កម្មការិនី​ម្នាក់​បាន​ស្លាប់ និង​កម្មករកម្មការិនី ៤១​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ​នៅ​​​ព្រឹក​ថ្ងៃ​ទី៧ ខែឧសភា​នេះ នៅ​លើផ្លូវជាតិលេខ៤៤ ​ស្ថិតនៅ​ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

យោង​តាម​ក្រសួង​ការងារ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​នៅ​វេលាម៉ោង ៦ និង ២០នាទីព្រឹក ដែល​បណ្ដាល​ឲ្យ​មាន​ ជន​រងគ្រោះជា​កម្មករ​ កម្មការិនី​សរុបចំនួន ៤២នាក់ ដែល​ធ្វើ​ដំណើរ​នៅ​លើ​​រថយន្តមួយ​គ្រឿង។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​ ៤២នាក់ មាន​​ស្រី ៣៦នាក់ ដោយក្នុង​នោះ​ស្ត្រី​ ៥នាក់​រង​​របួសធ្ងន់ ខណៈ​ដែល​ ៣៦នាក់ (ស្រី ៣០នាក់) របួស​ស្រាល។

បើ​តាម​ក្រសួង​ការងារ​ដដែល ជនរងគ្រោះ​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

យោង​តាម​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ មុន​ពេល​កើត​ហេតុ រថយន្ត​ដឹក​កម្មករ​ កំពុងធ្វើ​ដំណើរ​ស្រប​ជាមួយ​នឹង​រថយន្ត​គ្រួសារ​ម៉ាក Pickup Ford។ ប៉ុន្តែ ដល់​ចំណុច​កើត​ហេតុ រថយន្ត​ម៉ាក Ford បាន​បត់​ឆ្វេង​ដើម្បី​ឆ្លង​ផ្លូវ ហើយ​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​កើត​ឡើង ហើយ​រថយន្ត​ដឹក​កម្មករ​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​ឈើ បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​កើត​ឡើង។ សមត្ថកិច្ច​កំពុង​ចាត់វិធានការលើ​ករណី​នេះ។

ក្រសួង​ការងារ​បញ្ជាក់​ថា កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម​នៃក្រសួងការងារ​​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារ​បញ្ជាក់​ថា៖ «ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម»៕