
លោក ហ៊ុន សែន និងមេដឹកនាំទីម័រឡេស្តេ ធ្វើដំណើររួមគ្នាលើរថយន្តបើកបរដោយប្រធានាធិបតីទីម័រឡេស្តេ ចូហ្សេ រ៉ាមូស អរតា នៅថ្ងៃទី៧ ខែឧសភា ២០២៥។ Kay Rala Xanana Gusmão
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទីម័រឡេស្តេ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអ៊ឹកធឹកពីសំណាក់មេដឹកនាំទីម័រឡេស្តេ ដោយមេដឹកនាំប្រទេសនេះបានបើកបរឡានទៅទទួលផ្ទាល់ ហើយក៏នឹងផ្ដល់គ្រឿងឥស្សរិយយសដល់លោកផងដែរ។
នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី លោក ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតី ចូហ្សេ រ៉ាមូស អរតា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដោយលោក អរតា បានបើករថយន្តដោយផ្ទាល់ ជូនដំណើរលោក ហ៊ុន សែន ពីអាកាសយានដ្ឋាន រហូតដល់សណ្ឋាគារដែលលោកស្នាក់នៅ។
លោក អរតា បានសរសេរនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា៖ «ហ៊ុន សែន មិត្តល្អ មិត្តជិតស្និទ្ធបំផុត មកលេងយើង។ អ្នករំដោះ និងជាស្ថាបនិកនៃកម្ពុជាសម័យទំនើប។ ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចេញពីអំពើប្រល័យពូជសាសន៍ ទៅកាន់សន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកឡានឱ្យគាត់កាលពីម្សិលមិញ»។
ក្រៅពីមានរបៀបវារៈជួបជាមួយមេដឹកនាំរដ្ឋាភិបាល និង សភានៃប្រទេសទីម័រឡេស្តេ លោក ហ៊ុន សែន ក៏នឹងទទួលបានការផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។
លោកក៏នឹងថ្លែងសុន្ទរកថា និងធ្វើបាឋកថាក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ លើប្រធានបទ «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព»។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន លើកឡើងថា ការទទួលបដិសណ្ឋារកិច្ចដ៏អធិកអធមនេះ គឺជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់លោ ហ៊ុន សែន ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេស ការជំរុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ប្រទេសទីម័រឡេស្តេ ទទួលបានសមាជិកឃ្លាំមើលនៃសមាគមអាស៊ាន នៅឆ្នាំ២០២២ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្ដូរវេននៃសមាគមប្រជាជាតិមានប្រទេស១០ នេះ។ នៅឆ្នាំ២០២៥នេះ ប្រទេសនេះជិតចូលជាសមាជិកអាស៊ានផ្លូវការហើយ ដោយបានបំពេញលក្ខខណ្ឌភាគច្រើន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្ពុជាបានគាំទ្រនិងទទួលស្គាល់ទីម័រឡេស្តេជារដ្ឋឯករាជ្យ ហើយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ កម្ពុជាតែងតែគាំទ្រប្រទេសនេះក្នុងការចូលជាសមាជិកអាស៊ាន។ លោកថា ដោយសារតែកម្ពុជាជាកូនពៅក្នុងសមាគមនេះ កម្ពុជាយល់ពីសារៈសំខាន់នៃការធ្វើសមាហរណកម្មតំបន់របស់ទីម័រឡេស្តេ។ ហេតុដូច្នេះហើយ ទីម័រឡេស្តេតែងស្វាគមន៍កម្ពុជា និងផ្ដល់តម្លៃខ្ពស់ដល់ការគាំទ្ររបស់កម្ពុជា។
សម្រាប់ការទទួលស្វាគមន៍ លោក ហ៊ុន សែន ពីសំណាក់មេដឹកនាំទីម័រឡេស្តេ វិញ លោក គិន ភា លើកឡើងថា លោក ហ៊ុន សែន តែងតែគាំទ្រ និងជួយធ្វើយ៉ាងណាដើម្បីឲ្យទីម័រឡេស្តេបំពេញតាមលក្ខខណ្ឌកំណត់របស់ធម្មនុញ្ញអាស៊ាន ដើម្បីក្លាយជាសមាជិកទី១១។

លោកបន្តថា៖ «ការថ្លែងសារចុងក្រោយរបស់សម្ដេច ហ៊ុន សែន នៅក្នុងសប្ដាហ៍នេះបានបញ្ជាក់ថា ការចូលរួមរបស់ប្រទេសទីម័រឡេស្តេជាមួយអាស៊ាន មិនមែនជាបន្ទុករបស់អាស៊ានទេ ក៏ប៉ុន្តែនឹងធ្វើអាស៊ានកាន់តែរឹងមាំ ហើយដំណើរការសមាហរណកម្មតំបន់កាន់តែគ្រប់ជ្រុងជ្រោយ។ ដូច្នេះកាយវិការរបស់មេដឹកនាំទីម័រឡស្តេ គឺជាការគោរព និងដឹងគុណចំពោះកម្ពុជា និងសម្ដេច ហ៊ុន សែន ចំពោះទីម័រឡេស្តេ»៕