នាំនេះគឺពិតជាកំណត់ត្រាប្រវត្តិសាស្ត្រ»។

សណ្ឋាគារ Golden Temple ស្ថិតនៅលេខ ១០ ទូទាំងពិភពលោកក្នុងប្រភេទសណ្ឋាគារប៊ូទិកខ្នាតតូចដូចគ្នា។ រូបថត សហការី
លោកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងដែលសណ្ឋាគាររបស់យើងត្រូវបានទទួលស្គាល់ក្នុងកម្រិតនេះ។ វាមិនមែនគ្រាន់តែអំពីបន្ទប់ស្នាក់នៅប៉ុណ្ណោះទេ វាគឺជាការធ្វើឱ្យមនុស្សមានអារម្មណ៍កក់ក្ដៅយ៉ាងពិតប្រាកដ»។
លោកស្រី គឹមម៉ី បានសង្កត់ធ្ងន់ថា ពួកគេផ្តោតលើការបង្កើត «ការចងចាំយូរអង្វែង» តាមរយៈសេវាកម្មដែលរួមបញ្ចូលគ្នានូវការយកចិត្ដទុកដាក់ វប្បធម៌ និងការថែទាំ។
នៅមានទៀត Golden Temple Boutique ក៏បានដណ្តើមបានចំណាត់ថ្នាក់លេខ ៩ នៅអាស៊ីផងដែរ ខណៈដែល Golden Temple Retreat និង Golden Temple Villa បានជាប់ចំណាត់ថ្នាក់កំពូលទី ១០ នៃសណ្ឋាគារទូទាំងពិភពលោក។
ការបន្ថែមភាពទាក់ទាញបន្ថែមទៀតចំពោះជ័យជម្នះនេះ Jaya House River Park ក្នុងខេត្តសៀមរាប ក៏ទទួលបានការចាប់អារម្មណ៍ជាសកលផងដែរ ដោយជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងប្រភេទសណ្ឋាគារប្រណិត។
សណ្ឋាគារទាំងអស់នេះស្ថិតក្នុងចំណោមអចលនទ្រព្យកម្ពុជាសរុបចំនួន ៩ ដែលទទួលបានស្លាកសញ្ញាមាសល្អបំផុតពី TripAdvisor សម្រាប់ឆ្នាំ ២០២៥។
លោកស្រី គឹមម៉ី បាននិយាយថា៖ «ការទទួលរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីការកើនឡើងរបស់ប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍លំដាប់ពិភពលោក»។
លោកស្រីបន្ដថា៖ «ការទទួលស្គាល់ក្នុងកម្រិតនេះបង្ហាញថា ខេត្តសៀមរាបមិនត្រឹមតែជាគោលដៅប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ថែមទាំងមានបដិសណ្ឋារកិច្ចលំដាប់ពិភពលោកផងដែរ។ វាកសាងទំនុកចិត្តជាសកល និងជំរុញអ្នកធ្វើដំណើរឱ្យទទួលបានបទពិសោធន៍កាន់តែច្រើនពីអ្វីដែលកម្ពុជាផ្តល់ជូន»។

យោងតាម TripAdvisor បានឱ្យដឹងថា ពីត្បូងដ៏មានតម្លៃលាក់កំបាំង ដល់កន្លែងសម្រាកលំហែកាយ ការស្នាក់នៅក្នុងសណ្ឋាគារខ្នាតតូចៗទាំងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ រូបភាព TripAdvisor
លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរទេសចរណ៍មានមោទនភាពខ្លាំងណាស់ ដែលទីផ្សារសៀមរាប ជាពិសេសសប្បទាដែលផ្គត់ផ្គង់វិស័យទេសចរណ៍ក្នុងខេត្ដសៀមរាបដ៏ល្បីល្បាញលើពិភពលោក។
លោក សេរីវុឌ្ឍ បានថ្លែងថា៖ «តាមខ្ញុំសង្ខេតជារួម ផលិតផលទេសចរណ៍របស់យើង ជាពិសេសសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀត ក្រោយការបម្រើវិស័យទេសចរណ៍ជាង២០ឆ្នាំមក ប្រតិបត្ដិករទេសចរណ៍ភាគច្រើនយល់ច្បាស់ណាស់ពីតម្រូវការអតិថិជន»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមើលឃើញថា សណ្ឋាគារដែលទទួលបានចំណាត់ថ្នាក់ល្អនេះ មិនមែនជាសណ្ឋាគារម៉ាកយីហោរអន្ដរជាតិទេ សុទ្ធតែសណ្ឋាគារកម្រិតថ្នាក់ជាតិរបស់យើងទាំងអស់។ នេះជាមោទនភាពយ៉ាងធំសម្រាប់ទីផ្សារកម្ពុជា ហើយយើងឃើញថា វាជាការពិត ខ្ញុំក៏ធ្លាប់ទៅក្រៅប្រទេសដែរ យើងឃើញថា សណ្ឋាគារលំដាប់ផ្កាយ ៤ នៅអឺរ៉ុបខ្លះ ការផ្ដល់សេវាបដិសណ្ឋារកិច្ចក្ដី ការផ្ដល់សេវាកម្មម្ហូបអាហារផ្សេងៗ មិនមានការបន់បែនល្អដូចយើងទេ»។
លោកបានបញ្ជាក់ថា ឧទាហរណ៍ គេរៀបចំអាហារពេលព្រឹកបែបបស្ចឹមប្រទេសទូទៅ ដោយមិនចាប់អារម្មណ៍ភ្ញៀវអាស៊ី ឬភ្ញៀវអឺរ៉ុបនោះទេ។ ប៉ុន្ដែចំពោះសណ្ឋាគារនៅកម្ពុជា តែងតែមានការបត់បែនទៅតាមប្រភេទភ្ញៀវ ឥណ្ឌា ចិន ជប៉ុន លាយបញ្ចូលជាមួយអាហារពេលព្រឹកទូទៅ។
លោកបានបន្ថែមថា ការផ្ដល់ចំណាត់ថ្នាក់ល្អនេះ ឆ្លុះបញ្ចាំងពីការពិត ដែលកម្ពុជាអាចធ្វើបាន ទាំងសេវាកម្ម បដិសណ្ឋារកិច្ចល្អ និងជាមោទនភាព ដោយសណ្ឋាគារភាគច្រើនគ្រប់គ្រងដោយខ្មែរ៕