
ក្នុងកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងចំណងមិត្ដភាពកម្ពុជា-បារាំង។ រូបថត ហុង រស្មី
ភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំង បានបង្ហាញជំហរយ៉ាងរឹងមាំតាមរយៈគម្រោងសហប្រតិបត្តិការជាច្រើន រួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានាធីបតីបារាំងនៅឆ្នាំក្រោយ។
ក្នុងកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងចំណងនេះ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើវិស័យសំខាន់ៗ ដូចជា អភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី បេតិកណ្ឌ និងភាពធន់នឹងអាកាសធាតុ។
លោក Pellet បានថ្លែងថា៖ «ទំនាក់ទំនងរវាងបារាំង និងកម្ពុជា ស្គាល់សន្ទុះថ្មីមួយចាប់ពីចុងឆ្នាំ២០២២»។
លោកបានសង្កត់ធ្ងន់លើវឌ្ឍនភាពដែលបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង អេមានុយអ៊ែល ម៉ាក្រុង នៅកម្ពជាក្នុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចបរជុកំពូលហ្វ្រង់កូហ្វូនី។
លោកបានបន្ថែមថា៖ «ដំណើរទស្សនកិច្ចនេះនឹងគូសបញ្ជាក់ពីភាពស៊ីជម្រៅ និងការប្តេជ្ញាចិត្តនៃកិច្ចសហប្រតិបត្តិការរបស់យើង» ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់វាសម្រាប់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនាពេលអនាគត។
តួនាទីរបស់ប្រទេសបារាំងក្នុងនាមជាដៃគូក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាគឺបង្ហាញឱ្យឃើញច្បាស់ជាងពេលណាៗទាំងអស់។
ជំនួយបរទេសរបស់បារាំងបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ល់ហិរញ្ញប្បទានសរុបជាង ១,៥ ពាន់លានអឺរ៉ូ (១,៧ ពាន់លានដុល្លារ) ដល់គម្រោងក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។

ប្រធានាធិបតីបារាំងលោក មានុយអ៊ែល ម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមាន Élysée ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមករា។ រូបថត STPM
AFD ផ្គល់ហិរញ្ញប្បទានខ្ពស់បំផុតមិនជ្លាប់មានកាលពីឆ្នាំ២០២៤ ដោយមានចំនួនទឹកប្រាក់២១៥លាន អឺរ៉ូ (២៤៤ លានដុល្លារ) ដើម្បីគាំទ្រដល់កំណើនរបស់កម្ពុជាក្នុងការគ្រប់គ្រងទឹក កសិកម្ម ថាមពល និងធន់នឹងអាកាសធាតុ។
គម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗគឺរោងចក្រប្រព្រឹត្ដកម្មទឹកស្អាតបាក់ខែងជំហានទី៣ កម្ចីចំនួន២០០លានអឺរ៉ូ (២២៧ លានដុល្លារ) ក្នុងគោលបំណងធានាឱ្យមានការប្រើប្រាស់ទឹកស្អាត ១០០ភាគរយ សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០៣០។
នេះគ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលគាំទ្រដោយ AFD ក្នុងគោលបំណងពង្រឹងភាពធន់របស់ប្រទេសកម្ពុជាចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
គម្រោងស្តារអាងស្តុកទឹកស្វាយចេក ដែលមានថវិកាចំនួន ៩១ លានអឺរ៉ូ (១០៣ លានដុល្លារ) គឺជាឧទាហរណ៍មួយទៀត ដែលផ្តោតលើការកែលម្អលទ្ធភាពប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្ម និងការកែលម្អប្រព័ន្ធអេកូឡូស៊ី។
លោក Pellet បានកត់សម្គាល់ថា៖ «គម្រោងទាំងនេះត្រូវបានបង្កើតឡើងមិនត្រឹមតែដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីធានាថា ការអភិវឌ្ឍន៍របស់កម្ពុជាមាននិរន្តរភាព និងធន់នឹងបញ្ហាប្រឈមនាពេលអនាគត»។
លោកបន្ដថា៖ «នេះគឺជាភាពជាដៃគូដែលផ្អែកលើសាមគ្គីភាព និងការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់ពិភពលោកដែលមានសុវត្ថិភាព និងធន់ជាងមុន»។
បច្ចុប្បន្ននេះ និស្សិតកម្ពុជាជាង ២៥០០០ នាក់កំពុងរៀនភាសាបារាំង ដោយវិទ្យាស្ថានបារាំងនៅកម្ពុជាឃើញមានការកើនឡើង ៣០ភាគរយនៃសិស្សចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤។
ប្រទេសបារាំងក៏កំពុងវិនិយោគលើការបណ្តុះបណ្តាលភាសាបារាំងដល់គ្រូបង្រៀនកម្ពុជាផងដែរ ជាមួយនឹងមូលនិធិចំនួន ១ លានអឺរ៉ូ (១,១ លានដុល្លារ) សម្រាប់បុព្វហេតុនេះក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី (ក្រុមប្រទេសនិយាយភាសាបារាំង) នៅឆ្នាំ ២០២៦។
លោក Pellet បានកត់សម្គាល់ថា៖ «អស់រយៈពេល២ឆ្នាំមកហើយ ស្ថានទូតបារាំងប្រចាំកម្ពជាដឹកនាគម្រោងផ្គល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅតាមបណ្តាអនុវិទ្យាល័យ និងវិទ្យាល័យរដ្ឋនៅកម្ពជា ដែលផ្គល់ឱកាសដល់លោកគ្រូ អ្នកគ្រូប្រមណ៣៥០នាក់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង ក៏ដូចជានៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅកម្ពុជា»។
ប្រទេសបារាំងជាតួអង្គសំខាន់ក្នុងការជួសជុលអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗជាយូរមកហើយតាមរយៈការសហការជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ។
ចាប់តាំងពីឆ្នាំ ១៩៩៣ មក ប្រទេសបារាំងបានវិនិយោគជាង ៥៦ លានអឺរ៉ូ (៦៣,៥ លានដុល្លារ) ទៅក្នុងគម្រោងបេតិកភណ្ឌ រួមទាំងការស្ដារឡើងវិញនូវប្រាសាទមេបុណ្យខាងលិច និងការសិក្សាបន្តនៃអគារប្រវត្តិសាស្ត្ររបស់ទីក្រុងភ្នំពេញ។
លោក Pellet ពន្យល់ថា៖ «កិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្តនេះផ្តោតលើការប្តេជ្ញាចិត្តពហុភាគីតាមរយៈការបំពេញមុខងាររបស់ប្រទេសបារាំងអស់រយៈពេល៣០ឆ្នាំមកហើយ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក»។
លោកបន្ដថា ការសម្ភោធពិព័រណ៍បដិមា និងវត្ថុសិល្បៈសំរឹទ្ធខ្មែរកាលពីពេលថ្មីៗនេះ ក្នុងនោះមានបដិមាព្រះវិស្ណុផ្ទំ នៅសារមន្ទីរហ្គីមក្រុងប៉ារីស ដោយសងការជាមួយសារមន្ទីរជាតិភ្នំពេញ ឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។
ប៉ុន្តែវាមិនត្រឹមតែអំពីវប្បធម៌ និងការអភិវឌ្ឍប៉ុណ្ណោះទេ បារាំងក៏ចូលរួមយ៉ាងខ្លាំងក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
រដ្ឋាភិបាលបារាំង តាមរយៈគោលនយោបាយសុខភាពជាសាកលរបស់ខ្លួន និងភាពជាដៃគូក្នុងស្រុក បានផ្តល់ឧបករណ៍ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាជាង ១២០០នាក់ និងផ្តល់មូលនិធិយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដូចជា មេរោគអេដស៍/ជំងឺអេដស៍ ជំងឺរបេង និងគ្រុនចាញ់។
ប្រទេសបារាំងក៏ជាប្រទេសផ្តល់ជំនួយធំទីពីរដល់វិស័យសុខាភិបាលរបស់កម្ពុជាផងដែរ ដោយបានប្តេជ្ញាចិត្តចំនួន ៧ លានដុល្លារសម្រាប់រយៈពេល ២០២៤-២០២៦។
លោក Pellet បានថ្លែងថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសុខភាពរបស់យើង យើងមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសាកល និងដើម្បីធានាថា មនុស្សជំនាន់ក្រោយទទួលបានអត្ថប្រយោជន៍ពីបរិស្ថានដែលមានសុខភាពល្អ និងមាននិរន្តរភាពជាងមុន»។
ទំនាក់ទំនងរវាងបារាំងនិងកម្ពុជាក៏ពង្រីកដល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការហ្វឹកហ្វឺនភាសាបារាំងសម្រាប់យោធាកម្ពុជា រួមជាមួយនឹងការហ្វឹកហ្វឺនការរក្សាសន្តិភាពរួមគ្នា និងការផ្លាស់ប្តូរមន្ត្រី គឺជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីបង្កើនស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ផ្នែកសេដ្ឋកិច្ចនៃទំនាក់ទំនងក៏កំពុងរីកចម្រើនផងដែរ ដោយពាណិជ្ជកម្មទ្វេភាគីរវាងបារាំង និងកម្ពុជា កើនឡើង ៨,៣% ក្នុងឆ្នាំ ២០២៤ ដែលឈានដល់ ១,៤៨ ពាន់លានអឺរ៉ូ (១,៦៨ ពាន់លានដុល្លារ)។
អាជីវកម្មរបស់បារាំង រួមទាំងក្រុមហ៊ុនយក្ស ដូចជា Total, Vinci និង Accor បានបង្កើតវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា បង្កើតការងារ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យដូចជា សំណង់ ថាមពល និងទេសចរណ៍។
លោក Pellet បានសន្និដ្ឋានថា៖ «ភាពជាដៃគូរបស់យើងគឺផ្អែកលើសាមគ្គីភាព និងតម្លៃរួមគ្នា ហើយយើងប្តេជ្ញាក្នុងការកសាងអនាគតមួយប្រកបដោយភាពរុងរឿង និងធន់។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដងដើម្បីពង្រឹងបម្លាស់ប្តូរវោងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែក្កជា ឆ្នាំ២០២៤»៕