ពោធិ៍សាត់ៈ ទិន្នផលត្រីក្នុងខេត្តពោធិ៍សាត់ហក់ឡើងប្រមាណជា២៦ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ​នេះ ក្រោយពីមានការចូលរួមសហការគ្នា រវាងអាជ្ញាធរមូលដ្ឋាន ថ្នាក់ជាតិ សហគមន៍ និង​អង្គការ​ដៃគូរ​ជា​ច្រើន។

នេះជាការលើកឡើងរបស់ អភិបាលរងខេត្តពោធិ៍សាត់ លោកលឹមសុខតូ ប្រាប់ក្រុមប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture នៅ​សហ​គម​ន៍នេ​សាទស្រីចឹក ក្នុងស្រុកកណ្តៀង និងសហគមន៍នេសាទកំពង់ប្រាក់ ក្នុងស្រុកក្រគរ កាលពីសប្តាហ៍​មុន។ ទ​ស្សន​កិច្ចនេះ​ដឹកនាំដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលជា​ផ្នែក​មួយ​នៃ​កា​រប្រា​រ​ព្ឋ​ទិ​វាភ​ព​ផែន​​ដី ដែលមានរយៈពេល៣ថ្ងៃ។

លោកបញ្ជាក់ថា៖«ក្នុងឆ្នាំ២០២០ ទិន្នផលត្រីយើងមានតែ៣៣ម៉ឺនតោន។ ដល់ឆ្នាំ២០២៤ក្រោយ​ពីការចូល​រួម​សហការរវាង ដៃគូរទាំងអស់មានថ្នាក់ជាតិ សហគមន៍ និងអង្គការនេះ គឺទិន្នផលត្រីកើនឡើង ក្នុង​អំឡុង៥​ឆ្នាំដល់២០២៤ កើនឡើងដល់៤២ម៉ឺនតោន។ អ៊ីចឹងយើងមានការកើនឡើងប្រមាណជា២៦ភាគរយ»។

លោកអភិបាលរងខេត្តបានចាត់ទុកការកើនឡើងនេះថាជា«ជ័យជំនះ»មួយយ៉ាងធំធេង ដែលកើតចេញ​ពី​ការ​សហការរួមគ្នាពីគ្រប់ភាគីទាំងអស់ ដែលមិនអាចខ្វះបាន នៅក្នុងការការពារ ធនធាន​ជលផល​ឱ្យមាន​ការ​រីក​ចំរើន និងនិរន្តរភាព។

លោកបានគូសបញ្ជាក់ថា ការល្បាត និងបង្រ្កាបបទល្មើសនេសាទ គឺសំខាន់ខ្លាំងណាស់ ដើម្បីការពារធន​ធានជលផលឱ្យមាននិរន្តរភាពនេះ។ ហេតុនេះ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា តែង​តែយក​ចិត្ត​ទុក​ដាក់ ហើយដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសលើផ្ទៃបឹងទន្លេសាបដោយផ្ទាល់តែម្តង។

លោកខួយ រីដាបានលើកឡើងថា ការទប់ស្កាត់បទល្មើសគឺជាការងាររួម ដែលត្រូវប្រើប្រាស់កម្លាំង និង​ម​ធ្យោ​បាយសរុប។ ប៉ុន្តែការងារនេះមិនអាចមានតែក្រសួងកសិកម្ម, ក្រសួងបរិស្ថាន, អាជ្ញាធរ ឬ​សហគមន៍​តែ​ឯងអាចអនុវត្តបានទៅដោយជោគជ័យនោះទេ បើទោះបីជាមានឆន្ទៈ ក្នុងការអនុវត្ត។

លោកបានលើកឡើងថា ក្នុងឆ្នាំនេះ ប្រមុខរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានកងទ័ពជើងគោក នៃ​ក្រសួង​ការ​ពារ​ជាតិប្រមាណជា១ពាន់នាក់ ចូលរួម នៅក្នុងការទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបផងដែរ។ ដោយបូករួមទៅនឹងការចូលរួមរបស់សហគមន៍ ក្នុងការអនុវត្តតាមច្បាប់ជលផលរបស់ក្រសួងកសិកម្ម បាន​ធ្វើឱ្យបទល្មើសមានការថយចុះជាច្រើន។ នេះបានធ្វើឱ្យទិន្នផលត្រីមានការកើនឡើងវិញយ៉ាងខ្លាំង។

លោកមានប្រសាសន៍ថា៖«ឆ្នាំនេះ យើងគិតទៅ ផលត្រីកើនជាង១ម៉ឺនតោន បើយើង​ប្រៀបធៀប​ការ​ប្រមូល​ផលត្រីជារៀងរាល់ឆ្នាំ។ គឺគ្រាន់តែការបង្រ្កាបរយៈពេលប៉ុន្មានខែនេះ ពូជត្រីយើងកើនឡើងច្រើនមែនទែន។

យើងប្តេជ្ញាចិត្តធ្វើហើយ តែមិនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះទេ បើគ្មានការចូលរួម។ ការ​ផ្លាស់​ប្តូរទម្លាប់ឱ្យពលរដ្ឋយើងស្ម័គ្រចិត្តចូលរួម អនុវត្តតាមគោលការច្បាប់របស់ក្រសួងកសិកម្ម ដែលបានកំ​ណត់​នេះ នឹងធ្វើឱ្យពូជត្រីកើនឡើងកាន់តែច្រើនទៅថ្ងៃមុខ»។

លោកថ្លែងថា គោលបំណងធំ នៃការបង្រ្កាបនេះ មានតែមួយគាត់ គឺដើម្បីឱ្យប្រជាជនកម្ពុជា មានពូជ​ធន​ធាន​​មច្ឆាជាតិតកូនតចៅ ព្រោះពេលបច្ចុប្បន្ននេះ មនុស្សកើនឡើងច្រើន។ ហេតុ​នេះការការ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិត្រូវតែមានសុវត្ថិភាព និងតម្លាភាព។

លោកបញ្ជាក់ដូច្នេះថា៖«កាលណាគោរពច្បាប់ ត្រីមិនខ្វះទេ ពិសេសគឺ​ក្រឡា​មង។​បើក្រឡាមងយើង​ញឹកដូច​ក្រឡាមុង មានន័យថា យើងហូបមួយថ្ងៃ តែប្រើក្រឡាមងយើងតាមកំណត់ដូចក្រសួងកសិកម្ម គឺ​យើង​ហូប​តកូនតចៅ។ អត់បាត់ពូជមច្ឆាជាតិទាំងអស់នោះទេ។ អ៊ីចឹងគោលបំណងទាំងអស់នេះ គឺសម្រាប់​ផលប្រ​យោជន៍​​ប្រជាពលរដ្ឋពីជំនាន់នេះ ទៅដល់ជំនាន់បន្តទៅទៀតនៅតែមានត្រីដដែល»។

ប្រជានេសាទ ក្នុងសហគមន៍នេសាទស្រីចឹក លោកមាំ រក្សា អាយុ៣៣ឆ្នាំ បានលើកឡើងថា ឧបសគ្គ​ចំបង​បំផុត​ក្នុងការអភិរក្សធនធានជលផល គឺការនេសាទខុសច្បាប់ក្នុងទ្រង់ទ្រាយធំ ដែលប្រព្រឹត្តដោយ អ្នកមក​ពី​ខាងក្រៅ។ ទោះយ៉ាងណា លោកបានសង្កេតឃើញ​ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ទិន្នផល​ត្រី​របស់​ពួកគាត់មានការកើនឡើង ដែលមួយផ្នែកមកពីការបិទការនេសាទក្នុងទ្រង់ទ្រាយធំទាំងនោះ។

លោកបានឱ្យដឹងថា នៅឆ្នាំនេះ លោករកប្រាក់ចំណូលបានពី៣ ទៅ៤ម៉ឺនក្នុង១​ថ្ងៃពីការ​នេសាទនៅ​ក្នុង​រដូវ​ប្រាំងនេះ ហើយនៅក្នុងរដូវវស្សា លោកអាចរកចំណូលបាន១០ ទៅ២០ម៉ឺនរៀលឯនោះ។ ប៉ុន្តែ​កាល​ពីប៉ុន្មាន​ឆ្នាំមុន លោក​រកបានតែពី១ ទៅ ២ម៉ឺនប៉ុណ្ណោះក្នុង១ថ្ងៃ ក្នុងរដូវប្រាំង។

លោកនិយាយថា៖«ខ្ញុំនេសាទបានច្រើនជាងរាល់ឆ្នាំ ឆ្នាំនេះ ដោយសារតែគេបិទ​ការនេ​សាទធំៗ​ខុស​ច្បាប់​ជា​ច្រើន​ ដូចជាការអូសអួនធំៗ។ អ្នកនេសាទធំៗនោះ មកពីខាងក្រៅ មិនមែនអ្នកនៅខាងក្នុងនោះទេ»។

លោកបានអះអាងថា ក្នុងចំណោមអ្នកប្រព្រឹត្តបទល្មើសក្នុងទ្រង់ទ្រាយធំទាំងនោះ ក៏មានជន​ជាតិ​វៀត​ណាម​ផងដែរ។

មន្រ្តីរដ្ឋបាលជលផល និងកម្លាំងយោធាចុះបង្រ្កាបបទល្មើសនេសាទ ក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលកន្លងមក ដែលធ្វើឱ្យទិន្នផលត្រីមានការកើនឡើង។ រូបថត រដ្ឋបាលខេត្តពោធិ៍សាត់

នៅក្នុងការបង្រ្កាបបទល្មើសនេសាទក្នុងត្រីមាស១ឆ្នាំ២០២៥នេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤៧៨នាក់ក្នុងនោះមានជនជាតិវៀតណាម៤៧នាក់។នេះបើយោងតាមគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោក។

បន្ថែមពីនោះ ឡុកចំនួន៧២២៥គ្រឿង, ស្បៃមុងគ្រប់ប្រភេទជាង២លានម៉ែត្រ, ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន១១៩៤ក្បាល,ឡុកនិងអ៊ុយចំនួន៧៤០៦មាត់/លបនិងបង្គោលចម្រឹងជាងកន្លះលានដើមក៏ត្រូវបានបំផ្លាញផងដែរ។

ប្រជាពលរដ្ឋចំនួន១ ១៨៧នាក់ត្រូវបានអប់រំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់និងបានធ្វើកិច្ច សន្យាជាមួយប្រជានេសាទចំនួន៤៤១នាក់ដែលមានទូកចំនួន៩៨គ្រឿង។

ប្រជានេសាទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន​នូវ​ឧបករណ៍នេសាទមួយ​ចំនួន។ ក្នុង​នោះរួម​មាន​​របាំងលបរ៉ាវប្រវែង២៥០ម៉ែតក្រឡា០,០៣ម៉ែត្រ, កាណូតអូសឬរុញលៀស​ដោយម៉ាស៊ីនកម្លាំង​១៨សេះ​ក្រឡាឈ្នាង០,០៣ម៉ែត្រនិងម៉ាស៊ីនរែងលៀសកំលាំង៦សេះហើយករណីមងរាយក្រឡា០,០២ម៉ែត្រប្រវែង២០០ម៉ែត្រ។ចុងក្រោយគឺមងអូសដោយដៃមានក្រឡា០,០១៥ម៉ែត្រប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។

ការអនុញ្ញាតនេះគ្រាន់តែជាការសាកល្បងក្នុងអន្តរកាលនេះប៉ុណ្ណោះក្នុងអំឡុងពេល​រង់ចាំ​ច្បាប់ថ្មីស្តីពី​ជល​ផល​ចូលជាធរមាន និងដាក់ឱ្យអនុវត្តជាផ្លូវការនាពេលខាងមុខនេះ៕