ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​កម្ពុជាបាន​សេចក្តីប្រកាស​ព័ត៌មាន​​​ដល់សាធារណជន​ឱ្យ​បាន​ដឹង​អំពី​បញ្ហា​គ្រោះថ្នាក់​នៃ​ជំងឺ​អង់​ត្រាក់​ និង​ការពារ​ខ្លួន​ពី​ការឆ្លង​បាក់តេរី​អង់​ត្រាក់ (Bacillus Anthracis) ដោយ​សារ​នាពេល​​ថ្មីៗ​នេះ​មានការ​ផ្ទុះឡើង​នៅ​ប្រទេសជិតខាង ​និង​បណ្តា​ប្រទេស​មួយចំនួន។

ជំងឺ​អង់​ត្រាក់ ឬ​ហៅថា​ពិសធ្យូង​ ដែល​កើត​​លើ​មនុស្ស ឬ​​វជំងឺ​អង់​ត្រាក់ ឬ​ជំងឺ​ឈាមខ្មៅ ​​ពេល​វា​កើត​លើ​​សត្វ បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​បង្កើត​ស្ទ័​រ (spore-forming bacillus anthracis)​។

យោងតាម​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹងថា​៖ «​ជំងឺ​អង់​ត្រាក់ ​ឬ​ពិសធ្យូង ជា​ជំងឺ​ដ៏​កម្រ ប៉ុន្តែ​ធ្ងន់ធ្ងរ ដែល​អាច​កើតមាន​ឡើងជា​ចម្បង​លើ​សត្វពាហនៈ និង​សត្វព្រៃ​។ ​លក្ខណ​:​ពិសេស​នៃ​មេរោគ​អង់​ត្រាក់ គឺអាច​រស់នៅ​ដោយ​ស្រួល ក្រោម​រូប ភាពជា​គ្រាប់​ស្ទ័​រ ក្នុង​បរិយាកាស​ខាងក្រៅ»​។

ស្ទ័រ​របស់​បាក់តេរី​អង់​ត្រាក់ ធន់​នឹង​ធាតុអាកាស​ខាងក្រៅ​បាន អាច​សម្ងំដល់​រាប់​ឆ្នាំ (៣០-៤០ ឆ្នាំ​) នៅក្នុង​ដី សាកសព​សត្វ និង​លាមក​សត្វ​។

សត្វ​ស៊ី​ស្មៅ រួម​មាន គោ ក្របី ចៀម ពពែ សេះ អាច​ឆ្លង​មេរោគ​នេះ ចូលក្នុង​ខ្លួន បន្ទាប់មក​គ្រាប់​ស្ទ័​រ​ក្លាយជា​មេរោគ​មាន​ចលនា ហើយ​បញ្ចេញ​ពិស​របស់​វា ដែលមាន​គ្រោះថ្នាក់​ដល់​សុខភាព​។

ក្រសួង​បាន​បន្ដថា​៖ «​មនុស្ស​អាច​ឆ្លង​មេរោគ​អង់​ត្រាក់ តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​សត្វ​ឈឺ (​ស្បែក​មុត​ដាច់​ជា​ច្រកចូល​នៃ​មេរោគ​) ​​ការដក​ដង្ហើមចូល​នូវ​ធូលី ដែលមាន​ស្ទ័​រ​មេរោគ​អង់​ត្រាក់​ ​ការបរិភោគ​សាច់​មាន​មេរោគ​អង់​ត្រាក់​ ការ​​ប្រើ​ម្ជុល​សឺ​រ៉ាំ​ង​រួមគ្នា​ជាមួយ​អ្នកមាន​ជំងឺ​អង់​ត្រាក់​»។

មេរោគ​អង់​ត្រាក់​មិនមាន​ភ័ស្តុតាង​ឆ្លង​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស​នោះទេ ប៉ុន្តែ​ដំបៅ​ស្បែក​លើ​អ្នកជំងឺ អង់​ត្រាក់​អាច​ឆ្លង​ខ្លាំង​។

ជំងឺ​នេះ​បង្ហាញ​រោគសញ្ញា​​ ៣ សណ្ឋាន​៖ ស្បែក ក្រពះ​ពោះវៀន និង​ផ្លូវដង្ហើម ដែល​នីមួយៗ​មាន​រោគសញ្ញា​ផ្សេងៗ​គ្នា​ដែលរយៈពេល​បង្ក​រោគ​មានចន្លោះ​ពី​១ ទៅ៧​ថ្ងៃ​។

ក្រសួង​បាន​ពន្យល់ថា​៖ «​ក្នុងករណី​មានការ​ឆ្លង​មេរោគ​លើ​ស្បែក យើង​ជាធម្មតា​ឃើញ​មាន​កន្ទួល​ក្រហម រមាស់ ដែល​វិ​វត្ត​ទៅជា​ដំបៅ​ខ្មៅ​»។

ក្រសួងបានបញ្ជាក់ថា​៖ «​រោគសញ្ញា​ក្រពះ​ពោះវៀន​ប្រហាក់ប្រហែល​នឹង​ការពុល​អាហារ ប៉ុន្តែ​អាច​កើន​ឡើងដល់​ស្ថានភាព​ធ្ងន់ធ្ងរ រួមទាំង​ក្អួត​ឈាម និង​រាគឈាម​។ ការឆ្លង​មេរោគ​ផ្លូវដង្ហើម ទោះបីជា​កម្រ​​​ក៏ដោយ វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត​បាន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​រោគសញ្ញា ​ដូចជា ​គ្រុនក្តៅ ពិបាក​ដកដង្ហើម និង​កក​ឈាម​ក្នុង​បេះដូង​»​។

វិធានការបង្ការក៏រួមបញ្ចូលផងដែរនូវការកប់​ ឬ​ដុត​សត្វងាប់​ ដើម្បីការពារការចម្លងរោគបន្ថែមទៀត។ ក្រសួងបាន​ឱ្យ​ដឹងថា ជំងឺ​អង់​ត្រាក់​មាន​ឱសថ​សម្រាប់​ព្យាបាល និង​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​។

ប្រសិនបើអ្នកសង្ស័យថាអ្នក ឬនរណាម្នាក់ផ្សេងទៀតអាចឆ្លងមេរោគ ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​សង្ស័យ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ដើម្បី​ទទួល​ការព្យាបាល​ឱ្យទាន់​ពេលវេលា ឬ​ទំនាក់ ទំនង​មក​លេខ ១១៥។

ក្រសួងសុខាភិបាល​នឹង​បន្តធ្វើ​ការជូនដំណឹង អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​សាធារណៈ តាម​បណ្តាញ​​សង្គម​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង គេហទំព័រ www.cdcmoh.gov.kh​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥតគិតថ្លៃ​៕