ភ្នំពេញ៖ ភ្លេង​ឆៃយ៉ាំ​បន្លឺឡើង​ស្របពេល​សំឡេង​ឃោសនៈស័ព្ទ​បន្ទរ​ពី​ការ​អបអរ​យុវសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យប៊ុនរ៉ានី​ហ៊ុនសែន​ព្រៃពោន ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ស្វាគមន៍​ម្ចាស់​ជ័យ​លាភី​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​ ឆ្នាំ​២០២៥​។

ក្បួន​ដង្ហែ​អបអរ​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ត្រូវបាន​ធ្វើឡើង​ដោយ​ចាក​ចេញពី​វិទ្យាល័យ​របស់សិស្ស ចាន់ សុវណ្ណរាជ កាត់តាម​ភូមិឋាន​ ដែល​ទទួល​បាន​ការ​កោត​សរសើរ​ និង​កោត​ស្ញប់​ស្ញែង​ចំពោះ​ការ​ដណ្ដើម​យក​ជ័យ​លាភី​មួយ​នេះ​។

យុវសិស្ស ចាន់ សុវណ្ណរាជ បាន​និយាយថា ការ​ខិតខំប្រឹងប្រែង​គឺជា​អាវុធ​ដែល​នាំ​ឱ្យ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ប្រជែង​យក​តំណែង​លេខ​១ លើ​វិញ្ញាសារ​គណិតវិទ្យា​ទូទាំង​ប្រទេស​។

ដោយ​ប្រឹង​ប្រែងលើ​មុខវិជ្ជា​ស្នូល​នេះ​តាំងពី​កម្រិត​ថ្នាក់ទី៧ និង​រៀន​ត្រៀម​សម្រាប់​ប្រឡង​សិស្សពូកែ​តាំងពី​ថ្នាក់ទី១០ សុវណ្ណរាជ បាន​បែង​ចែក​ពេលវេលា​សិក្សា​រវាង​មុខវិជ្ជា​ទូទៅ​សម្រាប់​ប្រឡង​សញ្ញាបត្រ​យុតិយ​ភូមិ និង​សិស្ស​ពូកែ​គណិតវិទ្យា​។

យុវជន សុវណ្ណរាជ បាន​ឱ្យ​ដឹងថា​៖ «​នៅពេល​ល្ងាច ខ្ញុំ​រៀន​ពី​ម៉ោង​៧ រហូត​ដល់​ម៉ោង ១១​យប់ ហើយ​ពេលព្រឹក ខ្ញុំ​ក្រោក​ឡើង​រៀនបន្ដ​ទៀត​ពីម៉ោង​ ៤ ដល់ម៉ោង ៦​។

សិស្ស​ថ្នាក់​ទី១២​រូបនេះ បាន​បន្ដថា សុវណ្ណរាជ រៀន​គួរ​បន្ថែមលើ​មុខ​វិជ្ជា​គណិតវិទ្យា និង​មុខ​វិជ្ជា​ដទៃ​ទៀត​។

យុវសិស្ស​​គ្រង​លាភី​ ​​សុវណ្ណរាជ ទទួល​បាន​ការ​រៀបចំកម្មវិធី​អបអរ​យ៉ាង​ពិសេស​ជាមួយ​ការ​ដង្ហែ​តាម​ក្បួន​រថយន្ដ និង​ម៉ូតូ​តាម​ដងផ្លូវ ដោយ​មាន​ការ​សាទរ​ពី​សំណាក់​អ្នក​ស្រុក​តាម​ដង​ផ្លូវ​។

​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា ប្រគល់​ពាន​រង្វាន់​​​ជ័យលាភី​ទាំង ៣០នាក់​ ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ កាល​ពីថ្ងៃ៣០ ខែមេសា​។ រូបថត សហការី​

ក្នុងពិធី​ប្រគល់​ពានរង្វាន់​បេក្ខជន​ទាំងអស់ និង​ជ័យលាភី​ទាំង ៣០នាក់​ ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី ១២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ថ្លែង​ថា ​ជា​រៀងរាល់ឆ្នាំ ក្រសួង​ក៏បាន​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ជា​ឱកាស​លើកទឹកចិត្ត​សម្រាប់​សិស្ស​ឆ្នើម​បញ្ចេញ​សមត្ថភាព។

លោកបន្ដថា​៖ «វា​និង​ជា​ឱកាស​សម្រាប់​ក្រសួង​ពិនិត្យមើល​អំពី​អាទិភាព និង​អន្តរាគមន៍​ចាំបាច់​នានា​ដើម្បី​ថែទាំ បំពាក់បំប៉ន និង​គាំទ្រ​ដល់​ក្មួយៗ​សិស្ស​ពូកែ ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង​ថែមទៀត»​។​

សុវណ្ណរាជ បាន​សរសេរ​នៅលើ​បណ្ដាញសង្គម​ថា​៖ «​​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ដែល​ប្រកាស​ទទួលស្គាល់​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំងប្រទេស ជា​លទ្ធផល​ខ្ញុំ​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​គណិតវិទ្យា​ថ្នាក់​ទី​១២​ចំណាត់ថ្នាក់​លេខ​១​ជា​លទ្ធផល​ដែល​ខ្ញុំ​ពុំ​អាច​នឹង​រំពឹងទុក​ទេ​»។

យុវសិស្សរូប​នេះ បាន​ថ្លែងអំណគុណ​ជាពិសេស​ដល់​គ្រូបង្រៀន​ ៣ នាក់​ក្រៅពី​ឪពុកម្ដាយ ដែល​ចិញ្ចឹម​បីបដាច់ និង​តែងតែ​លើក​ទឹកចិត្ដ​រូប​គេ​រៀង​រហូត​មក។

សុវណ្ណរាជ បាន​សរសេរ​ថា​ លោកគ្រូ ចាន់ សារី ​​ជា​លោកគ្រូ​ដំបូង​គេ​ដែល​ជួយ​បង្រៀន​គណិតវិទ្យា​ខ្លួន​ លោក​គ្រូ ហ៊ឹម បុត្រា ​​បាន​បង្រៀន​គណិត​វិទ្យា ​និង​បំប៉ន​​​តាំងពី​ថ្នាក់​សាលា​រហូតដល់​ថ្នាក់ជាតិ ខណៈ​លោកគ្រូ អ៊ឹម ​ឈុន​ហោ ​បាន​ជួយ​បំប៉ន​ត្រៀមប្រឡង​ថ្នាក់ជាតិ​។

ពាក្យ​ពេចន៍​ផ្ដាំផ្ញើ​ដ៏​សាមញ្ញ​ តែមិន​ងាយ​អនុវត្ដ​សម្រាប់​មនុស្ស​ទូទៅ យុវសិស្ស​មកពី​ខេត្ដ​ព្រៃវែង​រូបនេះ បាន​បញ្ជាក់​ថា សិស្សានុសិស្ស​ត្រូវ​ខិតខំព្យាយាម​ប្រឹងប្រែង តស៊ូរៀនសូត្រ​ កុំបោះបង់​ចោល​នូវ​ក្ដី​ស្រមៃ​ចង់ក្លាយជា​ម្ចាស់​ជ័យ​លាភី​ទូទាំង​ប្រទេ​ស។

ការប្តេជ្ញាចិត្ត​ដើរតួជាការបំផុសគំនិតដល់សិស្សានុសិស្ស​ដទៃ ដោយបង្ហាញថា ជាមួយនឹងការផ្តោត​អារម្មណ៍ និងការខិតខំប្រឹងប្រែង ភាពជោគជ័យស្ថិត​នៅ​មិន​ឆ្ងាយ​ពីដៃ​។

កត្តាសំខាន់មួយក្នុងភាពជោគជ័យរបស់ សុវណ្ណរាជ គឺការណែនាំពីគ្រូគណិតវិទ្យា​ គឺលោក អ៊ឹម ឈុនហោ ដែលបានបង្រៀនតាមប្រព័ន្ធអនឡាញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក អ៊ឹម ឈុនហោ ជាគ្រូបង្រៀន​គណិតវិទ្យា បាន​និយាយថា៖ «ខ្ញុំ​បង្រៀន​ពួកគាត់​តាម​រយៈ​អនឡាញ​ដោយសារ​យើង​នៅ​ឆ្ងាយ​ពី​គ្នា​។ ខ្ញុំ​នៅ​ខេត្ដ​តាកែវ គាត់​នៅ​ព្រៃវែង នៅកំពង់ចាម នៅ​បាត់ដំបង និងតាកែវ ដែល​ឆ្ងាយ​ពីគ្នា​»។

លោកគ្រូ បាន​ឱ្យ​ដឹងថា យុវសិស្ស សុវណ្ណរាជ បាន​រៀនគួរ​តាម​អនឡាញ​ជាមួយ​លោក​ត្រឹម​រយៈ​ពេល ៣​ខែចុងក្រោយ​​ ដោយ​មាន​សិស្ស​ត្រៀម​ប្រឡង​កម្រិត​ទូទាំង​ប្រទេស​មាន​ចំនួន៨​នាក់ និង​បាន​ជាប់​លេខ ៤​នាក់​។

លោក ឈុនហោ បាន​រំឭកថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​គួរ​គណិត​វិទ្យា​តាម​អនឡាញ​២-៣​ឆ្នាំ​ដែរហើយ​។ ឆ្នាំ​ទៅ សិស្ស​របស់​ខ្ញុំ​ប្រឡង​ជាប់​៣នាក់ ក្នុងកម្រិតទូទាំង​ប្រទេស​​លេខ២ លេខ៣ និង​លេខ៤»។

លោកគ្រូគណិតវិទ្យា​ដែល​និយាយ​ដាក់​ខ្លួន​រូប​នេះ បាន​ឱ្យ​ដឹងថា លោក​មិន​មែន​ជា​គ្រូ​ពូកែ​នោះទេ​ គ្រាន់តែ​ជួយ​តម្រង់​ផ្លូវ​ ប្រាប់​ពីវិធីរៀន ប្រាប់​ពី​ឯកសារវិញ្ញាសារ។ សិស្សានុសិស្ស​ទាំង​នោះ​ជា​បុគ្គល​រៀន​ពូកែ​ស្រាប់ ខួរក្បាល​ល្អ​ ដោយ​លោក​គ្រាន់តែ​ជា​ទីប្រឹក្សា​ម្នាក់​ប៉ុណ្ណោះ​។

លោក ឈុនហោ បាន​ពន្យល់ថា ការ​បង្រៀ​នតាម​អនឡាញ​ដែល​គ្រូ និង​សិស្ស​ស្ថិត​នៅ​ទីតាំង​ឆ្ងាយ​ពីគ្នា តែ​បង្កើត​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​សិស្ស​របស់លោក​មាន​គុណភាព​ គឺដោយសារតែ​ការ​យកចិត្ដ​ទុក​ដាក់របស់​សិស្ស​ផ្ទាល់​ ទោះមិន​អង្គុយ​ជុំ​គ្នា​ក៏ដោយ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​សម័យ​មុន សិស្ស​រៀន​បាន​តែ​ជាមួយ​គ្រូ​ផ្ទាល់​ខ្លួន​ និង​គ្រូ​នៅ​ជិត​ៗ​ទេ​។ ទោះបីដឹងថា គ្រូណាពូកែ គ្រូ​ណា​ល្អ ក៏គាត់​មិន​អាច​មក​រៀន​ជាមួយ​បាន​ដែរ។ ប៉ុន្ដែឥឡូវ សង្គម​ជឿលឿន គាត់​ស្វះស្វែងរក​គ្រូ​ដែលគាត់​ទុក​ចិត្ដ គាត់​ផ្ដល់​ទំនុក​ចិត្ដ​ អាច​ផ្ដល់​ចំណេះដឹង​ដល់​គាត់ អាច​តម្រង់​ផ្លូវ​ដល់​គាត់​ ឆាប់​ដល់​គោល​ដៅ​»។

លោកគ្រូបាន​អះអាងថា ការរៀន និងបង្រៀន​តាម​អនឡាញ​មិនមាន​ជា​បញ្ហា​ចោទ​នោះទេ។ ប៉ុន្ដែការ​បង្រៀន​នេះបង្ក​លក្ខណៈ​ងា​យស្រួលក្នុងការ​ផ្ដល់​ឯកសារ​មុន​ ដូចជា លំហាត់​ធរមាត្រ​ ​ជាង​ការ​បង្រៀន​ផ្ទាល់​។

យ៉ាងណាមិញ គ្រូ​គណិតវិទ្យា​រូប​នេះ​បាន​បង្រៀន​សិស្ស​ត្រៀម​ប្រឡង​កម្រិត​ថ្នាក់​ស្រុក ថ្នាក់​ខេត្ដ និង​ទូទាំង​ប្រទេស។ នៅពេល​បេក្ខជន​ប្រឡងជាប់​ខេត្ដ​ លោក​បន្ដ​បង្រៀន​ត្រៀម​ថ្នាក់​ទូទាំង​ប្រទេស​ ដោយ​​ឆ្នាំ​២០២៣ ​​សិស្សរបស់​លោក​​ជាប់គណិត​វិទ្យា​ទូទាំង​ប្រទេស​​ចំនួន ៥នាក់ ឆ្នាំ​២០២៤ មាន​សិស្ស​ជាប់​ចំនួន ៣នាក់ និង​ឆ្នាំ​២០២៥ មាន​សិស្សជាប់ ៤នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​សិស្ស​ជាប់​កម្រិត​ថ្នាក់​ទូទាំងប្រទេស​ក្នុង​ចំនួន​ច្រើន​នេះ មិន​មែន​មកពី​កត្ដា​ខ្ញុំ​ទាំង​ស្រុង​នោះទេ។ ខ្ញុំ​គ្រាន់តែ​ជួយ​បំពេញ​បន្ថែម​ឱ្យ​ពួកគាត់​។ ខ្ញុំ​មិន​មែនជា​គ្រូ​ពូកែ​ទេ គ្រាន់តែ​មាន​និស្ស័យ​ចូល​ចិត្ដ​ខាង​ហ្នឹង​ ចូលចិត្ដ​សិស្ស​ពូកែ​»។​

ចំពោះ​ការ​បង្រៀន​ត្រៀម​ប្រឡង​ឆ្នាំ​២០២៤ លោកគ្រូ ឈុនហោ បាន​បង្ហាត់​សិស្ស​ថ្នាក់ទី​១២​ ចំនួន ៣ ក្រុម ដោយ​មាន​ម៉ោង​១២​-១ថ្ងៃត្រង់ ម៉ោង​៨-៩ និងម៉ោង​ ៩-១០។

ដោយ​ផ្ដើមពីការ​សរសេរ​សៀវភៅ​គណិតវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ​ត្រៀម​ប្រឡង​បាក់ឌុប លោកគ្រូ ឈុនហរ ត្រូវបាន​ស្គាល់​ និងប្រកាស​បើកបង្រៀន​តាម​អនឡាញ​ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​សិស្ស​ពូកែ​​​ពី​ចុង​ឆ្នាំ​២០២២​។

លើសពីនេះ កាលពី​ឆ្នាំ​២០២៣ លោក​ក៏បាន​ជាប់ជា​គ្រូ​បង្រៀន​ល្អ​ប្រចាំ​ប្រទេស​ចំណាត់ថ្នាក់​លេខ ២ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន អង្គរប្រិយ៍ ស្រុក​សំរោង ខេត្ដ​តាកែវ​។

ទាំងយុវជន​ សុវណ្ណរាជ និងលោក​ ឈុនហោ​ ជាឧទាហរណ៍ពីកម្លាំងនៃការខិតខំប្រឹងប្រែង ការលះបង់ និងសក្តានុពលនៃការរៀនតាមអ៊ីនធឺណិត ដើម្បីបង្កើតឱកាសជោគជ័យ៕